ជាតិ
សេដ្ឋកិច្ច
លោក ច្រឹក សុខនីម៖ វិនិយោគិនអចលនទ្រព្យបរទេស នឹងមកកម្ពុជាវិញ នៅពាក់កណ្តាលឆ្នាំ២០២១
23, Jan 2021 , 4:01 pm        
រូបភាព
ភ្នំពេញ៖ បច្ចុប្បន្ន ប្រទេសមួយចំនួននៅលើពិភពលោក កំពុងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩(COVID-19)។ ចំពោះវ៉ាក់សាំងនេះ នៅពេលមានប្រសិទ្ធភាព និងរីកសាយជុំវិញពិភពលោកនោះ វិនិយោគិនអចលនទ្រព្យបរទេស នឹងត្រលប់មកកម្ពុជាវិញ នៅក្នុងអំឡុងខែកក្កដាឬសីហា  ឆ្នាំ២០២១។ នេះជាការមើលឃើញរបស់លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។

 
ការសាយភាយនៃប្រសិទ្ធភាពវ៉ាក់សាំងកូវីដ-១៩ នៅជុំវិញពិភពលោក ពិសេសនៅប្រទេសគោលដៅវិនិយោគ គឺជារឿងសំខាន់ណាស់សម្រាប់វិនិយោគិនបរទេស។ បើតាមលោក ច្រឹក សុខនីម ក្នុងស្ថានភាពប្រឈមនៃជំងឺឆ្លងកូវីដ-១៩ ជាទូទៅវិនិយោគិន ក្រៅពីគិតទៅលើការទទួលបានវ៉ាក់សាំងកូវីដ-១៩ ដែលមានប្រសិទ្ធិភាព និងសុវត្ថិភាពហើយនោះ ក៏គិតសំខាន់ទៅលើប្រទេស ឬតំបន់ដែលជាគោលដៅវិនិយោគនោះ ថា  មានការធានាបាននូវសុវត្ថិភាពខ្ពស់កម្រិតណានៃការមិនប្រឈមនឹងជំងឺឆ្លងនេះ។  
 

«ការរីករាយដាល [ឬសាយភាយនៃឥទ្ធិពលវ៉ាក់សាំងកូវីដ-១៩] គឺត្រូវឱ្យមានសុវត្ថិភាព ជាមុនសិន ទើបពួកគាត់ដែលជាអ្នកវិនិយោគបរទេស ចាប់ផ្តើមធ្វើដំណើរឡើងវិញ»។ លោក ច្រឹក សុខនីម បាននិយាយដូច្នេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធី «តើត្រូវវិនិយោគលើអចលនវត្ថុដោយរបៀបណាក្នុងសម័យកូវីដ-១៩» នៅសណ្ឋាគារកាំបូឌីយ៉ាណា នាពឹ្រកថ្ងៃទី២៣មករា។ 
 
សព្វថ្ងៃនេះ នៅបណ្តាប្រទេសមួយចំនួនចាប់ផ្តើមទទួលបាននូវ វ៉ាក់សាំងកូវីដ-១៩ រួចហើយ ក៏ប៉ុន្តែផលនៃឥទិ្ធពលវ៉ាក់សាំងនេះ មិនទាន់មាននៅឡើយ។  ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជារូបនេះ បានបន្តដូច្នេះថា៖ «អ៊ីចឹង [អ្នកវិនិយោគ] គឺត្រូវការពេលពី ៣ទៅ៦ខែ ដើម្បីឱ្យគាត់ត្រៀមខ្លួនថា វ៉ាក់សាំងកូវីដ-១៩នេះ សាកសមទៅនឹងគាត់ ហើយអាចការពារ [ពលរដ្ឋ] នៅលើពិភពលោកបាន»។ 
 
សម្រាប់កម្ពុជា បានត្រៀមលក្ខណៈទទួលវ៉ាក់សាំងកូវីដ-១៩ពីប្រទេសចិនចំនួន៣០ម៉ឺនដូស នៅចុងខែកុម្ភៈ ឆ្នាំ២០២១ ផងដែរ៕ 
 

Tag:
 អចលនទ្រព្យ
  លោក ច្រឹក សុខនីម
© រក្សាសិទ្ធិដោយ thmeythmey.com