ជាតិ
ម្ចាស់ជ័យលាភីប្រដាល់សកលជើងឯកថ្នាក់ជាតិ នឹងក្លាយជាបេក្ខភាពត្រៀមប្រជែងមេដាយស៊ីហ្គេម នៅវៀតណាម
23, Jan 2021 , 1:59 pm        
រូបភាព
ភ្នំពេញ៖ ម្ចាស់ជ័យលាភីប្រដាល់សកលជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នឹងក្លាយជាបេក្ខភាពត្រៀមប្រជែងមេដាយស៊ីហ្គេមលើកទី៣១ នៅវៀតណាម នាខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ។ លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ថ្លែងបែបនេះ នៅក្នុងពិធីបិទការប្រកួតប្រដាល់សកលជ្រើរើសជើងឯកថ្នាក់ជាតិ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅសាលហ្វឹកហាតកីឡាប្រដាល់នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

 
លោក ឆឹង យ៉ៅយ៉េន បានបញ្ជាក់ថា កីឡាករ កីឡាការិនី ដែលជាជ័យលាភី សុទ្ធតែជាបេក្ខភាព ដែលត្រូវជ្រើសរើសប្រមូលផ្តុំហ្វឹកហាត់ត្រៀមចូលរួមប្រកួតប្រជែងមេដាយនៅវៀតណាម។ ទន្ទឹមនឹងផ្ដល់ឱកាសឱ្យម្ចាស់ជ័យលាភីប្រចាំឆ្នាំទាំងនេះ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏ស្នើឱ្យប្រតិភូ គ្រូបង្វឹក មកពីបណ្តាក្លិបរាជធានី-ខេត្ត និងសមាគមកីឡាទាំងអស់ ពង្រឹងការបណ្តុះបណ្តាលដល់កីឡករ-កីឡារិនីឱ្យកាន់តែល្អថែមទៀត ដើម្បីដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។
 
ចំពោះលទ្ធផលជ័យលាភីទាំង៨វិញ្ញាសានោះ សមាគមកីឡាប្រដាល់សកលក្រសួងមហាផ្ទៃ ឈរនៅលំដាប់កំពូលតារាង ដោយឈ្នះមេដាយច្រើនជាងគេ ក្នុងនោះមេដាយមាសចំនួន៤គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធចំនួន២គ្រឿង។ ក្រសួងការពារជាតិឈរនៅលំដាប់លេខ២ ដោយប្រជែងបានមេដាយមាស២គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមេដាយមាស១គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿង។ ខេត្តកណ្ដាលបានមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង។ ចំពោះរាជធានីខេត្តដទៃទៀតប្រជែងបានត្រឹមតែមេដាយប្រាក់ និងមេដាយសំរឹទ្ធប៉ុណ្ណោះ។នេះបើតាមលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា។
 
ចំណែកប្រាក់តម្លៃខ្លួនសម្រាប់ការប្រកួតជើងជាតិឆ្នាំ២០២០ គឺមានការផ្តល់ជូនប្រាក់រង្វាន់កើនជាងឆ្នាំមុន សម្រាប់ម្ចាស់ជ័យលាភី។ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ហៅកាត់ថា CAMSOC បានស្រង់សម្តីលោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដូច្នេះថា៖«ការប្រកួតកាលពីឆ្នាំកន្លងមក សម្រាប់មេដាយមាសបានរង្វាន់ ៤០០,០០០រៀល មេដាយប្រាក់ ៣០០,០០០រៀល និងមេដាយសំរិទ្ធបាន ២០០,០០០រៀល។ សម្រាប់ឆ្នាំនេះប្រាក់រង្វាន់មេដាយមាសកើនបាន ៥០០,០០០រៀល មេដាយប្រាក់បាន៤០០,០០០រៀល និងមេដាយសំរឹទ្ធនៅរក្សា ២០០,០០០រៀលដដែល»។
 
ក្រសួងអប់រំ យុវជន និងកីឡា តែងតែផ្តល់កញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្នុងការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះ និងដើម្បីបម្រើដល់ការងារបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាបម្រើការងារ ជំនាញសំខាន់មួយចំនួនទៀត៕
 

Tag:
 កីឡាប្រដាល់
  CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com