កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ប្រកាស​ទទួលខុសត្រូវ​ពេញទី ក្រោយ Liverpool ចាញ់​ក្នុង​ដី​ដំបូង​តាំងពី​ឆ្នាំ​២០១៧
22, Jan 2021 , 11:59 am        
រូបភាព
​លោក Jurgen Klopp ទទួលខុសត្រូវ​ទាំងស្រុង​បន្ទាប់ពី Liverpool មិនអាច​រក្សា​កំណត់ត្រា​មិន​ចាញ់​ក្នុង​ដី​លើក​ទី​៦៨​ប្រកួត​នៅ Premier League បាន​។ ហង្ស​ក្រហម​បរាជ័យ​គួរឱ្យភ្ញាក់ផ្អើល​ក្រោម​ថ្វី​ជើង Burnley ១-០ នៅ Anfield នៅ​ថ្ងៃទី​២១ ខែមករា​។​



​នេះ​ជា​បរាជ័យ​នៅលើ​ទឹកដី​ខ្លួន​ក្នុងការ​ប្រកួត​លី​គ​លើកដំបូង​របស់ Livepool ក្រោម​ការដឹកនាំ​របស់ Klopp ចាប់តាំងពី​ខែមេសា ឆ្នាំ​២០១៧​។ ខ្សែប្រយុទ្ធ Ashley Barnes ដែល​សម្រេច​ទី​ចុង​ម៉ោង​ឲ្យ Burnley ទទួលបាន​៣​ពិន្ទុ ជា​អ្នក​បញ្ចប់​ភាពមិន​ចាញ់​របស់​ម្ចាស់​ជើងឯក​ត្រឹម​ប្រកួត​លើក​ទី​៦៨​។​
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ បរាជ័យ​នៅ Anfield នេះ​បានធ្វើ​ឲ្យ Liverpool មាន​គម្លាត​ពិន្ទុ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង Manchester United ចំនួន​៦​ពិន្ទុ ក្រោយ​ឆ្លងកាត់​ការប្រកួត​១៩​លើក​ដូចគ្នា​។ ក្រុម​លោក Klopp រកបាន​៣៤​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៤ និង​តាម​ពីក្រោយ​ក្រុម​លេខ​២ និង​៣ Manchester City និង Leicester City ចំនួន ៤​ពិន្ទុ​ផងដែរ​។​
 
​ក្រោយ​ចាញ់ Burnley ដែលជា​ក្រុម​ខ្សោយ​រដូវ​កាល​នេះ អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់ សុខចិត្ត​ទទួលកំហុស​នេះ​ទាំងស្រុង​តែម្តង ខណៈ​ក្រុម​មិនអាច​ទទួល​អ្វីដែល​ចង់បាន​។ 
 
​លោក Klopp បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា​៖ «​យើង​បាន​ចាញ់​ការប្រកួត​ដែល​ខ្ញុំ​គិតថា​មិនអាច​ចាញ់​ទាល់តែសោះ​។ នោះ​ជា​កំហុស​របស់ខ្ញុំ​ព្រោះ​ការងារ​របស់ខ្ញុំ​គឺ​ធ្វើ​យ៉ាង​ឱ្យ​ក្រុម​ទទួលបាន​ជ័យជម្នះ​។ ជាក់ស្តែង​បើ​ទោះ​យើង​គ្រប់គ្រង​បាល់ និង​មានឱកាស​ច្រើន តែ​យើង​នៅតែ​ទទួលបាន​លទ្ធផល​ខក​ចិត្ត ព្រោះនេះ​ជា​បាល់ទាត់​»​។​
 
Livepool នឹងត្រូវ​បន្តទៅ​ជួយ​ក្រុម​ខ្លាំង Tottenham Hotspur នៅ​ជំនួប​ក្រោយនេះ​ទៀត ហើយ​ប្រសិន​ពួកគេ​មិនអាច​រកបាន​៣​ពិន្ទុ​ទេនោះ នឹង​ពិបាក​សម្រាប់​ការការពារ​តំណែង​ជើងឯក​រដូវ​កាល​នេះ​មិន​ខាន​៕

Tag:
 Jurgen Klopp
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com