ជាតិ
សេដ្ឋកិច្ច
អ្នកជំនាញសេដ្ឋកិច្ច៖ ជំនួញអចលនទ្រព្យលើដីស្រែ អាចធ្វើឱ្យកម្ពុជាជួបបញ្ហាសន្តិសុខស្បៀង នាអនាគត
× ភ្នំពេញ៖ ការអភិវឌ្ឍវិស័យអចលនទ្រព្យលើដីស្រែ-ចម្ការ ដោយបំលែងទៅជាគម្រោងដីឡូត៍ លំនៅដ្ឋាន ឬអគារពាណិជ្ជកម្មនោះ អាចធ្វើឱ្យកម្ពុជាប្រឈមបញ្ហាសន្តិសុខស្បៀងនាពេលអនាគត។ នេះជាការលើកឡើងរបស់លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។
ដើម្បីជ្រាបច្បាស់ស្តាប់បទសម្ភាសរវាងកញ្ញា អ៊ូ សុខមាន នៃសារព័ត៌មានថ្មីៗ និងលោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា ខាងក្រោមតទៅ៖
បើតាមលោក គី សេរីវឌ្ឍន៍ ការនាំចេញអង្កររបស់កម្ពុជា គឺមិនអាស្រ័យលើទំហំនៃការពុះដីឡូត៍ស្រែនោះទេ ពីព្រោះផ្ទៃដីស្រែដែលក្រុមអ្នកអចលនទ្រព្យយកទៅពុះដីឡូត៍ ភាគច្រើនជាដីស្រែមិនផលិតស្រូវសម្រាប់នាំចេញ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ បណ្ឌិតគី សេរីវឌ្ឍន៍ មានប្រសាសន៍ដូច្នេះ៖ «ចំពោះផ្ទៃដីស្រែដែលពួកគាត់យកទៅពុះដីឡូត៍ហ្នឹង បើយើងគិតទៅជាបរិមាណស្រូវមិនមែនទំហំច្រើនទេ [ហើយ] ដីស្រែសម្រាប់ផលិតស្រូវ-អង្ករនាំចេញ គឺជាវាលស្រែធំល្វើងល្វើយនៅខាងខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបងជាដើម ដែលមិនមែនជាផ្ទៃដីលំនៅដ្ឋានឡើយ»។
ការអភិវឌ្ឍវិស័យអចលនទ្រព្យលើដីកសិកម្មនាបច្ចុប្បន្នបានបំលែងដីស្រែ-ចម្ការ នៅក្បែរភូមិរបស់ពលរដ្ឋ ក្លាយជាលំនៅដ្ឋានដែលមានតម្លៃខ្ពស់។ លោក គី សេរីវឌ្ឍន៍ បានបញ្ជាក់ថា ការបំលែងដីស្រែទៅវិស័យអចលនទ្រព្យបែបនេះ វាមិនមានផលប៉ះពាល់ច្រើនភ្លាមៗទេ ប៉ុន្តែនិន្នាការបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងក្នុងប្រទេសនៅពេលខាងមុខ។ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជារូនេះ បាននិយាយដូច្នេះ៖«ការវិវត្តន៍បែបនេះយូរៗបន្តិតទៀតទៅ វាអាចទៅជាបញ្ហាសន្តិសុខស្បៀងក្នុងប្រទេស ដែលយើងផ្គត់ផ្គង់ស្បៀងនៅក្នុងស្រុកយើងមិនបាន»។
បើតាមលោក សេរីវឌ្ឍន៍ និន្នាការទិញ-លក់ដីស្រែនិងចម្ការ ដោយបង្កើតជាគម្រោងអចលនទ្រព្យនេះ វាពិបាកទប់ស្កាត់បន្តិច។ ប៉ុន្តែដើម្បីទប់ស្កាត់និន្នាការនេះ និងបញ្ចៀសនូវបញ្ហាសន្តិសុខស្បៀងនាអនាគតនោះ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវជំរុញ និងលើកទឹកចិត្តដល់វិស័យកសិកម្ម ឱ្យមានផលចំណូលខ្ពស់។
«កត្តាទាំងអស់នេះ គឺយើងមិនអាចទប់ស្កាត់បានទេ។ កាលណា យើងនិយាយពីប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី គឺយើងមិនអាចថាឱ្យឧកញ៉ាពុះឡូត៍[ដីស្រែ]លក់បាន ហើយប្រជាពលរដ្ឋពុះដីឡូត៍លក់អត់បាននោះទេ។ កាលណាវិស័យកសិកម្ម មានផលចំណូលខ្ពស់ ប្រជាពលរដ្ឋលែងលក់ដីហើយ។ ការទទួលបានផលចំណូល[ពីវិស័យកសិកម្ម] គឺត្រូវការក្រសួងកសិកម្ម ផ្តល់បច្ចេកទេស មានការសិក្សាស្រាវជ្រាវ មានពូជ និងមានផ្តល់ទីផ្សារឱ្យគាត់[កសិករ]ត្រឹមត្រូវ។ អ៊ីចឹងវាទៅជានិរន្តរ៍ភាពប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ គឺគាត់លែងលក់ដីហើយ។ កាលណា ពលរដ្ឋមិនមែននិរន្តរ៍នៃប្រាក់ចំណូលទេ គឺគាត់ត្រូវតែលក់ដីហ្នឹង ដើម្បីទៅប្រកបមុខរបរផ្សេង»។នេះជាការលើកឡើងលោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា៕
Tag:
ដីស្រែ
សន្តិសុខស្បៀង
លោក គី សេរីវឌ្ឍន៍
© រក្សាសិទ្ធិដោយ thmeythmey.com