COVID-19
ជាតិ
សម្ដេច ទៀ បាញ់៖ ចិន នឹងផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣០ម៉ឺនដូសមកកម្ពុជា នៅខែកុម្ភៈ
× ភ្នំពេញ៖ ចិន នឹងផ្ដល់វ៉ាក់សាំងកូវីដ-១៩ ចំនួន៣០ម៉ឺនដូសមកកម្ពុជាសិន នៅក្នុងខែកុម្ភៈខាងមុខ។ សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្លែងបែបនេះ នៅក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិរៀបចំការកីឡាអាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ២០២៣។
សម្ដេច ទៀ បាញ់ ដែលទទួលភារកិច្ចទំនាក់ទំនងជាមួយភាគីចិន បានបញ្ជាក់ថា ចិនបានយល់ព្រមប្រគល់វ៉ាក់សាំងមកកម្ពុជានៅខែក្រោយ ដើម្បីយកប្រើប្រាស់ចាក់ការពារពលរដ្ឋ។ ប៉ុន្តែវ៉ាក់សាំងដែលចិនផ្ដល់ឱ្យកម្ពុជានៅខែកុម្ភៈនោះ គឺមិនគ្រប់ចំនួន១លានដូសឡើយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការកីឡាអាស៊ីអាគ្នេយ៍រូបនេះ បានថ្លែងកាលពីថ្ងៃទី ១៨ មករា ដូច្នេះថា៖«ចិននឹងផ្ដល់(វ៉ាក់សាំងកូវីដ-១៩) ឱ្យយើងជារួម១លានដូស ប៉ុន្តែ១លានដូស គឺចិនមិនទាន់អាចផ្ដល់យើងទាំងអស់ទេ គឺខែក្រោយ(កុម្ភៈ)នេះចិនផ្ដល់ឱ្យយើង ៣សែនដូស ឬ៣០ម៉ឺនដូស បានន័យថាវាក៏គួរសមដែរ»។
ជុំវិញករណីវ៉ាក់សាំងកូវីដ-១៩នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្កើតគណៈកម្មការត្រួតពិនិត្យ និងតាមដានវាយតម្លៃ ដើម្បីស្នើសុំទិញពីប្រទេសផលិតបានដែរ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាល ក៏កំពុងរៀបចំសំណើទៅរុស្ស៊ី និងឥណ្ឌា ដើម្បីស្នើសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ទៀតផង។ នេះបើតាមសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ។
កាលពីយប់ថ្ងៃទី១៥ ខែមករា សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ចិន នឹងផ្ដល់វ៉ាក់សាំង១លានដូស របស់ក្រុមហ៊ុន Sinopharm តាមរយៈក្រសួងការពារជាតិចិនមកឲ្យក្រសួងការពារជាតិកម្ពុជា។ បើតាមសារសំឡេងរបស់នាយករដ្ឋមន្ត្រីកម្ពុជា វ៉ាកសាំងនេះ នឹងត្រូវចាក់លើមនុស្ស៥០ម៉ឺននាក់ រួមមានអ្នកនៅជុំវិញព្រះមហាក្សត្រ ប្រធានរដ្ឋសភា និងព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រី បូករួមទាំងអ្នកនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចជាគ្រូពេទ្យជាដើម។
កន្លងមកសម្ដេច ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងទិញវ៉ាក់សាំង ដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ជាផ្លូវការ។ ប៉ុន្តែពេលនេះ សម្ដេចសម្រេចយល់ព្រមទទួលយកវ៉ាក់សាំងពីចិន ដែលអង្គការសុខភាពពិភពលោក មិនទាន់សម្រេចចុះក្នុងបញ្ជីទៅវិញ។ មូលហេតុដែលសម្ដេច ហ៊ុន សែន យល់ព្រមទទួលយកវ៉ាក់សាំងពីចិននេះ ក្រោមហេតុផលថា ការការពារសុខភាពប្រជាជន ជាអាទិភាពខ្ពស់ ដោយកម្ពុជាមិនអាចរង់ចាំបានទៀតទេ។
ដោយឡែកសម្ដេច ហ៊ុន សែន ក៏បានស្នើផ្ទាល់មាត់តាមរយៈឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្ត្រីឥណ្ឌាប្រចាំកម្ពុជាលោកស្រី Narendra Damodardas Modi ដើម្បីសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ផងដែរ។
បច្ចុប្បន្ននេះ មានតែវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer មួយប៉ុណ្ណោះដែលត្រូវបាន WHO ដាក់ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ ដែលអនុញ្ញាតឲ្យប្រទេសដែលមិនមានសមត្ថភាព ឬមានសមត្ថភាពខ្សោយក្នុងការវាយតម្លៃប្រសិទ្ធភាពវ៉ាក់សាំង អាចពន្លឿនការផ្ដល់វ៉ាក់សាំងបាន។
គិតត្រឹមថ្ងៃទី១៩មករា កម្ពុជា មានអ្នកឆ្លងកូវីដ-១៩ ចំនួន៤៤១នាក់។ ក្នុងនោះមាន៣៨៦នាក់ បានជាសះស្បើយ និង៥៥នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ និងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com