ជាតិ
លោក​ប៉ាន សូរ​ស័ក្តិ​៖ វត្តមាន​ក្រុមហ៊ុន​អាហារ​បារាំង​នៅ​កម្ពុជា ជាការ​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍​
21, Jan 2021 , 2:06 pm        
រូបភាព
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ រូបថត៖ ស្ថានទូតបារាំង
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ រូបថត៖ ស្ថានទូតបារាំង
​ភ្នំពេញ​៖ Newrest ជា​ក្រុមហ៊ុន​បម្រើ​ផ្នែក​អាហារ​ប​ពហុ​វិស័យ​ដ៏​ធំ​របស់​ប្រទេស​បារាំង ដែលមាន​ប្រតិបត្តិការ ក្នុងប្រទេស​ចំនួន​៥៨​នៅលើ​ពិភពលោក​។ ក្រុមហ៊ុន​អាហារ​មួយ​នេះ ក៏​កំពុង​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​កម្ពុជា ផងដែរ​។

 
​ក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន Newrest Cambodia នៅ​បរិវេណ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នា​រាត្រី​ថ្ងៃទី​២០​មករា លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មានប្រសាសន៍ថា វត្តមាន​របស់​ក្រុមហ៊ុន​ដ៏​ធំ​នេះ នឹង​ជួយ​គាំទ្រ​ដល់​កំណើន​វិស័យ​ទេសចរណ៍​កម្ពុជា នា​អនាគត ជាមួយនឹង​ការបង្កើត​ការងារ​ឱ្យ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​។  

លោក Bruno THIERRY អ្នកគ្រប់គ្រងទូទៅរបស់ Newrest Cambodia។ រូបថត៖ ស្ថានទូតបារាំង

​បើតាម​លោក Bruno THIERRY អ្នកគ្រប់គ្រង​ទូទៅ​របស់ Newrest Cambodia  ក្រុមហ៊ុន​មានទ្រព្យ​សកម្ម​ជាង​២​ពាន់​លាន​ដុល្លារ មាន​វត្ត​មាននៅ ៥៨​ប្រទេស ដែលមាន​បុគ្គលិក​សរុប​ជិត​៣​ពាន់​នាក់​។​
 
​លោក​បាន​បន្តថា សម្រាប់​កម្ពុជា ក្រុមហ៊ុន Newrest បាន​ទិញយក​ក្រុមហ៊ុន​ធំៗ​ចំនួន​៣​។ ក្នុងនោះ មាន​ក្រុមហ៊ុន​EMCAT ដែល​ធ្វើ​អាជីវកម្ម និង​គ្រប់គ្រង​អាហា​រដ្ឋា​ន​នានា​នៅតាម​អាកាសយាន​កម្ពុជា​, Mekong Food Services ដែលជា​ក្រុមហ៊ុន​នាំមុខ​មួយ​លើ​ការផលិត​ទំនិញ​សម្រាប់​ការលក់​រាយ និង​សេវាកម្ម​ម្ហូបអាហារ និង​ក្រុមហ៊ុន Hagar Catering ជា​ក្រុមហ៊ុន​ធំជាងគេ​នៅ​កម្ពុជា​លើ​ជំនាញ​ផ្គ​ត​ផ្គង់​ម្ហូបអាហារ​សម្រាប់​ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ សាលារៀន សាកលវិទ្យាល័យ និង​តាម​កម្មវិធី​ផ្សេងៗ​។ 


លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។  រូបថត៖ ស្ថានទូតបារាំង 

​ការមកដល់​របស់​ក្រុមហ៊ុន Newrest គឺជា​ការចូលរួមចំណែក​ក្នុងការ​ពង្រឹង​វត្តមាន​សហគម​ធុរកិច្ច និង​ការវិនិយោគ​របស់​ប្រទេស​បារាំង នៅ​កម្ពុជា ហើយក៏​ជា​ឱកាស​សម្រាប់​ការធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​និង​ក្រៅប្រទេស​ជាច្រើន ដែល​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់លោក Bruno THIERRY ។​
 
​លោក​បន្តថា ក្រៅពីនេះ ការវិនិយោគ​របស់​ក្រុមហ៊ុន Newrest នឹង​ជួយ​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​កម្ពុជា​នៅក្នុង​ឧស្សាហកម្ម​មួយ​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រ​ហ័យ ព្រមទាំង​រួមចំណែក​ក្នុងការ​លើកស្ទួយ​សុវត្ថិភាព​ចំណីអាហារ​សម្រាប់​អតិថិជន និង​បុគ្គលិក​រោងចក្រ​រាប់ម៉ឺន​នាក់ នៅ​កម្ពុជា​។ 
 
​ជាមួយគ្នានេះ លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ​(Eva Nguyen Binh) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ការវិនិយោគ​របស់​ក្រុមហ៊ុន Newrest គឺជា​សញ្ញា​ល្អ​មួយ​ដែល​បញ្ជាក់​ពី​ភាព​ទាក់ទាញ​របស់​កម្ពុជា ចំពោះ​វិនិយោគិន​បរទេស​។ 
 
​សូមជម្រាបថា ក្រុមហ៊ុន​Newrest រក​ចំណូល​រួម​បាន​ចំនួន​១,៥២.៧០​លាន​អឺរ៉ូ​(១,៨៥០​លាន​ដុល្លារ​)​នៅ ក្នុង​ឆ្នាំ​២០១៨-២០១៩​។ ក្រុមហ៊ុន Newrest បម្រើសេវា​ផ្គត់ផ្គង់​ម្ហូបអាហារ​យ៉ាង​សំបូរបែប រួមមាន សេវា​ម្ហូបអាហារ​លើ​យន្តហោះ សេវា​ម្ហូបអាហារ​តាម​កម្មវិធី និង​តំបន់​ដាច់ស្រយាល សេវា​ម្ហូបអាហារ​លើ​រថភ្លើង និង​សេវា​ម្ហូបអាហារ​នៅតាម​ភោជនីយដ្ឋាន​៕ 


រូបថត៖ ស្ថានទូតបារាំង 
 
 
 

Tag:
 ទេសចរណ៍​
  Newrest
© រក្សាសិទ្ធិដោយ thmeythmey.com