កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan រកបាន​២​គ្រាប់ ជួយ AC Milan បន្ត​ឈរ​កំពូល​តារាង Serie A
19, Jan 2021 , 11:55 am        
រូបភាព
Zlatan Ibrahimovic កាន់តែ​បង្កើន​ភាពលេច​ធ្លោ​មួយកម្រិត​ទៀត ក្រោយ​ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ជួយ AC Milan ឈ្នះ Cagliari ២-០​។ ២​គ្រាប់​របស់ Ibrahimovic នេះ​ក៏បាន​ជួយ Milan រក្សារ​ចំណាត់ថ្នាក់​កំពូល​តារាង​ក្របខណ្ឌ Serie A រដូវ​កាល​នេះ​ផងដែរ​។​



​ជាង ២០ ឆ្នាំ​ក្នុង​អាជីព​កីឡាករ​បាល់ទាត់ Ibrahimovic នៅតែ​បង្ហាញ​ភាពខ្លាំង​ក្នុងការ​សម្រេច​ទី​គូប្រកួត​បាន​យ៉ាង​ល្អ​ដដែល ដែល​ស្ទើ​តែ​អស្ចារ្យ​ជាង​កីឡាករ​ក្មេងៗ​សព្វថ្ងៃ​ផង​។ ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត វ័យ​៣៩​ឆ្នាំ​រូបនេះ រកបាន​ពីរ​គ្រាប់​នៅ​នាទី​៧ និង​៥២ ដើម្បី​ជួយ AC Milan ឈ្នះ Cagliari ក្នុងជំនួប​លី​គ​សប្តាហ៍​ទី​១៨ នៅ​យប់​ថ្ងៃទី​១៨ ខែមករា​។​
 
AC Milan ទទួលបាន​៣​ពិន្ទុ​បន្ថែម​ដើម្បី​ឈរ​កំពូល​តារាង Serie A មាន​៤៣​ពិន្ទុ នាំមុខ​ក្រុម​លេខ​២ Inter Milan ៣​ពិន្ទុ​។ ពីរ​គ្រាប់​នេះ បាន​នាំ Ibrahimovic កើន​ដល់​១២​គ្រាប់ ក្នុងការ​ប្រកួត​លី​គ​ចំនួន​៨​លើក​ប៉ុណ្ណោះ​។​
 
​ដោយឡែក​អ្នករក​បាន​១២​គ្រាប់​ដែរ​នៅ Serie A មាន Ciro Immobile ខ្សែប្រយុទ្ធ Lazio តែ​បង្ហាញខ្លួន​១៦​លើក និង Romelu Lukaku របស់ Inter Milan បង្ហាញខ្លួន​១៧​លើក ខណៈ Cristiano Ronaldo របស់ Juventus ដែល​ស៊ុត​បាន​១៥​គ្រាប់​លើសគេ បង្ហាញខ្លួន​១៤​លើក​។​
 
Ibrahimovic ដែល​ផ្លាស់​ពី LA Galaxy ត្រឡប់​ទៅ​ក្រុម​នៅ​អ៊ីតាលី​នៅ​ឆ្នាំ​២០១៩ បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ថា រូបគេ​ពិតជា​រីករាយ​នៅទីនេះ​ណាស់ ហើយ​ការបន្ត​ប្រកប​អាជីព​ជាមួយ AC Milan រហូត​ពេលនេះ មាន​មូលហេតុ​ចម្បង​បំផុត​ដោយសារ​នាយក​ផ្នែក​កីឡា​លោក Paolo Maldini៕
 
 
 

Tag:
 Zlatan Ibrahimovic
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com