កីឡាអន្តរជាតិ
អន្តរជាតិ
Zidane ថា​គ្មានអ្វី​ត្រូវ​ខ្មាស់​ឡើយ ទោះ Real ធ្លាក់​ពី Copa del Rey ដោយសារ​ក្រុម​ពី​លី​គ​ទី​៣
21, Jan 2021 , 11:29 pm        
រូបភាព
​អ្នកចាត់ការ​ក្រុម Real Madrid លោក Zinedine Zidane សារភាពថា លោក​មិន​ខ្មាសអៀន​ឡើយ​ចំពោះ​ការធ្លាក់​ចេញ​របស់ Real Madrid ពី​ពានរង្វាន់ Copa del Rey ក្រោម​ថ្វី​ជើង​ក្រុម​នៃ​លី​គ​លំដាប់​ទី​៣​អេ​ស្ប៉ា​ញ Alcoyano ។​


Real Madrid បាន​ចាញ់ Alcoyano ក្រុម​មកពី​លី​គ Segunda Division B របស់​អេ​ស្ប៉ា​ញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដោយ​លទ្ធផល ២-១ នា​ការប្រកួត​វគ្គ​៣២​ចុងក្រោយ Copa del Rey នៅ​រាត្រី​ថ្ងៃទី​២០ ខែមករា​។​
 
​ក្រុម​រហស្សនាម​អធិរាជ​ស​ដែលជា​ភ្ញៀវ មានឱកាស​នាំមុខ​មុន​ទៅ​ហើយដោយ​ខ្សែការពារ Eder Militao នៅ​ចុង​ម៉ោង​វគ្គ​ទី​១ មុនពេល Jose Solbes តាម​ស្មើ​ឲ្យ Alcoyano វិញ​នៅ​នាទី​៨០​។ យប់​៩០​នាទី​ក្រុម​ទាំងពីរ​ស្មើគ្នា ១-១ តែ​ដោយ​តម្រូវ​រក​មួយក្រុម​ទៅ​វគ្គ​បន្ត ទើបត្រូវ​ថែម​ម៉ោង​១៥​នាទី​២​ដង​។​
 
​នៅក្នុង​ម៉ោង​បន្ថែម​នាទី​១១៥ កីឡាករ Juanan ជា​អ្នកសម្រេច​គ្រាប់​បាល់​ជ័យជម្នះ​ដើម្បី​ជួយ Alcoyano ឈ្នះ Real Madrid ២-១ ហើយ​បាន​កៅអី​ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
 
​បើ​ទោះ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​កម្រិត​ទាប​បែបនេះ​ក្តី ប៉ុន្តែ​លោក Zidane អ្នកចាត់ការ​ទូទៅ Real Madrid បាន​ច្រាន​ចោលការ​លើកឡើងថា​ការបរាជ័យ​នេះ​ពិតជា​គួរ​ឲ្យ​អាម៉ាស់​បំផុត​សម្រាប់​ក្រុម​ជើងឯក La Liga​។​
 
​អ្នកចាត់ការ​សញ្ជាតិ​បារាំង​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ថា​៖ «​នោះ​គឺជា​ពាក្យ​របស់​អ្នក​។ ពាក្យ​ទាំងនោះ​មិនមែនជា​របស់ខ្ញុំ​ទេ​។ បាល់ទាត់​ជា​រឿង​ដែល​លំបាក​ព្រោះ​ជាការ​ពិត​យើង​បាន​លេង​ទល់នឹង Segunda B និង​ត្រូវការ​ឈ្នះ ប៉ុន្តែ​នៅ​ចុងបញ្ចប់​វា​មិន​ដូច​យើង​ចង់បាន តែ​នេះ​មិនមែន​មានន័យថា​ជាការ​អាម៉ាស់​នោះទេ​។ ក្នុង​បាល់ទាត់ អ្វីៗ​សុទ្ធតែ​អាច​កើតឡើង​ទាំងអស់​»​។ ស្របពេល​ការលើកឡើង​បែបនេះ Zidane អះអាងថា នឹង​ពង្រឹង​ក្រុម​ឡើងវិញ ព្រោះ​រាល់​ការប្រកួត​ក្រុម​របស់លោក​ពិតជា​ត្រូវការ​ឈ្នះ​បំផុត​។​
 
​នេះ​ជាការ​ធ្លាក់​ចេញពី​ក្របខណ្ឌ Copa del Rey ត្រឹម​វគ្គ​៣២​ក្រុម​ដោយសារ​ក្រុម​នៃ​លី​គ​ទាប​ជា​លើកដំបូង​របស់ Real Madrid គិត​ចាប់ពី​ឆ្នាំ​២០០៩​មក​។ Real Madrid ជា​ក្រុម​មាន​ប្រវត្តិ​លើក​ពាន​នេះ​ច្រើនជាងគេ​លំដាប់​ទី​៣​ក្នុង​ចំនួន​១៩​លើក ខណៈ Barcelona ច្រើនជាងគេ​៣០ និង​លេខ​២ Athletic Bilbao ២៣​លើក​។ Valencia ជា​ក្រុម​ការពារ​ជើងឯក និង​បាន​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ផងដែរ​៕
 
 

Tag:
 Zinedine Zidane
  Copa del Rey
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com