កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ព្រមាន​កីឡាករ​ណា​ចូលរួមពាន European Super League នឹងមិន​ឲ្យ​លេង World Cup
22, Jan 2021 , 3:50 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ប្រកាស​នៅ​ថ្ងៃទី​២២ ខែមករា​នេះ​ថា កីឡាករ​រូប​ណា​ដែល​ចូលរួម​ការប្រកួត​ពាន​រង្វាន់​ដែល​គ្រោង​បង្កើត​ថ្មី European Super League នឹងត្រូវ​រារាំង​មិន​ឲ្យ​លេង​ក្នុង​ការប្រកួត World Cup ឬ​ជំនួប​អន្តរជាតិ​ផ្សេងៗ​។ FIFA មិន​ទទួលស្គាល់​ពាន Super League នេះឡើយ​។​


FIFA និង​សហព័ន្ធ​កីឡាបាល់ទាត់​ចំនួន​៦ ដែល​រួមមាន​ទាំង UEFA ផង បានបញ្ជាក់​ជាថ្មី​ថា​ការប្រកួតប្រជែង​ពានរង្វាន់​ដែលមាន​ឈ្មោះ European Super League នេះ «​នឹងមិន​ត្រូវ​បានទទួល​ស្គាល់​ឡើយ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ក្រោយ​ការជជែក​ដេញដោល​លើ​គំនិត​បង្កើតពាន​នេះ សមាជិក​ដែល​បាន​ចូលរួម​យល់ឃើញថា នេះ​ជាការ​គំរាមកំហែង​ដល់​ការប្រកួត​ពានរង្វាន់​ក្របខណ្ឌ​អឺរ៉ុប​ដ៏​ល្បីឈ្មោះ UEFA Champions League​។​
 
​តាមរយៈ​សេចក្តីប្រកាស​របស់លោក Gianni Infantino ប្រធាន FIFA លោក រួមជាមួយ​ប្រធាន​សហព័ន្ធ​ទាំង​៦​ទ្វីប​សរសេរថា​៖ «​ក្លិប ឬ​កីឡាករ​ណាមួយ​ដែល​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ពាន European Super League នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុងការ​ប្រកួត​ដែល​រៀបចំ​ដោយ FIFA ឬ​សហព័ន្ធ​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​ពួកគេ​ឡើយ​»​។ 
 
​សហព័ន្ធ​កីឡាបាល់ទាត់​ទាំង​៦​ទ្វីប ដែល​គាំទ្រ​ចំណាត់ការ​របស់ FIFA រួមមាន សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC), សហព័ន្ធ​កីឡាបាល់ទាត់​អាហ្វ្រិក (CAF), សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក​ខាងជើង (Concacaf), សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក​ឡាទីន (Conmebol), សហព័ន្ធ​កីឡាបាល់ទាត់​អូ​សេ​អា​នី (OFC) និង សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA)​។​
 
​កាលពី​ខែតុលា លោក Josep Maria Bartomeu អតីត​ប្រធាន​ក្លិប Barcelona ធ្លាប់បាន​អះអាង​ដែរ​ថា ក្លិប​អ្នកមាន​បុណ្យ​បាន​ទទួលយក​សំណើ​ដើម្បី​ចូលរួម​លេង​នៅក្នុង​ពាន European Super League រួចហើយ​។​
 
​ស្របពេល​គ្នា​នេះ FIFA ក៏បាន​លើកឡើង​ពី​ការបង្កើតពាន​ថ្មី European Premier League នៅក្នុង​របាយការណ៍​នោះដែរ​។ ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​ពិភពលោក កំពុង​ពិភាក្សា​លើ​ការអនុញ្ញាត​ឲ្យ​ដំណើរការពាន​ដែលមាន​តម្លៃ​៦​ពាន់​លាន​ដុល្លារ ហើយ​មាន​ក្រុម​ពី​លី​គ​កំពូល​អឺរ៉ុប​ទាំង​៥​ចូលរួម​។ European Premier League គ្រោង​នឹង​ចាប់ផ្តើម​ការប្រកួត​សាកល្បង​នៅ​ឆ្នាំ ២០២២៕

Tag:
 FIFA
  European Super League
© រក្សាសិទ្ធិដោយ thmeythmey.com