COVID-19
ជាតិ
សង្គមជាតិ
មនុស្ស​៣​នាក់​មកពី​អាមេរិក និង​នី​ហ្សេ​រី​យ៉ា មាន​កូ​វីដ​-១៩
22, Jan 2021 , 10:05 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល​
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល​
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នា​ថ្ងៃទី​២២ ខែមករា បានប្រកាស​រកឃើញ​ក​រ​ណី​វិជ្ជមាន​កូ​វីដ​-១៩​ចំនួន​៣​នាក់​ថ្មី និង​អ្នកជា​សះស្បើយ​ជំងឺ​កូ​វីដ​-១៩ ចំនួន​៣​នាក់​។ នេះ​បើតាម​ក្រសួងសុខាភិបាល​។​

 
​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ករណី​វិជ្ជមាន​ចំនួន​៣​នាក់​ថ្មី​នៅថ្ងៃនេះ គឺជា​ស្ត្រី និង​បុរស​ជនជាតិខ្មែរ​អាយុ​៦៦​ឆ្នាំ និង​អាយុ​៧០​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ដូចគ្នា ។​ពួកគេ​បានធ្វើ​ដំណើរ​មកពី​ប្រទេស​អា​រម​រិ​ក ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។ បច្ចុប្បន្ន​អ្នក​ទាំងពីរ​កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន​។​
 
​ចំណែក​អ្នក​ឆ្លង​ម្នាក់ទៀត​ជា បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា អាយុ​៣១​ឆ្នាំមាន​អាសយដ្ឋាន​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ប្រទេស​នី​ហ្សេ​រី​យ៉ា ហើយ​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​២០ ខែមករា​។ បច្ចុប្បន្ន​បុរស​នេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​
 
​ចំពោះ​អ្នករួមដំណើរ​ជាមួយនឹង​អ្នកជំងឺ​ទាំង​៣​នាក់ ចំនួន​១២៧​នាក់​ទៀត ត្រូវបាន​ធ្វើតេស្ត​ដោយ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩ ហើយក៏​កំពុងតែ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សណ្ឋាគារ​មួយចំនួន​ផងដែរ​។​
 
​សម្រាប់​អ្នក​ដែលជា​សះស្បើយ​ចំនួន​៣​នាក់​នៅថ្ងៃនេះ គឺ​សុទ្ធតែជា​ពលករ​មកពី​ប្រទេស​ថៃ ក្នុងនោះ​ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ​២៦​ឆ្នាំ រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​៥ ខែមករា​។ ស្ត្រី​ខ្មែរ​អាយុ​៣៤​ឆ្នាំ រស់នៅ​ក្នុងស្រុក​មោងឫស្សី​ខេត្តបាត់ដំបង បាន​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​១១ ខែមករា និង​ស្ត្រី​ខ្មែរ​ម្នាក់ទៀត​មាន​អាយុ​៣៦​ឆ្នាំ ស្ថិតនៅក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង​។ 
 
​កម្ពុជា មាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន​៤៥៦ នាក់ និង​ជាសះស្បើយ​៣៩៩​នាក់​៕

Tag:
 ​ជំងឺ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com