ជាតិ
សេដ្ឋកិច្ច
ក្រសួងសាធារណការ ចំណាយប្រាក់ជាង២៦លានដុល្លារ សង់អាគារថ្មី លើដីជិត៤ហិកតា
23, Jan 2021 , 9:40 pm        
រូបភាព
អាគារថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ (រូបពីក្រសួងសាធារណការ
អាគារថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ (រូបពីក្រសួងសាធារណការ
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធអាគាររបស់ខ្លូនថ្មី តម្លៃជាង២៦លានដុល្លារ
 នាព្រឹកថ្ងៃទី២២មករា ឆ្នាំ២០២១។ អាគារថ្មីរបស់ក្រសួងសាធារណការនេះ គឺមានទីតាំងស្ថិតនៅផ្ទៃជិត៤ហិកតា តាមបណ្តោយវិថី៥៩៨ ឬវិថី «ជា សុផារ៉ា» នៅក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

 
បើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ អាគារទីស្តីការថ្មីនេះ មានកម្ពស់៩ជាន់ ដោយមានអមអាគាររដ្ឋបាល២ខ្នង (អគារស្លាបសងខាង) ដែលមានកម្ពស់៨ជាន់។ ក្នុងបរិវេណអាគារថ្មីរបស់សាធារណការនេះ ក៏មានអគារសាលប្រជុំ និងបណ្ណាល័យ ១ខ្នង កម្ពស់៣ជាន់, អគារដាក់គ្រឿងចក្រ ៥ខ្នង ជួសជុលអគារចាស់ៗ ដែលមានស្រាប់ចំនួន ៦ខ្នង ផងដែរ។ 
 
ដោយឡែក អគារវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» មួយខ្នងដែលមានកម្ពស់៤ជាន់នោះ  មានបន្ទប់សិក្សាចំនួន២៤បន្ទប់ ការិយាល័យរដ្ឋបាល៣បន្ទប់ មន្ទីរពិសោធន៍១បន្ទប់ បណ្ណាល័យ១បន្ទប់ ដែលមានបំពាក់ទៅដោយសម្ភារសិក្សា រួមទាំងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ។ លោកស៊ុន ចាន់ថុល បានការបញ្ជាក់ថា ការបង្កើតវិទ្យាស្ថាននេះ គឺសម្រាប់បណ្តុះបណ្តាលបុគ្គលិក-មន្រ្តីរាជការ សិក្ខាកាម និងសិស្ស-និស្សិត ដើម្បីលើកកម្ពស់សមត្ថភាពកូនខ្មែរ លើជំនាញបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ក្នុងការធានាបានថា៖ «កូនខ្មែរអាចមានសមត្ថភាពកសាងផ្លូវ-ស្ពានរបស់ខ្លួន ប្រកបដោយគុណភាព នាពេលអនាគត»។
 
យោងតាមប្រសាសន៍សម្តេច ហ៊ុន សែន ទីតាំងអាគារចាស់របស់ក្រសួងសាធារណការ នឹងប្រគល់ទៅឱ្យ ក្រសួងរ៉ែ និងថាមពល ហើយចំពោះទីតាំងរបស់ក្រសួងរ៉ែ និងថាមពល ត្រូវនឹងប្រគល់ឱ្យគណៈកម្មាធិការជាតិគ្រប់គ្រប់គ្រោះមហន្តរាយ៕ 
 

Tag:
 អាគារ
© រក្សាសិទ្ធិដោយ thmeythmey.com