COVID-19
ជាតិ
សង្គមជាតិ
ស្ត្រី​ខ្មែរ​៥​នាក់​ទៀត មកពី​ថៃ និង​អាមេរិក ឆ្លង​COVID-19
21, Jan 2021 , 9:07 am        
រូបភាព
 រូបតំណាង​៖ មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល​កំពុង​យក​សំណាក​លើ​ស្ត្រី​ជា​ពលករ​ម្នាក់​មកពី​ថៃ​។ រូបថត​៖ មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​
រូបតំណាង​៖ មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល​កំពុង​យក​សំណាក​លើ​ស្ត្រី​ជា​ពលករ​ម្នាក់​មកពី​ថៃ​។ រូបថត​៖ មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​
​ភ្នំពេញ​៖ កម្ពុជា​បន្ត​រកឃើញ​វិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩(COVID-19) លើ​ស្ត្រី​ខ្មែរ​ចំនួន​៥​នាក់​ទៀត ដោយ​ក្នុង​មាន​៤​នាក់ ជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ និង​១​នាក់​ទៀត បានធ្វើ​ដំណើរ​មកពី​អាមេរិក​។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃទី​២១​មករា ការរកឃើញ​កូ​វីដ​-១៩ លើ​ស្ត្រី​ទាំង​៥​រូប បានធ្វើឱ្យ​កម្ពុជា កើន​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ ដល់​៤៥៣​នាក់​ហើយ​។​

 
​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា ស្ត្រី​ដែល​មកពី​អាមេរិក​ឆ្លង​កូ​វីដ​-១៩ នោះ វ័យ​៤៣​ឆ្នាំ ជា​អ្នក​រស់នៅក្នុង​ខេត្តពោធិ៍សាត់​។ ស្ត្រី​រូបនេះ បាន​ចាក​ចេញពី​អាមេរិក ដោយ​បន្ត​ជើង​ហោះ​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​មកដល់​កម្ពុជា នៅ​ថ្ងៃទី​៧​មករា ឆ្នាំ​២០២១​។ 
 
​ដោយឡែក​ស្ត្រី​ជា​ពលករ​មក​ថៃ​ដែលមាន​ឆ្លង​កូ​វីដ​-១៩​ដែរនោះ មាន​វ័យ​៤០​ឆ្នាំ​ម្នាក់​, វ័យ​៣៦​ឆ្នាំ​ម្នាក់ មាន​អាសយដ្ឋាន​នៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង​ស្ត្រី​ជា​ពលករ​មក​ថៃ​ម្នាក់ទៀត មាន​អាយុ​៤០​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ចំបក់ ឃុំ​ក្រួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ពលករ​ទាំងនេះ បាន​មកដល់​កម្ពុជា នា​ថ្ងៃទី​៦​មករា​។ នេះ​បើតាម​ក្រសួងសុខាភិបាល​។​
 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ទាំង​ស្ត្រី​មកពី​អាមេរិក និង​ស្ត្រី​មកពី​ថៃ គឺ​បានធ្វើ​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ បន្ទាប់ពី​បានធ្វើ​តេស្ត​ជា​លើក​ទី​២​។ រីឯ ពលករ​មកពី​ថៃ​វ័យ​៤២​ឆ្នាំ​ម្នាក់ទៀត ដែល​រស់នៅក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ដែល​ទើប​មកដល់​កម្ពុជា កាលពី​ថ្ងៃទី​១៩​មករា ក៏​ត្រូវបាន​មន្ត្រី​ជំនាញ​របស់​ក្រសួងសុខាភិបាល ធ្វើ​រក​តេស្ត​រកឃើញ​កូ​វីដ​-១៩ តែម្តង​។​
 
​គិត​ត្រឹម​ថ្ងៃទី​២១​មករា កម្ពុជា រកឃើញ​មនុស្ស​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៤៥៣​នាក់ ក្នុង​មាន​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​៨១​នាក់​។ ក្នុងចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​សរុប​នេះ មាន​៣៩៦​នាក់ បានជា​សះស្បើយ និង​៥៧​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ រាជធានី​ភ្នំពេញ និង​នៅតាម​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និង​ឧ​ត្ត​រ​មានជ័យ​៕ 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com