រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃទី១៩ ខែមករា បានប្រកាសថា ចិនកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិភាគតិចវីហ្គ័រ និងជនជាតិមូស្លីមផ្សេងនៅក្នុងតំបន់ស៊ីនជាំង។ ការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ មុនចប់អាណត្តិរបស់ខ្លួន។ ចិនបានឆ្លើយតបវិញថា លោក ប៉ុមប៉េអូ កំពុងកុហក។
បើទោះបីជាសល់មួយថ្ងៃនៃការកាន់តំណែងក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ មិនទុកមុខឱ្យចិនដែរ។ លោក ប៉ុមប៉េអូ ដែលតែងនិយាយរិះគន់មិនដាច់ពីមាត់ នៅតែបន្តដាក់សម្ពាធលើចិនជុំវិញជនជាតិភាគតិចវីហ្គ័រដែលជាប្រធានបទក្ដៅ។
«បន្ទាប់ពីពិនិត្យយ៉ាងហ្មត់ចត់លើការពិតមួយចំនួន ខ្ញុំកំណត់ថា ចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងជនជាតិភាគតិចវីហ្គ័រ»។ រដ្ឋមន្ត្រីការបរទេសអាមេរិក បានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ថ្ងៃទី១៩ ខែមករា ដោយបន្តថា អំពើប្រល័យពូជសាសន៍នៅតែបន្តកើតមាននៅចិនដល់សព្វថ្ងៃ។
បើតាមលោក ប៉ុមប៉េអូ រដ្ឋាភិបាលអាមេរិក នឹងមិននៅស្ងៀមឡើយ ប្រសិនបើបក្សកុម្មុយនីស្តចិន នៅតែត្រូវបានអនុញ្ញាតឲ្យប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងប្រទេសទៀតនោះ។ ប្រមុខការទូតអាមេរិក ដល់ថ្នាក់បានប្រៀបធៀបការអនុវត្តរបស់ចិនលើជនជាតិភាគតិចវីហ្គ័រទៅនឹងគោលនយោបាយរបស់បក្សណាហ្ស៊ីអាល្លឺម៉ង់ក្នុងសម័យសង្គ្រាមលោកលើកទី២ ប្រឆាំងក្រុមជនជាតិជ្វីហ្វ។
តាមការចុះផ្សាយរបស់ទីភាក់ងារព័ត៌មាន AFP លោក ប៉ុមប៉េអូ បានជំរុញឱ្យអង្គការអន្តរជាតិរួមទាំងតុលាការអន្តរជាតិផងដែរ ពិនិត្យលើសកម្មភាពរបស់ចិនទាំងនេះ ស្របពេលអាមេរិក នឹងបន្តដាក់សម្ពាធលើចិនជុំវិញបញ្ហាជនជាតិភាគតិចវីហ្គ័រនេះទៀតដែរ។
ជាការឆ្លើយតប អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅអាមេរិក បានជំទាស់លើសេចក្តីថ្លែងការណ៍នោះ និងទាមទារឲ្យអាមេរិកបញ្ឈប់ការជ្រែកជ្រៀតកិច្ចការផ្ទៃក្នុងរបស់ខ្លួនទៀត។ បើតាមស្ថានទូតចិន សេចក្តីថ្លែងការណ៍នោះ ធ្វើមិនដឹងមិនលឺពីការពិត និងវាយប្រហារដោយគ្មានមូលដ្ឋាន ទៅលើគោលនយោបាយរបស់ចិន ក្នុងតំបន់ស៊ីនជាំង។ ជាពិសេស ការចោទប្រកាន់ថា ចិនប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិវីហ្គ័រ និងមូស្លីមផ្សេងទៀត គ្រាន់ជាការកុហក និងបង្ខូចកេរ្តិ៍ឈ្មោះរបស់ចិនប៉ុណ្ណោះ។
នៅទីក្រុងប៉េកាំងឯណោះ អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying ក៏ប្រតិកម្មខ្លាំងនឹងលោក ប៉ុមប៉េអូ ដែរ។ លោកស្រី Hua អះអាងថា លោក ប៉ុមប៉េអូ ប្រតិដ្ឋការពិត ហើយពេញមួយអាណត្តិរបស់ខ្លួនបង្កើតមិនរឿងមិនពិតវាយប្រហារចិនរហូត។
ក្រុមសិទ្ធិមនុស្សនានាជឿថា ជនជាតិវីហ្គ័រ និងជនភាគតិចមូស្លីមផ្សេងទៀត យ៉ាងហោចណាស់មួយលាននាក់ ស្ថិតនៅក្នុងមន្ទីរកែប្រែឡើងវិញជាច្រើននៅខេត្តស៊ីនជាំង។ ចិនក៏ត្រូវចោទថា ចង់លុបចោលរបៀបរស់នៅវប្បធម៌របស់ជនជាតិភាគតិចមូស្លីម និងធ្វើសមាហរណកម្មជនជាតិទាំងនោះទៅក្នុងវប្បធម៌ជនជាតិហានរបស់ចិន តាមរយៈការចាប់បង្ខំឲ្យបរិភោគសាច់ជ្រូក និងស្រាជាដើម។
យ៉ាងណាមិញ អាជ្ញាធរចិន បាននិយាយការពារម្តងហើយម្តងទៀតថា កន្លែងដាក់ជនជាតិភាគតិចទាំងនោះ មិនមែនជាមន្ទីរកែប្រែអ្វីឡើយ តែជាមជ្ឈមណ្ឌលបណ្តុះបណ្តាលការងារ និងជម្រុះចោលគំនិតជ្រុលនិយមរបស់ក្រុមជនជាតិភាគតិចទាំងនោះតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ អាមេរិក បានដាក់សម្ពាធយ៉ាងខ្លាំងទៅចិន ជុំវិញសិទ្ធិមនុស្ស និងជនជាតិភាគតិចវីហ្គ័រនៅក្នុងតំបន់ស៊ីនជាំងនេះ។ កន្លងមក អាមេរិក បានដាក់ទណ្ឌកម្មលើមន្ត្រីចិនជាបន្តបន្ទាប់ដែលមានតួនាទីលើការធ្វើទុក្ខបុកម្នេញជនជាតិវីហ្គ័រ និងថែមទាំងដាក់ក្រុមហ៊ុនផ្សេងទៀត ក្នុងបញ្ជីខ្មៅផងដែរ៕