ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់​មន្ត្រី​ទាំងអស់ កុំឱ្យ​ប្រពន្ធ​លូកលាន់​ការងារ​
22, Jan 2021 , 11:19 am        
រូបភាព
​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន ប្រាប់​មន្ត្រី​ទាំងអស់ កុំឱ្យ​ប្រពន្ធ​លូកលាន់​កិច្ចការងារ ដែលនាំឱ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​។ សម្ដេច ថ្លែង​បែបនេះ នៅក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​ថ្មី​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២២ មករា​។​



​សម្ដេច ហ៊ុន សែន បាន​លើក​ដំណាល​ថា មាន​មន្ត្រី​ខ្លះ ពេល​បាន​ឡើង​ដំណែង​និង​តួនាទី ស្រាប់តែ​ឱ្យ​ប្រពន្ធ​ទៅ​រៀបចំ​ការិយាល័យ​ការងារ តាំងពី​តុ​អង្គុយ និង​មើលគ្រូ​ទស្ស​ទាយ​ពី​ហុងស៊ុយ​ឡើងទៅ​។ សម្ដេច ហ៊ុន សែន ចាត់ទុក​ទង្វើ​បែបនេះ គឺជា​ការ​បើកដៃ​ឱ្យ​ប្រពន្ធ​លូកលាន់​កិច្ចការងារ ដែលនាំឱ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​។​
 
«​វា​មិន​គប្បី​ភ្នែក​មន្ត្រី​ធ្វើការ​ជាមួយ​យើង ចាំបាច់​អី​ឱ្យ​ប្រពន្ធ​មក​ត្រួត​ដល់​ការិយាល័យ​កន្លែងធ្វើការ​របស់​ប្តី​នោះ​។ កន្លែងធ្វើការ​ល្អ​ហើយ តែ​ខ្ញុំ​សុំ​រម្លឹក​ថែមទៀត គឺ​ប្រសិទ្ធភាព​ការងារ បើ​អត់​មាន​ប្រសិទ្ធភាព​ហើយ ខ្ញុំ​សូមជម្រាបថា ទោះបី​អគារ​ហ្នឹង​ល្អ​ហើយ លើស​ហ្នឹង​១០​ដង ក៏​វា​នៅតែ​ប៉ុ​ណ្ណឺង​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ដែល​បាន​បន្ថែមថា កន្លែង​ការងារ​កាន់តែ​ល្អ ត្រូវធ្វើ​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព តាមបែប​ទំនើបកម្ម​។​
 
​មិនតែប៉ុណ្ណោះ​សម្ដេច ក៏​ប្រាប់​ឱ្យ​ប្រធាន​មន្ទីរ​ខេត្ត​ទាំងអស់ ប្រុងប្រយ័ត្ន​ចំពោះ​ការបំពេញ​ការងារ ដោយ​កុំ​ធ្វើការ​ងារ​បែប​ខ្ជះខ្ជាយ ។ ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ដូច្នេះ​ថា​៖« សូម​លោក​ប្រធាន​មន្ទីរ​ទាំងឡាយ សូម​ប្រយ័ត្ន​ត្រង់នេះ ដោយសារ​ប្រធាន​មន្ទីរ គឺ​ត្រូវ​ចាត់តាំង​តាម​ប្រកាស​រដ្ឋមន្ត្រី ក្រោយ​មាន​សំណើរ​ពី​គណៈ​អភិបាលខេត្ត​។ អ៊ីចឹង​ទេ​បែរជា​មិន​ស្ដាប់​អភិបាលខេត្ត ទៅ​ស្ដាប់​តែ​រដ្ឋមន្ត្រី​។ ហើយ​ពេលខ្លះទៀត ដោយសារ​ខ្លួន​នៅ​ថ្នាក់ក្រោម​ជាតិ មិន​ស្ដាប់​រដ្ឋមន្ត្រី ទៅតាម​តែ​គណៈ​អភិបាល​។ តែ​រឿង​សំខាន់​ជាង​ហ្នឹង​ទៀត ទៅប្រាប់​ចៅហ្វាយខេត្ត​ថា ខ្ញុំ​ប្រាប់​រដ្ឋមន្ត្រី តែ​ដល់ពេល​រដ្ឋមន្ត្រី ឆ្លើយថា​ខ្ញុំ​អត់​ដឹង​។ អ៊ីចឹង​ទី​ចុង​បំផុត​មនុស្ស​នេះ អត់​ដឹង​នៅ​ណា​ពិតប្រាកដ​»​។​
 
​សម្ដេច ហ៊ុន សែន ចាត់ទុក​មន្ត្រី​បែបនេះ ជា​មន្ត្រី​ធ្វើការ​ងារ​ជិះសេះ​លែងដៃ ដែល​មិន​ផ្ដល់​ផល​រីកចម្រើន​ដល់​សង្គមជាតិ​ឡើយ​៕
 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com