ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រៅពីការថែរក្សាកេរដំណែល ក្រុមកេរបានជួយតម្រង់ផ្លូវយុវជនក្នុងវិស័យសិល្បៈបុរាណខ្មែរ
23, Jan 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ យុវជនមួយក្រុម ដែលភាគច្រើនជាជនមានពិការភាព បានបង្កើតក្រុមសិល្បៈមួយឡើង ដោយដាក់ឈ្មោះថា”កេរ” ដើម្បីរៀបចំចងក្រងសិល្បៈបុរាណខ្មែរច្រើនទម្រង់ជាវីដេអូ និងផ្សព្វផ្សាយទៅកាន់សាធារណជន។ បេសកកម្មនេះ ក៏បានជួយតម្រង់ផ្លូវយុវជនខ្មែរមួយចំនួន ឱ្យបានហ្វឹកហាត់ជំនាញសិល្បៈបុរាណកាន់តែប្រសើរឡើយផងដែរ។



តទៅនេះសូមអញ្ជើញប្រិយមិត្តស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖





មានសមាជិកស្ម័គ្រចិត្តជាង១០រូប ក្រុមកេរបង្កើតឡើងក្នុងគោលបំណងចងក្រង និងផ្សព្វផ្សាយទម្រង់សិល្បៈបុរាណខ្មែរច្រើនទម្រង់ជាវីដេអូ ដើម្បីឱ្យប្រជាជនខ្មែរ ជាពិសេសយុវជនបានស្គាល់ទម្រង់សិល្បៈវប្បធម៌ជាតិទូលំទូលាយ។ ជ្រកក្រោមផ្ទះល្វែងជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សមាជិកទាំងអស់នៅក្នុងក្រុមនេះ ឡើងមកពីតាមបណ្ដាខេត្តនានា ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ក្នុងរាជធានីភ្នំពេញ។ ឆ្លៀតពេលទំនេរបន្តិចបន្តួចពីការសិក្សា យុវជនដែលភាគច្រើន ជាជនមានពិការភាពនោះ បានខំរួមចំណែកថែរក្សានិងផ្សព្វផ្សាយពីសិល្បៈវប្បធម៌ដូនតា។
 
ក្រោយការហាត់សមសិល្បៈទម្រង់យីកេរួច លោក វិន វិចិត្រ ដែលជាប្រធានក្រុមកេរ បានឆ្លៀតផ្ដល់បទសម្ភាសដល់សារព័ត៌មានថ្មីៗថា គោលបំណងសំខាន់នៃការបង្កើតក្រុមកេរ គឺដើម្បីចងក្រងឯកសារសិល្បៈបុរាណជាវីដេអូ ដោយបំពេញបន្ថែមលើឯកសារជាតួអក្សរដែលមានស្រាប់។
 
ពាក់អាវយឺតសកមូលដៃខ្លី ហើយអង្គុយក្នុងបន្ទប់ហាត់សមជាន់ទី២ នៃផ្ទះល្វែងជួល បុរសមានពិការភាពភ្នែក វិន វិចិត្រ ពន្យល់បន្ថែមដូច្នេះ៖«ឯកសារពីដើមៗមកស្ដាប់លែងបាន ហើយមិនមានអ្នកធ្វើឯកសារនេះឡើងវិញទេ ដូច្នេះពួកខ្ញុំចង់ថតឯកសារហ្នឹងឡើងវិញទាំងអស់។ ខ្ញុំបានស្រាវជ្រាវហើយ គឺមានមិនគ្រប់ទេ គឺមានតែត្រឹម៥០ទៅ៦០បទទេ ហើយ៨៥បទដែលខ្ញុំរកបាននេះ គឺមិនមានជាសំឡេងទេ មានតែជាសៀវភៅ។ ក្រសួងវប្បធម៌ក៏មិនមានដែរ គឺមានតែជាសៀវភៅទេ។ ក្រុមកេរគឺចងក្រងជាវីដេអូតែម្ដង មានន័យថាយើងមានភ្លេង មាន
អ្នកច្រៀង មានអ្នកបន្ទរ មានស្គរមួយចប់ ដែលអាចឱ្យអ្នកជំនាន់ក្រោយគាត់ស្ដាប់បាន ហើយគាត់អាចយកទៅរៀនបាន»។
 

លោក វិន វិចិត្រ ពាក់អាវ​យឺតស អង្គុយ​វាយ​ស្គរ

តាមពិតទៅមហិច្ឆតាធំរបស់ក្រុមកេរ គឺចង់ឱ្យសិល្បៈវប្បធម៌ជាតិ ជាពិសេសសិល្បៈបុរាណខ្មែរ ត្រូវបានជ្រាបចូលទៅក្នុងដួងចិត្តប្រជាជន គ្រប់ស្រទាប់វណ្ណៈ ដូចវប្បធម៌បរទេសដែលហូរចូលមកក្នុងប្រទេសកម្ពុជាដែរ៖«គោលដៅធំបំផុត នឹងរៀបចំថត និងរក្សាទុកឯកសារបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់ មិនមែនតែយីកេទេ ប៉ុន្តែជាការចាប់ផ្ដើមយើងចេញពីយីកេ។ ទីពីរគឺទាក់ទងនឹងការផ្សព្វផ្សាយ ធ្វើយ៉ាងម៉េចឱ្យយីកេខ្មែរ ឬក៏សិល្បៈបុរាណខ្មែរទាំងអស់ មានចលនានៅក្នុងសង្គម ឱ្យវាផុសផុលដូចសិល្បៈដែលគេហូរមកពីខាងក្រៅ»។
បុរសសម្បុរស្រអែមសក់ស្លូតខ្លី កម្ពស់ប្រហែល១ម៉ែត្រ៧០សង់ទីម៉ែត្រវិន វិចិត្រ ថាក្រុមកេរមិនត្រឹមតែមិនមានលទ្ធភាពផ្ដល់ប្រាក់ឧបត្ថម្ភដល់សមាជិករបស់ខ្លួនរាល់ពេលហាត់សម ឬថតចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសមាជិកស្ម័គ្រចិត្តទាំងអស់ ត្រូវចំណាយប្រាក់ធ្វើដំណើរផ្ទាល់ខ្លួនចុះឡើងខេត្តនិងភ្នំពេញដោយខ្លួនឯងទៀតផង។ 
 
បើទោះបីជាមិនបានផលតបវិញជាប្រាក់កម្រៃក៏ពិតមែន ប៉ុន្តែអ្នកស្ម័គ្រចិត្តទាំងអស់ សប្បាយចិត្តនឹងធ្វើកិច្ចការងារនេះ ហើយពួកគេក៏អាចពង្រឹងសមត្ថភាពដែលមានស្រាប់ ឬរៀនវិជ្ជាបន្ថែមលើចំណុចដែលខ្លួនខ្វះខាតផងដែរ។ លោក វិន វិចិត្រ អាយុ២៦ឆ្នាំ មកពីខេត្តកណ្ដាល ក្នុងស្រុកស្អាង បញ្ជាក់បន្ថែម៖«បើនិយាយពីអត្ថប្រយោជន៍ ទាក់ទងនឹងអ្នកដែលគាត់មិនចេះ គាត់បានមករៀនច្រៀង ហើយសម្រាប់អ្នកដែលគាត់ចេះស្រាប់ គឺបានរំលឹក ព្រោះអ្នកភ្លេងចេះហើយ តែមិនបានលែងក៏ភ្លេចទៅវិញដែរ។ បើក្រៅពីនេះ ពួកយើងមិនទទួលបានប្រយោជន៍ជាជំនួយ ឬជាអ្វីមួយពីណាទេ។ មានតែពួកយើងចំណាយលុយរៀងខ្លួន ដើម្បីធ្វើដំណើរមកជួបជុំគ្នាវិញ»។
 


សកម្ម​ភាព​ក្រុមកេរហាត់​សមច្រៀង 

ចំណែកកញ្ញា ស៊ីម ស៊ាងយី អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បានក្លាយជាសមាជិកក្នុងក្រុមកេរ កាលពីកន្លះខែមុន។ មាននាទីជាអ្នកច្រៀងបន្ទរ ស៊ាងយី ដែលមានពិការភាពភ្នែកទាំងសងខាងពីកំណើតនោះ មានសំឡេងពីរោះមួយបែបពីកំណើត ដែលអាចទាក់ចិត្តអ្នកស្ដាប់បាន។ 
 
នារីសម្បុរសមុខមូលពាក់អាវយឺតពណ៌ក្រហមរូបនេះ កំពុងស្វែងរកអាហារូបករណ៍សិក្សាផ្នែកអក្សរសាស្ត្រខ្មែរ នៅថ្នាក់បរិញ្ញាបត្រ។ ឆ្លៀតពេលមិនទាន់ចូលរៀន ស៊ាងយី បានមកហាត់ច្រៀងចម្រៀងយីកេ នៅក្នុងក្រុមកេរ ដើម្បីបំពេញចំណូលចិត្តក៏ដូចជាទេពកោសល្យរបស់ខ្លួនពីកំណើតនោះ៖«ដោយសារតែខ្ញុំស្រឡាញ់ខាងផ្នែកសិល្បៈបុរាណ មិនថាយីកេ អាយ៉ៃ ចាប៉ីដងវែង សិល្បៈកម្រដូចជាការច្រៀងគែន លេងរបាំគែន ឬក៏មហោរីជាដើម គឺខ្ញុំស្រឡាញ់ទាំងអស់។ ខ្ញុំទើបតែមក គឺគាត់គ្រាន់តែឱ្យខ្ញុំច្រៀងឡាំសិន(ច្រៀងបន្ទរវគ្គក្បាលដំបូងៗ) ព្រោះខ្ញុំទើបតែមកបានប្រហែលកន្លះខែ»។
 
អង្គុយនៅជិតស្គរយីកេធំមួយ កញ្ញា ស៊ីម ស៊ាងយី ដែលត្រូវជាកូនពៅក្នុងចំណោមបងប្អូន៣នាក់រូបនេះ ពន្យល់បន្ថែមពីការហ្វឹកហាត់ច្រៀងចម្រៀងយីកេដូច្នេះ៖«មូនហេតុដែលនាំឱ្យខ្ញុំចេះច្រៀងយីកេបានលឿន ដោយសារតែខ្ញុំស្ដាប់យីកេ និងស្ដាប់សិល្បៈគ្រប់ទម្រង់។ ខ្ញុំស្ដាប់ហើយចាប់បាន ខ្ញុំយកមកច្រៀងជួនខុសជួនត្រូវ ហើយបានបងនឹងលោកគ្រូជួយកែតម្រូវ។ ក្នុងរយៈពេលកន្លះខែខ្ញុំអាចរៀនចេះចម្រៀងយីកេប្រហែល១០ទៅ១៥បទ។ ខ្ញុំច្រៀងសព្វថ្ងៃ គឺខ្ញុំប្រើសំឡេងតាមទេពកោសល្យដែលមានមក។ ខ្ញុំស្ដាប់រៀមច្បង ខ្ញុំស្ដាប់តាមអ៊ីនធឺណិត ហើយកាលមិនទាន់មានអ៊ីនធឺណិត ខ្ញុំព្យាយាមទិញម៉ាញ៉េចាក់កាសែត ហើយខ្ញុំព្យាយាមរៀនតាមស៊ីឌីតាំងពីតូច។ អ្វីដែលបានឮមក ទោះបីមិនបានដូចមួយរយភាគរយ យ៉ាងហោចណាស់បានដូចបែបបទខ្លះដែរ»។


 កញ្ញា ស៊ីម ស៊ាងយី អ្នក​ច្រៀង​បន្ទរ 

រីឯលោក ឆាំ ប៊ុណ្ណារិទ្ធ អាយុ២២ឆ្នាំ មកពីខេត្តព្រៃវែង ក្នុងស្រុកបាភ្នំ បានឡើងមករាជធានីភ្នំពេញកាលពីឆ្នាំ២០១៧ ដើម្បីបន្តការសិក្សាផ្នែកវិស្វកម្មកសិកម្ម។ បច្ចុប្បន្នកំពុងសិក្សាឆ្នាំទី៤ឆមាសទី១ ប៊ុណ្ណារិទ្ធ ថាខ្លួនបានផ្លាស់ប្ដូរជាមនុស្សមួយផ្សេងទៀត ក្រោយពីបានចូលក្នុងក្រុមកេរ៖«មនុស្សខ្ញុំមិនចូលចិត្តការច្រៀងលេងទេ ហើយការស្ដាប់ចម្រៀងខ្ញុំក៏មិនសូវចូលចិត្តដែរ ប៉ុន្តែកាលពីមុនខ្ញុំចូលចិត្តស្ដាប់ចម្រៀងរបស់លោកតា ស៊ីន ស៊ីសាមុត បន្ទាប់មកខ្ញុំចូលចិត្តស្ដាប់បទ គេនិពន្ធថ្មីនៅជំនាន់នេះ។ 
នេះពេលដែលខ្ញុំចូលក្នុងក្រុមកេរ ចម្រៀងសម័យទាំងអស់ត្រូវបានផាត់ចោល ព្រោះថាចម្រៀងរបស់ក្រុមកេរបានធ្វើឱ្យខ្ញុំទាក់ទាញអារម្មណ៍ច្រើនជាង។ ដោយសារតែចម្រៀងហ្នឹង ពីរោះផង ហើយខ្ញុំបានសម្លឹងឃើងអត្ថប្រយោជន៍របស់ចម្រៀង និងភ្លេងដែលគេយកមកច្រៀង»។
 
មានតួនាទីជាអ្នកថតវីដេអូ និងច្រៀងបន្ទរខ្លះផង បុរសសម្បុរស្រអែមស្រស់រូបនេះ ថាការស្ម័គ្រចិត្តក្នុងក្រុមកេរ ធ្វើឱ្យលោកមានឱកាសចេះជំនាញថ្មី បន្ថែមលើជំនាញនៅសកលវិទ្យាល័យ។ ប៊ុណ្ណារិទ្ធ បន្ថែម៖«ទោះបីជាសំឡេងរបស់ខ្ញុំច្រៀងមិនសូវពីរោះមែន ប៉ុន្តែខ្ញុំបានចូលរួមច្រៀងជាមួយគេ ហើយខ្ញុំរៀនច្រៀងបានលឿនជាងគេ។ បច្ចុប្បន្ននេះខ្ញុំគឺជាអ្នកកាន់កាមេរ៉ា បើពីមុនគឺអ្នកផ្សេង។ អ្នកថតតិច ដូច្នេះខ្ញុំរៀនតាំងពីការចាប់ប្លង់ និងរៀនពីបច្ចេកទេសផ្សេងៗ ព្រោះខ្ញុំចង់ចេះរបស់ទាំងអស់ហ្នឹង។ របស់ទាំងអស់នេះ វាគឺជាផ្នែកមួយនៃជីវិត ខ្ញុំចង់ចេះខ្លះៗ ដើម្បីឱ្យខ្លួនឯងទៅថ្ងៃអនាគត់ អាចប្រើប្រាស់វាមិនចាំបាច់ពឹងអ្នកដទៃច្រើនពេក»។
 


លោក ឆាំ ប៊ុណ្ណារិទ្ធ អ្នក​ថត និង​ជា​អ្នក​ច្រៀង​បន្ទរ

ចាប់តាំងពីបានចូលរួមជាមួយក្រុមកេរ ចិត្តរបស់លោក ឆាំ ប៊ុណ្ណារិទ្ធ ចាប់ផ្ដើមស្រឡាញ់សិល្បៈបុរាណ ហើយលោកក៏មានចិត្តចង់ផ្សព្វផ្សាយ ពីគុណប្រយោជន៍នៃសិល្បៈទាំងនោះ ទៅឱ្យយុវជនដទៃទៀត តាមរយៈជំនាញថតរបស់ខ្លួន៖«ការថតនេះវាសំខាន់ណាស់ ព្រោះយើងត្រូវផ្សព្វផ្សាយតាមប្រព័ន្ធសង្គម ព្រោះចង់ឱ្យយុវជនឬពលរដ្ឋផ្សេងៗទៀត គាត់បានយល់ពីយីកេ។ ព្រោះកាលខ្ញុំនៅតូច យីកេមិនសូវមានអ្នកណាគេផ្សព្វផ្សាយច្រើនទេ តែសម័យឥឡូវគេប្រើហ្វេសប៊ុកច្រើន ដូច្នេះយើងអាចផ្សព្វផ្សាយបានច្រើន។ 
ទោះបីខ្ញុំត្រូវខាតពេលវេលា និងខាតកម្លាំងប៉ុន្តែខ្ញុំបានរបស់មួយមកវិញ គឺការស្រឡាញ់សិល្បៈ និងការចូលរួមក្នុងការថែរក្សាសិល្បៈ។ ខ្ញុំមិនដែលគិតរឿងលុយទេ ហើយក្រុមកេរទាំងអស់ ក៏គេមិនដែលខ្វល់រឿងលុយដែរ។ ឱ្យតែខ្ញុំមានពេល គឺខ្ញុំឆ្លៀតជួយក្រុមកេរ ព្រោះខ្ញុំចង់រៀនផង ហើយខ្ញុំចង់ជួយបងៗពិការដែរ»។
 
យល់ឃើញមិនខុសពីលោក ប៊ុណ្ណារិទ្ធ ប៉ុន្មាននោះទេ កញ្ញា ស៊ីម ស៊ាងយី ដែលស្រឡាញ់វិស័យសិល្បៈបុរាណគ្រប់ទម្រង់នោះ ថាក្រុមកេរ នឹងអាចជួយយុវជនស្គាល់សិល្បៈដូនតាខ្មែរកាន់តែច្រើន។ បន្ថែមពីនោះ  ស៊ាងយី ថាការងារទាំងនេះ ក៏បានបង្ហាញសាធារណជនពីសមត្ថភាព និងទេពកោសល្យរបស់ជនមានពិការភាពផងដែរ៖«ខ្ញុំគិតថាក្រុមកេរអាចជួយដល់ក្មេងជំនាន់ក្រោយបានច្រើន ឱ្យគាត់បានស្គាល់នូវសិល្បៈបុរាណខ្មែរ។ ក្រុមកេរមិនមែនមានតែយីកេមួយមុខទេ គឺមានសិល្បៈច្រើនដែលជាកេរដំណែល។ ដើម្បីចង់បញ្ចេញស្នាដៃ ហើយនឹងកុំឱ្យជនមានពិការភាពទទួលបានការរើសអើង ហើយអាចជួយអភិវឌ្ឍន៍សិល្បៈខ្មែរឱ្យល្បីល្បាញឡើងវិញ»។


សកម្មភាព​ហាត់​ច្រៀងក្នុង​ក្រុម​កេរ 

សម្ដីមួយៗហើយម៉ាត់ៗលោក ឆាំ ប៊ុណ្ណារិទ្ធ អះអាងថាអ្វីដែលលោកនិងក្រុមកេរបានធ្វើ គ្រាន់ជាផ្នែកមួយរួមចំណែកថែរក្សា និងផ្សព្វផ្សាយ ដោយពុំសូវហ៊ានរំពឹងថាវាមានផ្លែផ្កា បំពេញចិត្តប្រជាជនខ្មែរគ្រប់រូបឡើយ។ អង្គុយក្បែរមិត្តរួមក្រុមដទៃទៀត បុរសកាត់សក់ខ្លីរូបនេះ ពន្យល់បន្ថែម៖«ខ្ញុំមិនអាចទៅផ្ដាំឱ្យយុវជនងាកមកសិល្បៈយីកេបានទេ អ្វីដែលសំខាន់ទីមួយគឺចិត្តពួកគាត់ ថាគាត់ចូលចិត្តរបស់នេះឬអត់ ព្រោះជាធម្មតាមនុស្សមិនអាចចូលចិត្តទាំងអស់គ្នាបានទេ។ ដូចជាការចែកនំអន្សមមួយអ៊ីចឹង យើងចែកទៅគ្នា១០នាក់ ជួនកាលគេមិនចូលចិត្តទេ ហើយគេបោះចោលនៅនឹងមុខយើង ក៏ពួកខ្ញុំមិនខ្វល់ដែរ សំខាន់របស់ហ្នឹងបានឱ្យទៅគេហើយ ប៉ុន្តែអ្នកដែលគេចូលចិត្តគេយកទៅ»។
 
ក្រុមកេរត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០១៩ ដោយចងក្រងមិត្តរួមវិទ្យាល័យ៦រូប ដែលមានជំនាញសិល្បៈ និងជាជនមានពិការភាពដូចគ្នា។ បទចម្រៀងក្នុងទម្រង់យីកេ ដែលនិពន្ធទំនុកថ្មីដោយក្រុមកេរត្រូវបានកំណត់ដូច្នេះ៖«បទចម្រៀងដែលពួកខ្ញុំនិពន្ធគឺទាក់ទងនឹងការអប់រំក្នុងសង្គម ទីពីរទាក់ទងទៅនឹងប្រវត្តិសាស្ត្រ ទី៣ទាក់ទងជាមួយនឹងច្បាប់ ទី៤គឺយើងតែងបទទាក់ទងនិងប្រាសាទ និងរបស់ដែលជាកេរដំណែលរបស់ខ្មែរយើង។ អនាគតពួកខ្ញុំអាចនឹងសរសេរជារឿង ពេលដែលខ្ញុំមានសមត្ថភាព និងមានគ្នាគ្រប់គ្រាន់។ វាមាន៣ដំណាក់កាល ទីមួយពួកខ្ញុំច្រៀង ទី២ពួកខ្ញុំរាំ បន្ទាប់មកយើងឈានដល់ការសម្ដែង។ យើងសម្ដែងរឿងមានស្រាប់សិន បន្ទាប់មកយើងចាប់ផ្ដើមសម្ដែងរឿងដែលយើងនិពន្ធថ្មី»។
 
គិតចាប់តាំងពីថ្ងៃបង្កើតក្រុមកេរ រហូតដល់ឆ្នាំ២០២១នេះ ក្រុមកេរបានផលិតវីដេអូចម្រៀងយីកេប្រមាណ៥០បទមកហើយ ប៉ុន្តែវីដេអូទាំងនោះ គ្រាន់ជាការផ្សព្វផ្សាយជំហានដំបូង ដោយពុំទាន់បានសម្រិតសម្រាំងពីគុណភាពនៅឡើងទេ។ បើតាមប្រធានក្រុមកេរ លោក វិន វិចិត្រ ប្រហែលចុងឆ្នាំ២០២១ ការផលិតបទចម្រៀងយីកេជាវីដេអូ ដែលមានគុណភាពសម្រាប់ទុកជាឯកសារ ដល់ក្មេងជំនាន់ក្រោយស្រាវជ្រាវ និងសិក្សារៀនសូត្របន្ថែម អាចនឹងដំណើរការបាន។


សមាជិកក្នុងក្រុមកេរ

បើតាមអ្នកស្រី អ៊ុយ លតាវណ្ណ ជាគ្រូល្ខោនយីកេ ប្រភពឬដើមកំណើតនៃសិល្បៈល្ខោនយីកេ នៅតែស្ថិតក្នុងការសន្និដ្ឋាននៅឡើយ ចំពោះអ្នកស្រាវជ្រាវខាងសិល្បៈ ដោយគេយកព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាគោល។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលសំខាន់ ត្រូវបានក្រុមអ្នកស្រាវជ្រាវផ្នែកសិល្បៈលើកមកជាគោលនោះគឺ ព្រះរាជាខ្មែរមួយព្រះអង្គព្រះនាម ព្រះបាទជ័យវរ្ម័ន្នទី២ ទ្រង់បានទៅគង់ប្រថាប់នៅប្រទេសជ្វា អស់រយៈកាល១២ឆ្នាំ ហើយទ្រង់បានយាងមកមាតុប្រទេសវិញនៅឆ្នាំ៨០២។ 
 
ចំណេរក្រោយការយាងមកមាតុប្រទេសវិញ របស់ស្ដេចអង្គនោះ នាំឱ្យអ្នកសិក្សាសិល្បៈខ្មែរ បានឃើញស្គរយីកេខ្មែរ មានទម្រង់ដូចទៅនឹងស្គរសក្ការៈរបស់ចាម ហេតុនោះហើយ ក្រុមអ្នកស្រាវជ្រាវបានសន្និដ្ឋានថាព្រះបាទជ័យវរ្ម័ន្នទី២ ទ្រង់យាងប្រឡប់មកវិញ ដោយបាននាំយកនូវសិល្បៈ វប្បធម៌ និងអរិយធម៌របស់ជនជាតិជ្វាមកជាមួយផង។ ក្រោយមកដូនតាខ្មែរបានយកស្គរនោះ ទៅច្នៃឱ្យចេញជាវង់សិល្បៈមួយ ហៅថា”ឡាំយីកេ”។ ពីដើមឡើយ យីកេមិនមែនជាល្ខោនឡើយ គ្រាន់តែជាទម្រង់សិល្បៈដែលវាយស្គរ ដោយមានច្រៀងនិងវាំផង។ 
 
ការវិវឌ្ឍក្រោយមកទៀត ដូចតាខ្មែរបានច្នៃសិល្បៈមួយទម្រង់នេះ ឱ្យចេញជាពណ៌សម្បុរខ្មែរសុទ្ធសាធ ទៅជាទម្រង់ល្ខោនមួយ ដែលមានឈ្មោះថា ល្ខោនយីកេ។ សម្រាប់ឧបករណ៍ភ្លេងក្នុងទម្រង់សិល្បៈយីកេ ពីដើមឡើយមានតែស្គរនិងស្រឡៃតែប៉ុណ្ណោះ ប៉ុន្តែសម័យក្រោយមក បានបន្ថែមឧបករណ៍ទ្រមួយទៀត ដើម្បីជួយឱ្យមានលំនឹងក្នុងការចាប់សំឡេង។
 

សកម្មភាពហាត់ច្រៀង​ក្នុង​ក្រុមកេរ

លក្ខណៈពិសេសរបស់ល្ខោនយីកេ គឺមានចលនាក្បាច់ ភាសាក្បាច់ មនោសញ្ចេតនាក្បាច់ និងមានលក្ខណៈពិសេសទៅលើបទភ្លេងនិងទំនុកច្រៀង។ ក្បាច់រាំរបស់ទម្រង់ល្ខោនយីកេ គឺខុសពីក្បាច់រាំរបស់សិល្បៈខ្មែរដទៃទៀត ដោយក្បាច់រាំ បានប្រើបន្ទាត់បត់ ដើម្បីបញ្ជាក់លក្ខណៈរបស់ទម្រង់យីកេ។ 
បើតាមឯកសាររបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចម្រៀងក្នុងទម្រង់សិល្បៈល្ខោនយីកេ មាន៨៥បទ។ ក្នុងបទចម្រៀងនីមួយៗ នៃទម្រង់សិល្បៈយីកេ ត្រូវបានកំណត់អត្ថប្រយោជន៍ច្បាស់លាស់។ ឈ្មោះបទចម្រៀងក្នុងទម្រង់សិល្បៈនេះ មានលក្ខណៈប្លែកពីភាសាប្រើប្រាស់ប្រចាំថ្ងៃ ដូចជាបទ “ណៃកងទី១” ត្រូវបានកំណត់អត្ថប្រយោជន៍ជាបទ “អង្វរសុំទោស។ 
 
បទ “ណៃកងទី២” អត្ថប្រយោជន៍”សួរសុខទុក្ខ”។ បទ” មឿណាន់ទី១ ឬ កាលអើយកាលណោះ” អត្ថប្រយោជន៍ “រៀបរាប់សួរសុខទុក្ខគ្នា”។ បទ”សាមសេ” អត្ថប្រយោជន៍ដំណើរស្វាហាប់” បទ”តាក់កន្តែរ៉ែ” អត្ថប្រយោជន៍ "កម្សត់មធ្យម អស់សង្ឃឹម” បទ”ការ៉េយ័ណ្ណសា” អត្ថប្រយោជន៍ “កម្សត់” បទ”លក់ផ្សារ” អត្ថប្រយោជន៍ ”រៀបរាប់សប្បាយ” បទ”យួនសៃ ឬអាតិរ៉ៃ” អត្ថប្រយោជន៍ ”ចែចង់ សួរសុខទុក្ខ”។


សមាជិកក្នុង​ក្រុម​កេរ

បទ “សុរិយាទឹមចង្កេះភ្នំ” អត្ថប្រយោជន៍ “កម្សត់” បទ “ម៉ារយឹង” អត្ថប្រយោជន៍ “លេងទឹក រាប់ត្រី ឬរាប់សត្វ”។ បទ “ណោងភីសារ៉ា” អត្ថប្រយោជន៍ “ដំណើរចរចេញ" បទ “ណោងសូរិយា” អត្ថប្រយោជន៍ “រៀបរាប់ទិដ្ឋភាពជុំវិញខ្លួន”។ បទ “កាត្រឹមបហេ” អត្ថប្រយោជន៍ “ដំណើរយក្សស្រី” បទ “បហេទី១” ដំណើរយក្សប្រុស” បទ “តនតារ៉ន ឬពេលនោះដើរទៅ" អត្ថប្រយោជន៍ “ដំណើរតួក ឬប្រញាប់" បទ “ពោល” អត្ថប្រយោជន៍ “សម្រាប់ពោលដឹករឿង ឬកាត់ឆាក”  បទ “ទឹកហូរកាត់ខ្សាច់” កម្សត់ព្រាត់ប្រាស” បទ “លោកចាប់លោកចង” អត្ថប្រយោជន៍ “ពេលធ្វើទារុណកម្ម” ។ល។ និង។ល៕
 

Tag:
 សិល្បៈ
 ក្រុមកេរ
 យីកេ
 វប្បធម៌
 យុវជន
 កេរដំណែល
 
© រក្សាសិទ្ធិដោយ thmeythmey.com