អន្តរជាតិ
ប៉េកាំងដាក់ទណ្ឌកម្មលោក ប៉ុមប៉េអូ និងមន្រ្តីអាមេរិកជាង២០នាក់ ព្រោះបំផ្លាញប្រយោជន៍ចិន
21, Jan 2021 , 11:15 am        
រូបភាព
លោក ម៉ៃ ប៉ុមប៉េអូ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ Xinhua
លោក ម៉ៃ ប៉ុមប៉េអូ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ Xinhua
ក្រសួងការបរទេសចិន នៅថ្ងៃទី២១ ខែមករា បានប្រកាសដាក់ទណ្ឌកម្មលោក ម៉ៃ ប៉ុមប៉េអូ និងមន្រ្តីក្រោមរដ្ឋបាលលោកដូណាល់ ត្រាំ ជាង២០នាក់ផ្សេងទៀត។ ទីក្រុងប៉េកាំងអះអាងថា មន្រ្តីក្រោមរដ្ឋបាលត្រាំទាំងនោះ បានបំពានអធិបតេយ្យ និងបំផ្លាញផលប្រយោជន៍របស់ចិន។ 


 
ប៉ុន្មានម៉ោង ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ ចប់ទៅ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បញ្ជីឈ្មោះមន្រ្តីអាមេរិកដែលប្រកាន់ជំហរតឹងតែងដាក់ចិន ឬប៉ះពាល់ផលប្រយោជន៍ ដែលត្រូវទទួលទណ្ឌកម្ម។ 
 
មន្រ្តីជាន់ខ្ពស់អាមេរិកចំនួន ២៨នាក់ធ្វើការនៅក្នុងរដ្ឋបាលលោកត្រាំ ដែលត្រូវចិនដាក់ទណ្ឌកម្មមានមានដូចជា លោក ម៉ៃ ប៉ុមប៉េអូ, លោក Robert C. O'Brien អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក, លោក Peter Navarro អតីតទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន, លោក Matt Pottinger ទីប្រឹក្សាសន្តិសុខជាតិរង និងអតីតមន្រ្តីផ្សេងទៀត។ លោក Alex Azar រដ្ឋមន្រ្តីសុខាភិបាល, លោក Keith Krach អនុរដ្ឋលេខាធិការក្រសួងការបរទេសដែលទៅតៃវ៉ាន់ និងលោកស្រី Kelly Craft អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ដែលគ្រោងទៅតៃវ៉ាន់ ក៏ជាប់ឈ្មោះដែរ។
 
ក្រោមទណ្ឌកម្មនេះ អ្នកទាំង ២៨រូបនោះ ត្រូវបានហាមឃាត់មិនឲ្យចូលទឹកដីចិន និងរកស៊ីនៅក្នុងទីក្រុងចិន ហុងកុង ម៉ាកាវ។ ចំណែកក្រុមហ៊ុន វិទ្យាស្ថាន ដែលពាក់ព័ន្ធនឹងអ្នកទាំង២៨ នាក់ ត្រូវរឹតត្បិតមកធ្វើជំនួញនៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN ។ 
 
បើតាមក្រសួងការបរទេសចិន អ្នកទាំងនោះ បានជ្រៀតជ្រែកចូលមកក្នុងកិច្ចការផ្ទៃក្នុងចិន បំផ្លាញផលប្រយោជន៍របស់ចិន វាយប្រហារប្រជាជនចិន និងបង្អាក់ទំនាក់ទំនងក្រុងប៉េកាំង-វ៉ាស៊ីនតោនជាដើម។ លោក ប៉ុមប៉េអូ ជាមន្រ្តីអាមេរិកដែលតែងរិះគន់ចិនមិនរើសបញ្ហាតាំងពីសមុទ្រចិនខាងត្បូង បញ្ហាស៊ីនជាំង ទីបេ សិទ្ធិមនុស្ស និងពាណិជ្ជកម្មជាដើម។ ចុងក្រោយ លោកថែមទាំងចោទចិនថា ប្រព្រឹត្តអំពើប្រល័យពូជសាសន៍នៅស៊ីនជាំងទៀតផង៕
 

Tag:
 ចិន
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com