កីឡាអន្តរជាតិ
អន្តរជាតិ
Real យកបាន Alaba ពី Bayern ដោយ​ផ្តល់ប្រាក់​ឈ្នួល​១​សប្តាហ៍ ២៨​ម៉ឺន​ដុល្លារ
19, Jan 2021 , 3:55 pm        
រូបភាព
David Alaba បាន​យល់​ព្រមទៅ​ចូលរួម​ជាមួយ Real Madrid ដោយ​គ្មាន​តម្លៃ​ផ្ទេរ នៅ​រដូវ​កាល​ក្រោយ បន្ទាប់ពី​កិច្ចសន្យា​របស់គេ​ជាមួយ Bayern Munich ត្រូវ​បញ្ចប់​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​។


​បើ​យោងតាម​ការផ្សាយ​របស់​ការ​សែត Marca ខ្សែការពារ​អន្តរជាតិ​អូទ្រីស David Alaba នឹង​ចុះកិច្ចសន្យា​រយៈពេល ៤ ឆ្នាំ​ជាមួយ​ក្រុម​ម្ចាស់​ការពារ​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga​។ កិច្ចព្រមព្រៀង​មុន​កិច្ចសន្យា​នេះ ត្រូវបាន​គេ​ជឿជាក់ថា Alaba នឹង​ទទួលបាន​ប្រាក់​ច្រើន​ខ្ពស់​ផងដែរ​ពី Real Madrid ដោយ​ក្នុង​មួយ​សប្តាហ៍​ជិត​២៨​ម៉ឺន​ដុល្លារ​អាមេរិក ក្រោយ​បង់ពន្ធ​រួច​។​
 
​ការផ្លាស់​ទៅកាន់​ក្លិប​រហ្សនាម​អធិរាជ​ស ដែលមាន​លោក Zinedine Zidane ជា​អ្នកចាត់ការ ជា​ក្តី​សុបិន​ក្លាយជា​ការពិត​របស់ Alaba ខណៈ​រូបគេ​បាន​បដិសេធ​ទៅ​ចូលរួម​ជាមួយ​ក្លិប​ធំ​ពីរ​រួមមាន Liverpool និង PSG ។ មុន​ទៅ​ចូលរួម​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ ខ្សែការពារ​ដែលមាន​ម្តាយ​ជា​ជនជាតិ​ហ្វីលីពីន និង​ឪពុក​នី​ហ្សេ​រី​យ៉ា​រូបនេះ ក៏បាន​ច្រានចោល​ការផ្តល់​កិច្ចសន្យា​ថ្មី​ដល់​ទៅ​៣​លើ​ករូច​មកហើយ​ដែរ ពី​សំណាក់​ក្លិប Bayern Munich​។​
 
 Alaba ដែល​ជាប់​ជម្រើសជាតិ​អូទ្រីស​ចាប់ពី​ឆ្នាំ​២០០៩ និង​បង្ហាញខ្លួន​៧៥​ប្រកួត អះអាងថា រូបគេ​បាន​តាំងចិត្ត​រួចហើយ​សម្រាប់​ការចាកចេញ ក្នុង​គោលដៅ​ចង់​មានការ​ប្រកួតប្រជែង​ថ្មី​។ ១៣​រដូវ​កាល​ជាមួយ​ក្លិប​យក្ស​អាល្លឺម៉ង់ ខ្សែការពារ​វ័យ​២៨​ឆ្នាំ​បាន​ជួយ Bayern Munich ឈ្នះ​ជើងឯក Bundesliga ៩​លើក Champions League ២​លើក និង​ពាន​ធំៗ​ជាច្រើន​ទៀត​។​
 
​ស្របពេល​កិច្ចព្រមព្រៀង​ជាមួយ Alaba ជោគជ័យ Real Madrid ក៏​កំពុង​ចរចា​លើ​ការបន្ត​កិច្ចសន្យា​ដល់​ប្រធាន​ក្រុម Sergio Ramos ផងដែរ​។ ខ្សែការពារ​វ័យ​ចំណាស់​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​នៅ​មិនទាន់​សម្រេចចិត្តថា​ត្រូវ​នៅ​បន្ត ឬ​អត់​នោះទេ ខណៈ Manchester United និង PSG ក៏​ទាក់​ទង់​យក​រូបគេ​ទៅ​ជួយ​ក្រុម​ផងដែរ​។​
 
Real Madrid ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង​តារាង La Liga រដូវ​កាល​នេះ ដោយមាន​៣៧​ពិន្ទុ​ពី​ការប្រកួត​១៨​លើក នាំមុខ​ក្រុម​លេខ​៣ Barcelona ៣​ពិន្ទុ ប៉ុន្តែ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Atletico Madrid ដែល​ទើប​លេង​១៦​លើក ចំនួន​៤​ពិន្ទុ​៕
 

Tag:
 David Alaba
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com