COVID-19
ជាតិ
សុខភាព
កុមារ​ឥណ្ឌូណេស៊ី​អាយុ​១​ឆ្នាំ​ម្នាក់ និង ពលករ​ខ្មែរ​ម្នាក់​មកពី​ថៃ ឆ្លង​COVID-19
19, Jan 2021 , 9:47 am        
រូបភាព
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩(COVID-19)​លើ កុមារជនជាតិ​ឥណ្ឌូណេស៊ី​អាយុ​១​ឆ្នាំ​ម្នាក់ និង​ស្ត្រី​ខ្មែរ​ជា​ពលករ​មកពី​ប្រទេស​ថៃ​ម្នាក់ទៀត នា​ព្រឹក​ថ្ងៃទី​១៩​មករា ។ ការ​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ លើ​មនុស្ស​ទាំងពីរ​នេះ បានធ្វើឱ្យ​កម្ពុជា​កើន​ចំនួន​អ្នកជំងឺ​កូ​វីដ​-១៩​រហូតដល់​៤៤១​នាក់​ហើយ​។​

 
​ចំពោះ​កុមារ​ជនជាតិ​ឥណ្ឌូណេស៊ី​ដែល​បាន​ឆ្លង​កូ​វីដ​-១៩​នោះ គឺ​កូន​របស់​បុរស​វ័យ​៣៤ និង​ស្ត្រី​វ័យ​៣៣ ដែលមាន វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១៣​មករា​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល ដោយ​បន្តថា ក្រុមគ្រួសារ​នេះ បានធ្វើ​ដំណើរ​មកពី​ប្រទេស​សិង្ហ​បុរី ហើយ​មកដល់​កម្ពុជា នា​ថ្ងៃទី​១២​មករា ឆ្នាំ​២០២១​។ បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។ 
 
​ដោយឡែក ស្ត្រី​ខ្មែរ​ជា​ពលករ​មកពី​ថៃ​បាន​ឆ្លង​កូ​វីដ​-១៩​វិញ មាន​វ័យ​៣១​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ​។ ស្ត្រី​រូបនេះ បាន​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៥​មករា ដោយ​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើ​ទី​២ បាន​វិជ្ជមាន​នៃ​វីរុស​កូ​វីដ​-១៩​។​
 
​គិត​ត្រឹម​ថ្ងៃទី​១៩​មករា កម្ពុជា មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​៤៤១​នាក់​។ ក្នុងនោះ​មាន​៣៨៦​នាក់ បានជា​សះស្បើយ និង​៥៥​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ និង​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ​៕ 
 

Tag:
 COVID-19
  ពលករ​
  បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com