ដំណើរវិវត្តន៍សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍ តែងតែផ្លាស់ប្តូរនូវការប្រើប្រាស់ដី ជាពិសេស ដីកសិកម្ម និងដីបម្រើនៅក្នុងវិស័យលំនៅដ្ឋាន និងឧស្សាហកម្ម។ សម្រាប់កម្ពុជាផ្ទាល់ គឺកំពុងឆ្លងកាត់នូវដំណាក់កាលនេះ ដោយកំពុងបំលែងដីកសិកម្មទៅជាដីលំនៅដ្ឋាន តាមរយៈគម្រោងពុះដីឡូត៍ និង គម្រោងអភិវឌ្ឍនានានៅក្នុងវិស័យអចលនទ្រព្យ។ បញ្ហានេះ នាំឱ្យអ្នកជំនាញ បារម្ភពីហានិភ័យ នៃការប្រើប្រាស់ដីធ្លីមិនត្រឹមត្រូវ។
ការអភិវឌ្ឍវិស័យអចលនទ្រព្យលើដីកសិកម្មនាបច្ចុប្បន្នបានបំលែងដីស្រែ-ចម្ការ នៅក្បែរភូមិរបស់ពលរដ្ឋ ក្លាយជាលំនៅដ្ឋានដែលមានតម្លៃខ្ពស់។ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការបំលែងដីស្រែទៅវិស័យអចលនទ្រព្យបែបនេះ វាមិនមានផលប៉ះពាល់ច្រើនភ្លាមៗទេ ប៉ុន្តែនិន្នាការបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខស្បៀងក្នុងប្រទេសនៅពេលខាងមុខ។ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជារូបនេះ បាននិយាយដូច្នេះ៖«ការវិវត្តន៍បែបនេះយូរៗបន្តិតទៀតទៅ វាអាចទៅជាបញ្ហាសន្តិសុខស្បៀងក្នុងប្រទេស ដែលយើងផ្គត់ផ្គង់ស្បៀងនៅក្នុងស្រុកយើងមិនបាន»។
ជាមួយគ្នានេះ លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ក៏មើលឃើញថា កម្ពុជានឹងបាត់បង់លទ្ធភាព ឬសមត្ថភាពក្នុងការអភិវឌ្ឍវិស័យកសិកម្មនាពេលអនាគត ប្រសិនបើគ្មានវិធានការទប់ស្កាត់ហានិភ័យដែលបណ្តាលមកពីសន្ទុះដីធ្លី និងការកែប្រែដីកសិកម្មទៅជាដីលំនៅដ្ឋាន ឬទៅជាដីឧស្សាហកម្ម ពីសំណាក់ក្រុមអ្នកអភិវឌ្ឍវិស័យអចលនទ្រព្យ។
លោក ឆេង គីមឡុង បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖«និន្នាការនៃការបំលែងដីកសិកម្មទៅជាដីលំនៅដ្ឋានឬដីឧស្សាហកម្ម បើគ្មានការគ្រប់គ្រងនូវការប្រើប្រាសដីធ្លីនិងការទប់ស្កាត់មួយចំនួនពីរដ្ឋាភិបាលទេ គឺមិនត្រឹមតែធ្វើឱ្យប៉ះពាល់ខ្លាំងដល់វិស័យកសិកម្មប៉ុណ្ណោះទេ តែថែមទាំងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចមួយទៀត ដែលបានកើតចេញពីវិស័យកសិ-ឧស្សាហកម្ម។ ព្រោះ វិស័យនេះ ជាផ្នែកមួយពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលទាក់ទងទៅនឹងការវិនិយោគ ការកែច្នៃ ការប្រើប្រាស់បច្ចេកវិទ្យា និងការជំរុញនូវការនាំចេញទំនិញនៅក្នុងវិស័យកសិកម្ម»។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានអះអាងថា ការគ្រប់គ្រងដីប្រើប្រាស់ គឺពិតជាមានសារៈសំខាន់ និងភាពចាំបាច់ណាស់ក្នុងការរក្សាតុល្យភាព។
តុល្យភាពដីរវាងកសិកម្ម និងដីលំនៅដ្ឋាន ឬ ឧស្សាហកម្ម
ដើម្បីឱ្យមានតុល្យភាពរវាងការកែប្រែដីកសិកម្មទៅជាដីលំនៅដ្ឋាន ឬដីសម្រាប់ប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្ម វាទាមទារឱ្យរដ្ឋាភិបាលគួរតែមានគោលនយោបាយ និងកម្មវីធី គ្រប់គ្រង ឬបែងចែងដីធ្លីប្រើប្រាស់ឱ្យច្បាស់លាស់។ នេះជាការមើលឃើញរបស់លោក ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។
ក្នុងន័យនេះលោក គឹមឡុង ចង់ពន្យល់ថា រដ្ឋគួរកំណត់តំបន់ណា ជាដីកសិកម្ម , ដីលំនៅដ្ឋាន និងដីសម្រាប់ឧស្សាហកម្ម ដើម្បីធានានូវកំណើនយូរអង្វែង និងប្រកបដោយចីរភាព ដែលអាចទ្រទ្រង់នូវគ្រប់វិស័យក្នជំរុញសេដ្ឋកិច្ចជាតិ និងជាពិសេសគឺសន្តិសុខស្បៀង រួមទាំងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
លើសពីនេះរដ្ឋាភិបាល គួរតែមានគោលនយោបាយឬយន្តការច្បាស់លាស់ និងគួរតែមានការសិក្សាស៊ីជម្រៅទៅលើតំបន់ដីជាក់ស្តែងណាមួយ ដែលគួរនឹងប្រែក្លាយជាដីកសិកម្មឱ្យច្បាស់លាស់ ហើយរដ្ឋ គឺត្រូវដាក់កម្រិតនៃល្បឿននៃការកែប្រែដីកសិកម្មទៅជាដីលំនៅដ្ឋាន ឬដីឧស្សាហកម្ម ពីព្រោះកាលណាដីកសិកម្មបានប្រែក្លាយទៅជាដីលំនៅដ្ឋាន ឬដីឧស្សាហកម្មហើយនោះ វាពុំអាចកែប្រែទៅជាដីកសិកម្មវិញបានទេ។ លោក ឆេង គីមឡុង និយាយដូច្នេះ មិនមែនន័យថា ឱ្យរដ្ឋាភិបាលរារាំងនៃដំណើរការវិវិត្តវិស័យអចលនទ្រព្យនោះទេ ប៉ុន្តែការអភិវឌ្ឍនោះ ត្រូវធ្វើយ៉ាងណាឱ្យមានលក្ខណៈចីរភាព និងមានលក្ខណៈសមស្របទៅនឹងបរិយាកាសនៃសន្ទុះកំណើននិងតម្រូវការសេដ្ឋកិច្ច-សង្គម។
លោក យ៉ង់ សាំងកុមារ អ្នកជំនាញវិស័យកសិកម្ម
ចំពោះបណ្ឌិតកសិកម្មលោក យ៉ង់ សាំកុមារ ការកំណត់ផែនការប្រើប្រាស់ដីធ្លីនាអនាគត គឺជារឿងចាំបាច់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយតំបន់ណាអាចបំលែងទៅជាដីលំនៅដ្ឋាន និងតំបន់ណាមានសក្កានុពលដាំដុះ ត្រូវទុកធ្វើជាដីកសិកម្ម។ បច្ចុប្បន្នកម្ពុជា មានផៃ្ទដីកសិកម្មជាង៦លានហិកតា ដោយលោក យ៉ង់ សាំកុមារ មានប្រសាសន៍ថា៖«ក្នុងចំណោមដីនេះ តើដែនកំណត់យើងត្រូវរក្សាដីសម្រាប់កសិកម្មក្នុងទំហំប៉ុន្មានហិកតា»។
បើតាមលោកបណ្ឌិតកសិកម្មរូបនេះ តំបន់ណាដែលមានហានិភ័យជួបរាំស្ងួត គ្រោះទឹកជំនន់ គួតែបំលែងដីតំបន់នោះទៅជាផ្ទះលំនៅដ្ឋានឬតំបន់ឧស្សាហកម្ម ហើយ តំបន់ដីណាដែលធម្មជាតិអំណោយផលល្អ គឺគួរសម្រុកធ្វើកសិកម្មឱ្យច្រើន និងរដ្ឋាភិបាលត្រូវទុកតំបន់ណាខ្លះសម្រាប់អភិរក្សទៅជាសួនច្បារ ឬបឹងធម្មជាតិ ជាដើម។
កន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវគោលនយោបាយស្តីពីការរៀបចំផែនទីកំណត់តំបន់ដាំដុះដំណាំកសិកម្មឱ្យបានសមស្របទៅតាមសណ្ឋានដី ប្រភេទដី គុណភាពដី និងក្សេត្របរិស្ថានរបស់ប្រភេទដំណាំនីមួយៗ។
បើតាមលោក វេង សាខុន រដ្ឋមន្ត្រីកសិកម្ម ការធ្វើយ៉ាងនេះ ដើម្បីធ្វើការកំណត់ឱ្យបានសុក្រឹត្យអំពីផែនការអភិវឌ្ឍដំណាំកសិកម្មគ្រប់ប្រភេទ និងជាពិសេសកាត់បន្ថយហានិភ័យ ដែលអាចកើតមានជាយថាហេតុទៅលើដំណាំ ដោយសារធនធានដីដែលគ្មានលក្ខខណ្ឌសមស្របឱ្យរុក្ខជាតិដុះលូតលាស់បានល្អ។ លោកបានបញ្ជាក់ថា ការយល់ដឹងអំពីធនធានដី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ប្រជាកសិករ ដើម្បីរួមចំណែកក្នុងការបង្កើនផលិតភាព ស្ថិរភាពផលិតកម្មដំណាំ ការគ្រប់គ្រងដីកសិកម្ម ការកែលម្អដីកសិកម្ម និងការប្រើប្រាស់ដីប្រកបដោយនិរន្តរភាព។
កាលឆ្នាំ១៩៩៧ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម បានសិក្សា និងកំណត់អត្តសញ្ញាណដីសម្រាប់ដាំដុះស្រូវនៅទូទាំងប្រទេស ដោយតំបន់ខ្លះមានបញ្ហាអសន្តិសុខ និងផ្លូវគមនាគមន៍។ លោក វេង សាខុន បានបញ្ជាក់លើនៅគណនីហ្វេសបុកផ្ទាល់ខ្លួន នាថ្ងៃទី២២មករា ថា បច្ចុប្បន្នអគ្គនាយកដ្ឋានកសិកម្ម កំពុងសិក្សា កំណត់ចំណាត់ថ្នាក់ និងរៀបចំផែនទីដីនៅតំបន់ដីដែលមានបញ្ហា និងធ្វើបច្ចុប្បន្នភាពឡើងវិញនៅតាមតំបន់មួយចំនួន ដែលមានប្រព័ន្ធក្សេត្របរិស្ថានប្រែប្រួល។
លោក តឹក វណ្ណារ៉ា ប្រធានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល កំពុងផ្តល់បទសម្ភាសឱ្យអ្នកសារព័ត៌មាន។
សម្រាប់លោក តឹក វណ្ណារ៉ា ការរៀបចំផែនការមេអភិវឌ្ឍនៃការប្រើប្រាស់ដីធ្លីនៅតាមខេត្តនីមួយៗ ក៏ជារឿងមានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ដែលមានការអនុវត្តដោយអាជ្ញាធរថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ។ ប្រធានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលរូបនេះ បានបន្ថែមថា ផែនការមេនៃការប្រើប្រាស់ដីធ្លីនេះ គឺជាការចង្អុលបង្ហាញទាក់ទងពីទិដ្ឋភាពការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម ក៏ដូចជាទិដ្ឋភាពនៃការការពារបរិស្ថាន ។
ប្រធានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល(NGO Forum)លោក តឹក វណ្ណារ៉ា បាននិយាយថាប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះ៖«បើយើងប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាព មានចំណាត់ថ្នាក់ច្បាស់លាស់ ដែលស្របទៅនឹងផែនការមេអភិវឌ្ឍដីធ្លីនោះ គឺវាមិនត្រឹមតែអាចគ្រប់គ្រងវិស័យកម្ពុជាយើងបានល្អនោះទេ តែថែមទាំងជួយឱ្យអាជ្ញាធរងាយស្រួលក្នុងការរគ្រប់គ្រងប្រជាជន និង ជួយជំរុញផ្នែកអភិវឌ្ឍសេដ្ឋកិច្ចមានល្បឿនទៅមុន»។
បើកាលណាទិដ្ឋភាពអភិវឌ្ឍសេដ្ឋកិច្ច មិនរំលោភបំពានទិដ្ឋភាពអភិវឌ្ឍសង្គម ហើយទិដ្ឋភាពអភិវឌ្ឍសេដ្ឋកិច្ច-សង្គម មិនរំលោភបំពានដល់កិច្ចការពារបរិស្ថាន និងកសិកម្ម នឹងធ្វើឱ្យមានតុល្យភាពជាមួយគ្នា នឹងធ្វើឱ្យពលរដ្ឋរួមទាំងប្រទេសជាតិ មានភាពរីកចម្រើនកាន់តែប្រសើរ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក តឹក វណ្ណារ៉ា។
យុទ្ធការលើកទឹកចិត្តដីកសិកម្ម
រដ្ឋាភិបាលគួរតែមានយុទ្ធការ លើកទឹកដីកសិកម្មរបស់ប្រជាពលរដ្ឋ ជាជាងលើកទឹកចិត្តចំពោះដំណើរការរបស់ក្រុមអចលនទ្រព្យ ដែលកំពុងកែប្រែដីកសិកម្មឡើយ។ នេះជាការលើកឡើងរបស់លោក គឹមឡុង។
នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ីរូបនេះ បាននិយថា៖ «ដីកសិកម្មគួរតែមិនត្រូវយកពន្ធទេពីរដ្ឋាភិបាលឡើយ ដើម្បីជំរុញនិងលើកទឹកចិត្តដល់ប្រជាជននៅតែប្រើប្រាស់ដីនោះ ជាដីកសិកម្ម តទៅទៀត។ ក៏ប៉ុន្តែ ចំពោះដីកសិកម្មទាំងអស់ណា ដែលប្រជាជនទិញហើយមិនប្រកបមុខរបរកសិកម្ម ដោយគ្រាន់តែហ៊ុំព័ទ្ធរបងចោល ដីទាំងអស់នោះ គឺគួរតែជាប់ពន្ធនៅក្នុងកម្រិតណាមួយ ដែលធ្វើឱ្យមនុស្សដែលទិញដីកសិកម្មនោះ ដាច់ខាតត្រូវតែប្រើប្រាស់ផ្ទៃដីនោះដាំដំណាំផ្សេងៗ ឬក៏អភិវឌ្ឍទៅជាគម្រោងជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងក្នុងប្រទេសទាំងមូល»។
ស្របជាមួយគ្នា លោក គី សេរីវឌ្ឍន៍អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា និងលោក តឹក សុវណ្ណារ៉ា ប្រធានវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល(NGO Forum) ក៏ទាមទារឱ្យរដ្ឋាភិបាលបង្កើនការជំរុញវិស័យកសិកម្មកម្ពុជា ឱ្យមានផលចំណូលខ្ពស់សម្រាប់កសិករផងដែរ។ អ្នកជំនាញទាំងនេះ អះអាងថា កាលណាប្រជាពលរដ្ឋឬកសិករ ទទួលបានផ្តល់ចំណូលខ្ពស់ពីវិស័យកសិកម្ម នោះប្រជាពលរដ្ឋនឹងលែងលក់ដីស្រែហើយ។
សម្រាប់លោក គី សេរីវឌ្ឍន៍៖«ការទទួលបានផលចំណូល[ពីវិស័យកសិកម្ម]របស់ពលរដ្ឋ គឺត្រូវការក្រសួងកសិកម្ម ផ្តល់បច្ចេកទេស មានការសិក្សាស្រាវជ្រាវ មានពូជ និងមានផ្តល់ទីផ្សារឱ្យគាត់[កសិករ]ត្រឹមត្រូវ។ អ៊ីចឹងវាទៅជានិរន្តរ៍ភាពប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ គឺគាត់លែងលក់ដីហើយ។ កាលណា ពលរដ្ឋមិនមែននិរន្តរ៍នៃប្រាក់ចំណូលទេ គឺគាត់ត្រូវតែលក់ដីហ្នឹង ដើម្បីទៅប្រកបមុខរបរផ្សេង»។
អ្នកជំនាញ ក៏ស្នើឱ្យភាគីពាក់ព័ន្ធនឹងវិស័យកសិកម្មទាំងអស់ ត្រូវបង្កើនលទ្ធភាពពង្រីកទីផ្សារក្នុងនិងក្រៅប្រទេស ជាពិសេសផលិតផលកសិកម្ម ឱ្យមានតម្លៃខ្ពស់ ដើម្បីឆ្លើយតបនឹងជីវភាពរបស់កសិករ និងកំណើនសេដ្ឋកិច្ចជាតិ។
បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងខិតខំជំរុញការបង្កើនទិន្នផលដាំដុះរបស់កសិករទាំងស្រូវ និងដំណាំផ្សេងៗ ឱ្យឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ, តម្រូវការទីផ្សារ និងឆ្លើយតបកំណើនសេដ្ឋកិច្ចជាតិ។ លោក វេង សាខុន មានប្រសាសន៍ប្រាប់សារព័ត៌មានថ្មីៗ កាលពីដើមខែមករា ឆ្នាំ២០២១ថា ៖ «សព្វថ្ងៃកន្លែងខ្លះ ទិន្នផលស្រូវមានការកើនឡើង តាមរយៈយើងផលិតពូជថ្មី និងការគ្រប់គ្រងទឹកបានល្អ ជាដើម»។
បើតាមលោកវេង សាខុន ការជំរុញនៃការបង្កើនទិន្នផលដំណាំនានារបស់កសិករ គឺក្រសួងកសិកម្មបានកំណត់គោលដៅច្បាស់លាស់រួចហើយ។ «យើងធ្វើតាមគោលដៅរបស់យើង ដែលបានកំណត់នីមួយៗ។ កន្លែងដែលយើងជំរុញក្នុងការដាំដុះ លុះត្រាតែជាកន្លែងណាដែលស្ថិតនៅក្នុងគោលដៅ ហើយប្រជាជនស្ម័គ្រចិត្តចូលរួមជាមួយគម្រោងរបស់យើង។ ទន្ទឹនឹងនេះ យើងកំពុងទីផ្សារថ្មីៗក្នុងនិងក្រៅប្រទេស សម្រាប់កំណើននូវផលិតផលកសិកម្មផងដែរ»។ នេះបើតាមរដ្ឋមន្ត្រីកសិកម្ម។
វិស័យអចលនទ្រព្យ កំពុងលើសតម្រូវការជាក់ស្ដែង?
កាលណាគោលនយោបាយរបស់រដ្ឋាភិបាលរឹតត្បិតលើការអភិវឌ្ឍវិស័យអចលនទ្រព្យខ្លាំងពេក ធ្វើឱ្យប៉ះពាល់ដល់តម្លៃដីធ្លី បានន័យថា តម្លៃដីនឹងហក់ខ្ពស់ឡើង។ ប៉ុន្តែវិស័យអចលនទ្រព្យ ក៏កំពុងលើសតម្រូវការជាក់ស្ដែងដែរ។ នេះជាការមើលឃើញលោក ឆេង គីមឡុង។
«ខ្ញុំនិយាយនេះ គឺសំដៅលើតម្រូវការផ្ទះចាំបាច់ជាក់ស្តែងក្នុងការរស់នៅ មិនមែននិយាយពីតម្រូវការទិញផ្ទះហើយលក់ទៅវិញ ដើម្បីប្រាក់ចំណេញលើដីដែលឡើងថ្លៃបន្ថែមនោះទេ»។ នេះបើតាមលោក ឆេង គីមឡុង ដែលបានបន្ថែមថា កម្មវិធីពុះដីឡូត៍លក់មួយចំនួន បានជំរុញឱ្យប្រជាជនសម្រុកទិញដីឡូត៍ទុកចោល ដោយពុំបានប្រកបមុខរបរកសិកម្ម ហើយក៏ពុំបានធ្វើសកម្មភាពជាគម្រោងអភិវឌ្ឍជំរុញសេដ្ឋកិច្ចទេ។ ប៉ុន្តែសកម្មភាពពុះដីឡូតិ៍នេះ កំពុងបំពេញលើសពីតម្រូវការនិងការផ្គត់ផ្គង់ជាក់ស្តែងទៅវិញ ដែលវាអាចមានហានិភ័យដល់សង្គម និងវិស័យកសិកម្ម។
លោក ឆេង គីមឡុង គីមឡុង និយាយដូច្នេះ៖«បើសន្ទុះគម្រោងពុះដីឡូត៍ឬការអភិវឌ្ឍលំនៅដ្ឋានហ្នឹង ចេះតែរីកដុះដាលខ្លាំងទៅៗ លើសពីតម្រូវការសង្គមជាក់ស្តែង ឬមិនឆ្លើយតបនឹងតម្រូវការផ្ទះសម្បែងជាក់ស្តែងនោះ វានឹងអាចឱ្យសង្គមកម្ពុជា មានហានិភ័យ នាពេលអនាគតណាមួយ»។
ជាមួយគ្នានេះ លោកបានបញ្ជាក់ថា រដ្ឋាភិបាលគួរតែអនុវត្តគោលនយោបាយដីធ្លី ដែលទាមទារឱ្យអ្នករកស៊ីវិស័យអចលនទ្រព្យ អនុលោកស្របគោលនយោបាយនិងយុទ្ធការជាក់ស្តែងរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ហានិភ័យដីធ្លី និងអាចធានាឱ្យប្រជាជនកម្ពុជា មានលំនៅដ្ឋានសមរម្យ ស្របទៅនឹងទិសដៅជាតិ នៅឆ្នាំ២០៣០នោះ និងឆ្នាំ២០៥០ ។
សម្រាប់លោក តឹក វណ្ណារ៉ា គម្រោងសាងសង់លំនៅដា្ឋនថ្មីសម្រាប់របស់ប្រជាពលរដ្ឋរស់នៅ ក្រៅពីស្របនឹងកំណើនសេដ្ឋកិច្ចជាតិហើយនោះ ក៏ទាមទារឱ្យមានការគោរពស្តង់ដារប្រព័ន្ធផ្លូវ ប្រព័ន្ធលូ ទីលានចាក់សំរាមត្រឹមត្រូវ សួនច្បារ សួនកម្សាន្តនានា ដើម្បីរក្សាការរស់នៅរបស់ពលរដ្ឋប្រកបដោយផាកសុខភាព ស្របទៅនឹងកំណើតសេដ្ឋកិច្ចជាតិ។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងខាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីសុំការឆ្លើយតបនឹងអ្នកជំនាញ ដែលកំពុងបារម្ភពីការប្រើប្រាស់ដីធ្លីមិនត្រឹមត្រូវ បានឡើយ កាលពីថ្ងៃទី២១ មករា៕