COVID-19
អន្តរជាតិ
គ្រូបង្វឹក Real លោក Zidane វិជ្ជមានកូវីដ-១៩
23, Jan 2021 , 3:04 pm        
រូបភាព
គ្រូបង្វឹកក្លឹបយក្ស Real Madrid លោក Zinedine Zidane វិជ្ជមានកូវីដ-១៩ ។ នេះបើតាមការប្រកាសរបស់ក្លិបកាលពីថ្ងៃទី២២ មករា។



ការធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ លើគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ គឺកើតឡើងមុនមួយថ្ងៃ ដែលក្រុម Real ត្រូវធ្វើដំណើរទៅជួបក្រុម Deportivo Alavés ក្នុងក្របខណ្ឌលីគអេស្បាញ La Liga នៅម៉ោង៣ យប់រំលងចូលថ្ងៃទី២៤ មករា (ម៉ោងនៅកម្ពុជា) និងក្រោយពេលដែលក្លិបយក្សអេស្បាញមួយនេះធ្លាក់ចែញពីពានរង្វាន់Copa del Rey ដ៏គួរឱ្យអាម៉ាស់ ក្រោយចាញ់ក្រុម Alcoyano ដោយលទ្ធផល២ទល់៣។
 
«គ្រូបង្វឹករបស់ក្លឹបយើង Zinedine Zidane វិជ្ជមានកូវីដ-១៩»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្លិប Real Madrid  ដែលបានបន្ថែមថា លោក Zidane ត្រូវបានដាក់ឱ្យរស់នៅដោយឡែកហើយ ក្រោយពីរូបគាត់បានជួបផ្ទាល់ជាមួយបុគ្គលម្នាក់ ដែលមានផ្ទុកវីរុសនេះ។
 
ក្រុមReal Madrid កំពុងឈរលេខ២ មាន៣៧ពិន្ទុ ក្រោយការប្រកួត១៨លើក នៅពីក្រោយក្រុមកំពូលតារាង Atletico Madrid ដែលមាន៤៤ពិន្ទុ ប្រកួតបាន១៧លើក។ ក្រុមReal ត្រូវជួប Deportivo Alavés ខណៈ Atletico Madrid ត្រូវជួបក្រុម Valencia ។ Real ធ្លាប់ចាញ់ Deportivo Alavés ដោយលទ្ធផល២ទល់១ កាលពីជើងទី១ហើយ នាខែវិច្ឆិកា ឆ្នាំ២០២០ នៅរដូវកាលនេះ៕
 
 

Tag:
 Zidane
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com