ជាតិ
យុវជនសកម្ម សេវាល្អ
យុវជននៅខេត្តកំពតជាង២០នាក់បានចំណេះដឹងបន្ថែមពីជំនាញសារព័ត៌មាន និងការផលិតព័ត៌មានតាមស្មាតហ្វូន
24, Jan 2021 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
សិស្ស និស្សិត និងយុវជននៃបណ្តាញអង្គការ-សហគមន៍ជាង២០នាក់ក្នុងខេត្តកំពត បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញសារព័ត៌មានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមករា នៅទីរួមខេត្តកំពត ដែលសហការរៀបចំដោយសារព័ត៌មានថ្មីៗ អង្គការអាក់សិនអេតកម្ពុជា និងអង្គការតម្លាភាពអន្តរជាតិ។
 
ជាផ្នែកមួយនៃគម្រោង «ពង្រឹងសិទ្ធិអំណាយរបស់ស្ត្រីវ័យក្មេង ក្នុងការធ្វើការសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈឲ្យកាន់តែមានគណនេយ្យភាព» វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃកន្លងមកនេះ បានរួមចំណែកពង្រឹងសមត្ថភាពសិក្ខាកាមលើការដឹងពីជំនាញផលិតព័ត៌មានអនឡាញ និងការប្រើប្រាស់ទូរសព្ទជាមធ្យោបាយនៃការផលិតព័ត៌មាន។
 

នាពិធីបើកវគ្គសិក្សា លោក គី សុខលីម សហស្ថាបនិក និងជាចាងហ្វាងការផ្សាយនៃសារព័ត៌មានថ្មីៗ បានលើកឡើងថា វគ្គបណ្តុះបណ្តាលរយៈពេលខ្លីនេះ មិនអាចឲ្យសិក្ខាកាមក្លាយជាអ្នកកាសែតអាជីពឡើយ ប៉ុន្តែការទទួលបានចំណេះដឹងផ្នែកសារព័ត៌មាន និងការចេះផលិតសារព័ត៌មានតាមស្មាតហ្វូន ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ពួកគេ។
 
លោក Pierre Gillette អ្នកសារព័ត៌មានដែលមានបទពិសោធន៍ជាង៤០ឆ្នាំ ជាគ្រូឧទ្ទេសម្នាក់ក្នុងវគ្គបណ្តុះបណ្តាល បានរំលឹកថា សំណេរសារព័ត៌មានប្រៀបដូចជាអាហារ បើឆ្ងាញ់អ្នកបរិភោគនឹងទទួលបានរសជាតិឆ្ងាញ់ ប៉ុន្តែបើពុល វានឹងបង្កនូវមហន្តរាយ។
គ្រូឧទ្ទេសសំខាន់នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានលោក អ៊ឹង ចំរើន និពន្ធនាយកសារព័ត៌មានថ្មីៗ ដែលឲ្យសិក្ខាកាមផ្តោតយកចិត្តទុកដាក់លើក្រមសីលធម៌សារព័ត៌មាន ជាពិសេសតួនាទីរបស់អ្នកសារព័ត៌មានប្រជាពលរដ្ឋ។
 

លោក សៅ ផលនិស្ស័យ និពន្ធនាយក Cambodianess ជាអ្នកបង្រៀនមេរៀនស្នូលទាក់ទងសារព័ត៌មាន ក្នុងនោះមានដូចជា ការជ្រើសរើសមុំ បច្ចេកទេសសម្ភាស ការរៀបចំកម្រងសំណួរ និងដឹកនាំការធ្វើលំហាត់អនុវត្តផ្ទាល់។
 
លោក នួន កក្កដា ប្រធានផ្នែកបច្ចេកវិទ្យានៃសារព័ត៌មានថ្មីៗ បានធ្វើបទបង្ហាញស្តីពីសុវត្ថិភាពលើបណ្តាញសង្គម រីឯអ្នកស្រី លួង ដាវី មន្ត្រីកម្មវិធីជាន់ខ្ពស់នៃអង្គការអាក់សិនអេតប្រចាំប្រទេសកម្ពុជា បានធ្វើបទបង្ហាញតាម Zoom ស្តីពីការឆ្លើយតបនឹងសមភាពយេនឌ័រ និងការផ្តល់សេវាធារណៈ។
 

កញ្ញា ខន ចំប៉ា និពន្ធនាយករងសារព័ត៌មានថ្មីៗ និងជាអ្នកសម្របសម្រួលគម្រោង បានដឹកនាំសិក្ខាកាមស្វែងរកប្រធានបទទាក់ទងនឹងសេវាសារធារណៈ ដោយឲ្យពួកគេសម្តែងធ្វើជាអ្នកសម្ភាស និងមន្ត្រីមូលដ្ឋាន។
 
សម្រាប់ពីរថ្ងៃចុងក្រោយ លោក សែម វណ្ណា និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ២៥ រួមទាំងកញ្ញា អ៊ុត រស្មី ដែលជាសហការី បានបង្រៀនពីបច្ចេកទេសថតរូប និងថតវីដេអូតាមស្មាតហ្វូនសម្រាប់ការផលិតព័ត៌មាន រួមទាំងដឹកនាំការអនុវត្តផ្ទាល់។
 
លោក កើត ណាវី មន្ត្រីគម្រោងអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីកម្ពុជា បានសង្កេតឃើញពីការយកចិត្តទុកដាក់របស់ក្រុមយុវជនក្នុងវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ។ លោកលើកឡើងថា៖ «ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលឃើញសិក្ខាកាមចេះកាត់តវីដេអូ និងរៀបចំបទសម្ភាសដូចជាអ្នកសារព័ត៌មានអាជីព។ វគ្គបណ្តុះបណ្តាលនេះ ពិតជាទុនសំខាន់សម្រាប់ពួកគេក្នុងការផលិតព័ត៌មានសម្រាប់សហគមន៍»។
 

កំពតជាខេត្តគោលដៅទីពីរនៃវគ្គបណ្តុះបណ្តាលសារព័ត៌មាន បន្ទាប់ពីការរៀបចំលើកដំបូងនៅខេត្តកំពង់ធំ កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ខេត្តគោលដៅបន្តបន្ទាប់ទៀតរួមមាន ឧត្តរមានជ័យ ពោធិ៍សាត់ និងកោះកុង។
 
វគ្គបណ្តុះបណ្តាលនៅខេត្តកំពត មានការចូលរួមសម្របសម្រួលពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC) អង្គការតម្លាភាពកម្ពុជាប្រចាំខេត្តកំពត និងអង្គការសាលាបរទេសជុំគ្រៀល។
 

សូមបញ្ជាក់គម្រោងវគ្គបណ្តុះបណ្តាលនេះ ទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ។ គម្រោងនេះមានឬយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមចាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣៕
 
 

Tag:
 វគ្គបណ្តុះបណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com