ជាតិ
សង្គមជាតិ
កម្មកររោងចក្រឃែនធឺរេន បិទផ្លូវវេងស្រេង ដើម្បីទាមទារឲ្យថៅកែបើកប្រាក់ឈ្នួលទៀងទាត់ កម្មកររោងចក្រឃែនធឺរេន បិទផ្លូវតវ៉ា ឲ្យថៅកែបើកប្រាក់ឲ្យទៀងទាត់នៅថ្ងៃទី២២មករា ២០២០។ (រូបពី លោក សឿន វ៉ាន់ដេត និងសហព័ន្ធសហជីពចលនាកម្មករ)
× ភ្នំពេញ៖ កម្មករប្រមាណ៥០០នាក់ នៃរោងចក្រឃែនធឺរេន (Canteran Apparel Cambodia Co.,LTD) បាននាំគ្នាបិទផ្លូវវេងស្រេង នៅក្នុងសង្កាត់ចោចៅ១ ដើម្បីទាមទារឲ្យចៅកែបើកប្រាក់ឈ្នួលឲ្យទៀងទាត់។ កម្មកររោងចក្រ អះអាងថា ការបើកប្រាក់យឺតយ៉ាវនេះ គឺកើតមានជាង១ឆ្នាំមកហើយ។
នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ កម្មករ-កម្មការិនីនៃរោងចក្រកាត់ដេរឃែនធឺរេន ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នាធ្វើពហិការមិនចូលបម្រើការងារ ដោយសារតែក្រុមហ៊ុនបើកប្រាក់ឈ្នួលមិនបានទៀងទាត់។ កម្មការិនីម្នាក់ ឈ្មោះ ត្រេស ពិសិដ្ឋ ដែលធ្វើការយៈពេល២ឆ្នាំក្នុងរោងចក្រឃែនធឺរេនប្រាប់សារព័ត៌មានថ្មីៗថា ការបើកប្រាក់ខែយឺតយ៉ាវនេះ ធ្វើឲ្យជីវភាពរបស់ពួកគេ ជួបការលំបាកយ៉ាងខ្លាំង ដោយសារខ្វះប្រាក់បង់ថ្លៃផ្ទះ បង់ថ្លៃធនាគារ និងចំណាយប្រចាំថ្ងៃ។
កម្មការិនីរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖«ក្រុមហ៊ុនអត់បើកប្រាក់ខែឲ្យពួកខ្ញុំទៀងទាត់ទេ គឺស្រេចតែគាត់បើកឲ្យ...ដោយសារលំបាកលុយហ្នឹងបានតវ៉ា ហើយខ្ញុំទាមទារឲ្យបើកប្រាក់ឲ្យបានទៀងទាត់ ហើយសុំឲ្យបើកប្រាក់អតីតភាពផងដែរ...»។ កម្មការិនីរូបនេះ បានបន្ថែមថា កន្លងមកធ្លាប់បានដាក់លិខិតសុំអន្តរាគមន៍ទៅក្រសួងដែរ ប៉ុន្តែមិនឃើញមានលទ្ធផល។ រយៈពេលជាងមួយឆ្នាំមកនេះ ពួកគេតវ៉ាប្រមាណ៥ដងហើយ ដោយតែបញ្ហាបើកប្រាក់យឺតយ៉ាវ។
បន្ទាប់ពីមានការបិទផ្លូវ អាជ្ញាធរខណ្ឌ បានចុះសម្របសម្រួល ហើយក៏បានស្នើឲ្យតំណាងកម្មករ១០នាក់ ចូលប្រជុំជាមួយភាគីរោងចក្រ ក្រសួងការងារ និងអ្នកពាក់ព័ន្ធផ្សេងទៀត។ ការបិទផ្លូវវេងស្រេង ធ្វើឲ្យមានការកកស្ទះចរាចរណ៍នៅតំបន់នោះផងដែរ ដោយសារកម្មករនៃរោងចក្រឃែនធឺរេនមានប្រមាណ៥០០នាក់។ ក្រោយសម្របសម្រួលពីអាជ្ញាធរខណ្ឌកម្មករសម្រេចបើកផ្លូវឲ្យយានយន្តធ្វើដំណើរវិញ ហើយកម្មករដែលតវ៉ាទាំងអស់ក៏បន្តអង្គុយរង់ចាំដំណោះស្រាយនៅខាងមុខរោងចក្រ។
នេះគឺជាទិដ្ឋភាពដែលកម្មករតវ៉ាបិទផ្លូវវេងស្រេងនៅព្រឹកថ្ងៃទី២២មករា ឆ្នាំ២០២១៕
រាយការណ៍ដោយ លោក សឿន វ៉ាន់សឌេធ
Tag:
កម្មករ
តវ៉ា
បិទផ្លូវវេងស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com