ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី ធុញទ្រាន់​នឹង​ការលើកឡើង​រឿង​លុប​បឹង​
22, Jan 2021 , 9:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធី​សម្ពោធ​អគារ​ទីស្តីការ​ថ្មី​នៃ​ក្រសួង​សាធារណការ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច) និងទិដ្ឋភាពបឹងតាមោក ស្ថិតក្នុងខណ្ឌព្រែកព្នៅ ខាងជើងរាជធានីភ្នំពេញ (រូបពីគណនីហ្វេសប៊ុក Rak sa)
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធី​សម្ពោធ​អគារ​ទីស្តីការ​ថ្មី​នៃ​ក្រសួង​សាធារណការ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច) និងទិដ្ឋភាពបឹងតាមោក ស្ថិតក្នុងខណ្ឌព្រែកព្នៅ ខាងជើងរាជធានីភ្នំពេញ (រូបពីគណនីហ្វេសប៊ុក Rak sa)
​ការ​លុប​បឹង​ទាំង​នៅក្នុង​រាជា​ធានី​ភ្នំពេញ និង​នៅ​ជាយៗ​រាជធានី​ភ្នំពេញ បាន​រង​ការរិះគន់ និង​ការបញ្ចេញមតិ​ជាប់​មិន​ដាច់​ពី​មជ្ឈដ្ឋាន​មួយចំនួន​។ ប្រមុខ​រដ្ឋាភិបាល បង្ហាញ​អារម្មណ៍​ធុញទ្រាន់​ចំពោះ​ការលើកឡើង​របស់​មជ្ឈដ្ឋាន​ទាំងនោះ ជុំវិញ​រឿង​លុប​បឹង​នេះ​។​

 

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ចូលរួម​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ​ទីស្តីការ​ថ្មី​នៃ​ក្រសួង​សាធារណការ និង វិទ្យាស្ថាន តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន នា​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​។ វា ជា​វេទិកា​លើកដំបូង​បំផុត សម្រាប់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ដែល​ឡើង​ថ្លែង​សុ​ន្ទរ​កថា​ជា​សាធារណៈ​ក្នុង​ឆ្នាំ​២០២១​នេះ​។​
 
​ក្នុង​សុន្ទរ​កថា​រយៈពេល​ជិត​២​ម៉ោង សម្តេច​ប្រមុខ​រដ្ឋាភិបាល បាន​និយាយ​ច្រើន​ពី​ការអភិវឌ្ឍ​ប្រទេសជាតិ រួមទាំង​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ​ផងដែរ​។ និយាយ​ដល់​ការអភិវឌ្ឍ​នេះ សម្តេច ក៏​នឹក​ភ្លក​ទៅដល់​រឿង​គេ រិះគន់ ពី​ការ​លុប​បឹង​។ សម្តេច បានបង្ហាញ​ពី​អារម្មណ៍​របស់ខ្លួន​ថា​៖«​អ៊ីចឹង​បានជា​ខ្ញុំ មានការ​ធុញទ្រាន់​ជាមួយនឹង​ការលើកឡើង​ច្រំ​ដដែលៗ​នៃ​មនុស្ស​មួយចំនួន ដែលថា​យើង​លុប​បឹង យើង​លុប​អានេះ យើង​លុប​អានោះ​...»​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ចោទសួរ​ទៅកាន់​អ្នក​រិះគន់ថា តើ​កាលពីដើម នៅ​រាជធានី​ភ្នំពេញ កន្លែង​ណា​គោក កន្លែង​ណា​ទឹក​? នាយករដ្ឋមន្ត្រី ដែល​កាន់អំណាច​ជាង​៣​ទសវត្សរ៍​រូបនេះ ឆ្លើយ​ដោយ​ខ្លួនឯង​ថា កាលពីដើម រាជធានី​ភ្នំពេញ សុទ្ធតែ​បឹង​ទាំងអស់ ដោយ​ហោចទៅ សូម្បីតែ​ផ្ទះ​របស់លោក [​នៅ​ជិត​វិមានឯករាជ្យ​សព្វថ្ងៃ​] រួមទាំង​វិមានឯករាជ្យ ក៏ត្រូវ​បាន​សាងសង់​នៅលើ​ព្រែក​ដែរ​។ 
 
​មេដឹកនាំ​រូបនេះ បង្ហាញ​ការ​ងឿ​ង​ឆ្ងល់​ថា​៖«[​កាលពីមុន​] យើង មាន​បឹងរាំង យើង មាន​បឹង​ព្រលឹត យើង ​មាន​បឹង​កេងកង យើង​ មាន​បឹង​នេះ​បឹង​នោះ សុទ្ធតែ​បឹង​ទាំងអស់​នៅ​ទីក្រុង​ភ្នំពេញ​។ ចុះ​ពេលនោះ ម៉េច​ក៏​គេ​លុប​បាន ឥឡូវ ម៉េច​ក៏​ខ្ញុំ​លុប​មិនបាន​? មើល​មើល​និយាយ​គ្នា​តិច​មើល ក្រែង​ត្រូវការ​អភិវឌ្ឍ​ហេ​? បើ​ត្រូវការ​អភិវឌ្ឍ វា ត្រូវការ​លុប​»​។  
 
​សម្តេច ហ៊ុន សែន បន្ត​លើក​ជា​សំណួរ​ថា បើ​មិន​លុប​បឹង ធ្វើ​ម្ត៉េ​ច នឹង​អាច​ចាក់ដី​អភិវឌ្ឍ​បាន​? ដោយ​មិនទាន់​អស់ចិត្ត សម្តេច បាន​លើក​ជា​សំណួរ​ស្រដៀង​នឹង​សំណួរ​ខាងលើ​ម្តង​ទៀតថា​៖«​ខ្ញុំ ចេះតែ​ឆ្ងល់​ថា អ្នកដទៃ អាចធ្វើ​បាន [​លុប​បាន​] ជំនាន់​មុន ធ្វើបាន ជំនាន់​ខ្ញុំ ធ្វើ​មិនបាន​ហេ​?»​។​
 
​បន្ទាប់មក សម្តេចនាយក​រដ្ឋមន្ត្រី អធិប្បាយ​ថា​៖«​ប្រទេស​នានា គេ បូម​ដល់​ទៅ​សមុទ្រ ពង្រីក​សមុទ្រ​យក​ដី ដើម្បី​អភិវឌ្ឍ​ទៅហើយ ម៉េច​ក៏​កម្ពុជា ធ្វើ​នេះ​ក៏​ខុស ធ្វើ​នោះ​ក៏​ខុស​? ច្រណែន​ក៏​អី និយាយ​មើល​?...[​ប្រទេស​] គេ លុប​បឹង ធ្វើ​ទីក្រុង​អស់រលីង​ហើយ ឯង មក​ជេរ​ឯង​ចុះឡើងៗ​។ ទេ អា​រឿង​អ្នក​ជេរ ជេរ​ទៅ យើង ធ្វើ គឺ​ធ្វើ​។ ខ្ញុំ នៅតែ​និយាយ​ដដែល មានតែ​អ្នកឈ្នះ​ប៉ុណ្ណោះ ដែល​អាចមាន​សិទ្ធិ​សរសេរ​ប្រវត្តិសាស្ត្រ​»​។​
 
​សម្តេច​ប្រមុខ​រដ្ឋាភិបាល មើលឃើញ​ចំណុច​វិជ្ជមាន​ថា បើ​ប្រគល់​ផ្នែកនៃផ្ទៃបឹង ទៅ​ឲ្យ​ស្ថាប័នរដ្ឋ កសាង​អគារ គឺ​កន្លែងធ្វើការ​របស់​រដ្ឋ មាន​កាន់តែច្រើន ហើយ​បើ​ប្រគល់ផ្នែកនៃផ្ទៃ​បឹង ទៅ​ឲ្យ​វិស័យ​ឯកជន អភិវឌ្ឍ គឺអាច​ផ្តល់​ការងារ​ដល់​ប្រជាជន​។ បន្ថែម​ពីនេះ សម្តេច មើលឃើញ​ទៀតថា រដ្ឋ ក៏​ទទួលបាន​ពន្ធ​ប្រាក់បៀវត្សរ៍​ពី​បុគ្គលិក ដែល​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែរ ហើយ​អចល​ទ្រព្យ​របស់​ក្រុមហ៊ុន​ឯកជន​ទាំងនោះ ក៏ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ​ថែមទៀត​។ សម្តេច បញ្ជាក់ថា​៖«​អចលនទ្រព្យ​កាន់តែច្រើន ពន្ធ​ចូល​រដ្ឋ​កាន់តែច្រើន ព្រោះ​ត្រូវ​បង់ពន្ធ​អ​ចនទ្រ​ព្យ​ប្រចាំឆ្នាំ​។ ប្រទេសជាតិ រីកចម្រើន​តាមបែប​ហ្នឹង​»​។​
 
​បើតាម​សម្តេចនាយក​រដ្ឋមន្ត្រី ដើមឡើយ រាជធានី​ភ្នំពេញ មាន​ទំហំ​តែ​ជាង​៣០០​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន ដោយសារ​ការអភិវឌ្ឍ រាជធានី​ភ្ន​ពេញ ត្រូវបាន​ពង្រីក​ដល់​ទៅ​ជាង​៧០០​គីឡូម៉ែត្រ​ការ៉េ​ហើយ​។ សម្តេច ថ្លែងថា​៖«​ភាគ​ខាងជើង​ក៏​រីក ភាគខាងត្បូង​ក៏​រីក ភាគ​ខាងលិច​ក៏​រីក តិច​ទៀត​ទៅ ខាង​អរិយ​ក្សត្រ [​ខាងកើត​] ក៏​រីក​ដែរ​»​។ 
 
​របាយការណ៍​ពី​សមាគម​ធាងត្នោត ដែល​ចេញផ្សាយ​កាល​ចុងឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា បឹង​ទាំង​២៦​នៅ​រាជធានី​ភ្នំពេញ សុទ្ធតែ​ត្រូវបាន​ចាក់ដី​លុប ដោយ​ក្នុងនោះ បឹង​១៦ ត្រូវបាន​លុប​ទាំងស្រុង និង​បឹង​១០​ទៀត ត្រូវបាន​លុប​នៅ​ផ្នែក​ខ្លះ​។ សមាគម​ធាងត្នោត មើលឃើញថា ការ​លុប​បឹង​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ជីវចម្រុះ បរិស្ថាន បង្ក​ឲ្យ​មាន​ទឹកជំនន់ ហើយ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ ប្រឈម​នឹង​ការបាត់បង់​លំនៅឋាន​៕
 

Tag:
 ហ៊ុន សែន​
  លុប​បឹង
© រក្សាសិទ្ធិដោយ thmeythmey.com