កីឡាជាតិ
ជាតិ
AFC សម្រេច​លុបចោល​ការប្រកួត AFC U19 Championship នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន​
21, Jan 2021 , 8:29 am        
រូបភាព
រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
រូបពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC)​បានសម្រេច​លុបចោល​កា​រ​ប្រកួត​ពានរង្វាន់ AFC U19 Championship 2020 ដែល​ធ្វើឡើង​នៅ​ប្រទេស​អ៊ូ​បេ​គី​ស្ថាន​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃទី​២១ មករា ឆ្នាំ​២០២១​។

 
​ក្រោយ​លើក​ពេល​ជា​បន្តបន្ទាប់​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ពានរង្វាន់​យុវជន​បាល់ទាត់​អាស៊ី​អាយុ​ក្រោម​១៩​ឆ្នាំ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​សម្រេច​លុបចោល​ជា​ស្ថាពរ​។ ការសម្រេច​បែបនេះ ធ្វើឡើង​ក្រោយ AFC សង្កេតឃើញថា ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​តំបន់​អាស៊ី​នៅតែ​បន្ត​រីក​រាលដាល ទោះបី​បច្ចុប្បន្ន​ប្រទេស​ខ្លះ​រកឃើញ​វ៉ាក់សាំង​ការពារ​។ 
 
AFC ធ្លាប់​អះអាង​កន្លងមក​ថា ការពន្យា​ពេល​ការប្រកួត​ជា​បន្តបន្ទាប់​កន្លងមក ដោយសារ​ខ្លួន​បារម្ភ​ពី​សុវត្ថិភាព​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​រៀបចំ​ការប្រកួត ពាក់ព័ន្ធ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​វាយប្រហារ​ទូទាំង​ពិភពលោក​។​
 
​តាម​គម្រោង​ការប្រកួត AFC U19 Championship 2020 វគ្គ​១៦​ក្រុម​ចុងក្រោយ គ្រោង​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​១៤-៣១ ខែតុលា ឆ្នាំ​២០២០ តែ​ត្រូវបាន​លើក​ពេល​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ បន្ទាប់មក AFC បានកំណត់​យក​ខែមីនា ឆ្នាំ​២០២១ ដើម្បី​បន្ត​រៀបចំ​ព្រឹត្តិការណ៍​នេះ​។ ប៉ុន្តែ​ចុងក្រោយ AFC ក៏​សម្រេច​លុបចោល​តែម្តង​។ 
   
​សម្រាប់​ការប្រកួត​នេះដែរ កម្ពុជា​ស្ថិតនៅ​ពូ​ល A ជាមួយ​ម្ចាស់ផ្ទះ​អ៊ូ​បេ​គី​ស្ថាន ឥណ្ឌូណេស៊ី និង​អ៊ីរ៉ង់​៕​

Tag:
 បាល់ទាត់​
  AFC
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com