កីឡាជាតិ
ជាតិ
ការប្រកួត​ថ្នាក់ជាតិ​កីឡា​ទោចក្រយាន ជាការ​ចម្រាញ់​រក​ធនធាន​ស៊ី​ហ្គេម និង​ហាត់​នៅ​បារាំង
22, Jan 2021 , 7:59 am        
រូបភាព
លោក នូ ចំរើន អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាទោចក្រយាន
លោក នូ ចំរើន អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាទោចក្រយាន
ដោយ:
​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ នឹងធ្វើ​ឡើង​នៅ​ទឹកដី​អង្គរ នៃ​ខេត្តសៀមរាប នា​ថ្ងៃទី​២៣ មករា ឆ្នាំ​២០២៣ ខាងមុខនេះ​។ ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​អះអាងថា កីឡាករ​ទទួលបាន​ជ័យ​ភាគី​ឆ្នាំនេះ នឹងមាន​ឱកាស​ខ្ពស់​ទៅ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម និង​ទទួលបាន​ឱកាស​ទៅ​ហ្វឹកហាត់​នៅក្រៅ​ព​ប្រទេស​ជាដើម​។

 
​វា​ជាការ​ប្រកួត​ប្រចាំឆ្នាំ​ក៏ពិតមែន ប៉ុន្តែ​ការប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២០ ជា​ឱកាស​សម្រាប់​កីឡាករ ដើម្បី​ទទួលបាន​កៅអី​ទៅ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​ឆ្នាំនេះ​។ ក្នុងន័យនេះ កីឡាករ​ដែល​ទទួលបាន​ជ័យលាភី​នៅ​ឆ្នាំនេះ​នឹងមាន​ឱកាស​ខ្ពស់​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក នូ ចំរើន អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​។ 
 
​លោក បាន​បញ្ចា​ក់ថា​៖«​សម្រាប់​សហព័ន្ធ គឺ​យើង​ធ្វើការ​ប្រកួត​ប្រចាំឆ្នាំ​ជា​ព្រឹត្តិការណ៍​ធំ ដោយ​កីឡាករ​កីឡាការិនី​នឹងមាន​ការប្រកួតប្រជែង​គ្នា​ខ្លាំង មិនមែន​ជាការ​ជិះ​លេង​កម្សាន្ត​នោះទេ វា​ការប្រកួត​ថ្នាក់ជាតិ ដែល​មកពី​គ្រប់​រាជធានី​-​ខេត្ត​។ ដូច្នេះ​ការប្រកួត​នេះ​ជាការ​ផ្សព្វផ្សាយ​មួយ​ដ៏​សំខាន់​សម្រាប់​មហាជន ហើយ​អ្វីដែល​យើង​រំពឹង​បាន គឺ​ការអភិវឌ្ឍ​សមត្ថភាព​គណៈកម្មការ​បច្ចេកទេស ក៏ដូចជា​ចម្រាញ់​បាន​កីឡាករ​កីឡាការិនី​ល្អៗ សម្រាប់​បញ្ជូនទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម​»​។ 
 

 
​បើតាម​អគ្គលេខាធិការ​រូបនេះ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ នឹងមាន​លក្ខណៈ​ខុសប្លែក​ពី​ឆ្នាំមុន ពោលគឺ​សហព័ន្ធ​នឹង​រៀបចំ​ឲ្យ​ស្របតាម​ស្តង់ដា​អន្តរជាតិ​ដែល​គេ​តែងតែ​ប្រើ​ក្នុងការ​ប្រកួត​អន្តរ​ជាត​ផ្សេងៗ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ជាដើម​។ ការធ្វើ​បែបនេះ ក្នុង​គោលបំណង ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ម​ន្ត្រី​គណៈកម្មការ​បច្ចេកទេស ក៏ដូចជា​បង្កើន​ការប្រកួត​ឲ្យ​កាន់តែ​ទាក់ទាញ​។ 
 
«​យើង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ឲ្យ​ស្រម​តាម​ស្តង់ដារ​និយាម​របស់​អន្តរជាតិ ដែល​យើង​គ្រោង​រៀបចំ​នេះ គឺ​យើង​ធ្វើ​ទៅតាម​បទដ្ឋាន​បច្ចេកទេស​រប​ស់​សហព័ន្ធ​កីឡា​ប្រណាំង​កង់​អន្តរជាតិ ហើយក៏​ដូចជា​ការត្រៀម​លក្ខណៈ​របស់​គណៈកម្មកា​រ​រៀបចំ និង​កីឡាករ​កីឡាការិនី​ឲ្យ​វិ​វត្ត​ខ្លួន​ស្រម​ទៅតាម​អ្វី ដែល​យើង​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣»​។ នេះ​ជាការ​លើកឡើង​របស់លោក នូ ចំរើន​។ 
 
​ជាមួយគ្នានេះ លោក​ក៏បាន​បង្ហាញ​ពី​ផែនការ​មួយចំនួន​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​កីឡាករ​កីឡាការិនី​ឲ្យ​កាន់តែ​រីកចម្រើន​ផងដែរ ក្នុងនោះ​សហព័ន្ធ​នឹង​កីឡាករ​កីឡាការិនី​ឆ្នើមៗ​មួយចំនួន ដែល​ចម្រាញ់​ចេញពី​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​បារាំង​រយៈពេល​វែង​។ សម្រាប់​ការហ្វឹកហាត់​នៅ​បារាំង​នេះដែរ ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី​សមាគម​ប្រណាំង​កង់​របស់​បារាំង​។ គម្រោង​នេះ អាច​នឹង​ចាប់ផ្តើម​ពី​ឆ្នាំ​២០២១ រហូតដល់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​
 

 
​ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​កីឡា​ទោចក្រយាន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន សហព័ន្ធ នឹង​រៀបចំ​ការប្រកួត​ជើងឯក​តាម​ភូមិភាគ ដែលមាន​ការ​បែង​ជា​៥​ភូមិភាគ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក នូ ចំរើន តែ​លោក​មិនបាន​បញ្ជាក់​ពី​ពេលវេលា ដែល​ត្រូវ​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះឡើយ​។  
 
​ការប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ ដែល​គ្រោង​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​២២-២៣ ខែមករា ឆ្នាំ​២០២១ មាន​កីឡាករ​កីឡាការិនី​ចំនួន​៣១៩​នាក់​មកពី​២៤​ក្លិប​សមាគម​ចូលរួម​។ ចំនួន​នេះ កើនឡើង​ជាង​១០០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​មុខ​ដែលមាន​ត្រឹមតែ​១៥០​នាក់​៕  
 
 

Tag:
 ទោចក្រយាន​
  នូ ចំរើន​
  ជើងឯក​ថ្នាក់ជាតិ​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com