ជាតិ
សង្គមជាតិ
«ពានរង្វាន់ដឹងគុណ» នឹងផ្តល់ឱ្យអ្នកព័ត៌មាន ចំនួន៥ទសវត្សរ៍ លោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង ជាអ្នកនាំពាក្យក្រសួងព័ត៌មាន
× ភ្នំពេញ៖ ក្រសួងព័ត៌មាន បានបង្កើតកម្មវិធីផ្តល់«ពានរង្វាន់ដឹងគុណ» ដល់អ្នកសារព័ត៌មានចំនួន៥ ទសវត្សរ៍ ដែលបានចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី១៩មករា កម្មវិធីរបស់ក្រសួងព័ត៌មាននេះ គឺបានសហការរៀបចំ និងឧបត្ថម្ភដោយសារព័ត៌មានត្នោត និងសារព័ត៌មានថ្មីៗ។
ក្រសួងព័ត៌មានបានបញ្ជាក់ថា កម្មវិធីផ្តល់«ពានរង្វាន់ដឹងគុណ»នេះ រៀបចំឡើងដើម្បីរម្លឹកគុណដល់ការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី របស់អ្នកសារព័ត៌មានដែលបានចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅកម្ពុជា ចាប់ពីទស្សវត្សរ៍ ឆ្នាំ១៩៧០ ដល់បច្ចុប្បន្ន។
បើតាមលោក ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និង ជាអ្នកនាំពាក្យក្រសួងព័ត៌មាន «ពានរង្វាន់ដឹងគុណ» នឹងផ្ដល់ជូនអ្នកសារព័ត៌មាន នៅក្នុងឆ្នាំ១៩៧០ ឆ្នាំ១៩៨០ ឆ្នាំ១៩៩០ ឆ្នាំ២០០០ និងឆ្នាំ២០១០។ លោកបានបញ្ជាក់ថា សម្រាប់ទសវត្សរ៍នីមួយៗ នឹងត្រូវជ្រើសរើសអ្នកសារព័ត៌មានចំនួន២នាក់ ដោយមួយម្នាក់ទទួលពានរង្វាន់ដឹងគុណ និងម្នាក់ទៀតនឹងទទួលរង្វាន់កិត្តិយស។
«លក្ខខណ្ឌចម្បង ដែលយើងជ្រើសរើសអ្នកសារព័ត៌មានក្នុងការទទួលបានពានរង្វាន់នេះ គឺគាត់ជាបុគ្គលដែលនៅបន្តអនុវត្តវិជ្ជាជីវៈរបស់ខ្លួននៅក្នុងវិស័យសារព័ត៌មាន តាំងពីចាប់ពេលផ្តើមប្រឡូងការងារនៅក្នុងវិស័យនេះ រហូតមកដល់បច្ចុប្បន្ន»។ នេះជាការលើកឡើងរបស់លោក ផុស សុវណ្ណ។
សម្រាប់កម្មវីធីផ្តល់«ពានរង្វាន់ដឹងគុណ»ដល់អ្នកសារព័ត៌មាននេះ នឹងប្រព្រឹត្តិឡើងនៅចុងខែមីនា ឬដើមខែមេសា ឆ្នាំ២០២១។ នេះគឺជាកម្មវិធីលើកទី១ ដែលក្រសួងព័ត៌មានរៀបចំឡើង ហើយ គ្រោងនឹងរៀបចំកម្មវិធីនេះជារៀងរាល់ឆ្នាំ ផងដែរ។ លោក ផុស សុវណ្ណ មានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«ខ្ញុំនឹងរៀបចំកម្មវិធីនេះបន្តទៀតនៅឆ្នាំក្រោយៗ បើទោះបីលែងមានការគាំទ្រពីដៃគូក៏ដោយ»៕
© រក្សាសិទ្ធិដោយ thmeythmey.com