COVID-19
ជាតិ
កម្ពុជា គ្រោងដាក់សំណើផ្លូវការទៅរុស្ស៊ី ដើម្បីសុំវ៉ាក់សាំងកូវីដ-១៩ ក្រៅពីចិន និងឥណ្ឌា
× ភ្នំពេញ៖ កម្ពុជា គ្រោងដាក់សំណើរផ្លូវការទៅរដ្ឋាភិបាលរុស្ស៊ី ដើម្បីសុំជំនួយវ៉ាក់សាំងកូវីដ-១៩ យកមកចាក់ការពារពលរដ្ឋ។ នេះបើតាមសម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិរៀបចំការកីឡាអាស៊ីអាគ្នេយ៍ សម្រាប់ឆ្នាំ២០២៣។
សម្ដេច ទៀ បាញ់ បានបញ្ជាក់ថា រដ្ឋាភិបាល នឹងស្នើទៅរដ្ឋាភិបាលរុស្ស៊ីមួយទៀត ក្រៅពីចិន និងឥណ្ឌា ដើម្បីសុំវ៉ាក់សាំងមកប្រើប្រាស់ ។ បើតាមសម្ដេច ទៀ បាញ់ កម្ពុជា ដាក់គោលដៅស្នើសុំវ៉ាក់សាំងពីប្រទេសទាំងបីនេះ។
«បញ្ហាមួយទៀត គឺ(កម្ពុជា) កំពុងទាក់ទងទៅរុស្ស៊ីដែរ។ ហើយទីចុងបំផុតលោក(សម្ដេច ហ៊ុន សែន) បានសរុបហើយ គឺយើងសំដៅធំជាងគេ គឺសុំតាមរបៀបគ្រប់វិធីទាំងអស់ គឺប្រទេសធំៗដែលបានផលិតវ៉ាក់សាំងនេះ សាធារណរដ្ឋប្រជាមានិតចិន ឥណ្ឌា រុស្ស៊ី ដែលនឹងយកមកប្រើប្រាស់»។ នេះជាការបញ្ជាក់របស់សម្ដេច ទៀ បាញ់។
កាលពីថ្ងៃទី ១៨ មករា សម្ដេច ហ៊ុន សែន ក៏បានស្នើផ្ទាល់មាត់តាមរយៈឯកអគ្គរដ្ឋទូតទៅកាន់នាយករដ្ឋមន្ត្រីឥណ្ឌាប្រចាំកម្ពុជាលោកស្រី Narendra Damodardas Modi ដើម្បីសុំជំនួយវ៉ាក់សាំងកូវីដ-១៩ ផងដែរ។
ត្រង់ចំណុចនេះរដ្ឋមន្ត្រីការពារជាតិ សម្ដេច ទៀ បាញ់ បានលម្អិតថា ក្រៅពីសុំផ្ទាល់មាត់នេះ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏គ្រោងដាក់លិខិតស្នាមផ្លូវការទៅនាយករដ្ឋមន្ត្រីឥណ្ឌា ដើម្បីសុំវ៉ាក់សាំងនេះដែរ។
ដោយឡែកភាគីចិន នឹងផ្ដល់វ៉ាក់សាំង៣០ម៉ឺនដូសមកកម្ពុជាសិន នៅខែកុម្ភៈខាងមុខ។ ចិនបានសន្យាផ្ដល់វ៉ាក់សាំង១លានដូសមកកម្ពុជា។
© រក្សាសិទ្ធិដោយ thmeythmey.com