ប៉ូលិសហូឡង់ ឃាត់ខ្លួនស្តេចគ្រឿងញៀនអាស៊ី Tse Chi Lop
អន្តរជាតិ
ប៉ូលិសហូឡង់ ឃាត់ខ្លួនស្តេចគ្រឿងញៀនអាស៊ី Tse Chi Lop
24, Jan 2021 , 9:59 pm        
រូបភាព
ដោយ: រួបរួម
ប៉ូលិសនៅក្រុងអាំស្ទែរដាម ប្រទេសហូឡង់ បានឃាត់ខ្លួន Tse Chi Lop ជនជាតិកាណាដា ដើមកំណើតចិន ដែលត្រូវបានចាត់ទុកថា ជាស្តេចគ្រឿងញៀនអាស៊ី ឬ Asia's El Chapo។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន ABC។

 
ក្នុងដំណើរទៅកាន់ប្រទេសកាណដា Tse Chi Lop ត្រូវបានឃាត់ខ្លួននៅអាកាសយានដ្ឋាន Amsterdam’s Schiphol។ ប៉ូលិសសហព័ន្ធអូស្ត្រាលី (AFP) នឹងស្នើសុំការធ្វើបច្ចាប័នដើម្បីនាំយកឧក្រិដ្ឋជនគ្រឿងញៀនរូបនេះ ទៅកាន់ទោស។ ប្រតិបត្តិការតាមចាប់ខ្លួនដែលដឹកនាំដោយ AFP មានការចូលរួមពីអាជ្ញាធរកាណាដា ចិន ជប៉ុន មីយ៉ាន់ម៉ា ថៃ សហរដ្ឋអាមេរិក ក៏ដូចជាការិយាល័យស៊ើបអង្កេតតៃវ៉ាន់ផងដែរ។
 
Tse Chi Lop ត្រូវបានគេដឹងថា មេដឹកនាំក្រុមហ៊ុន The Company ដែលមានគ្រឿងញៀនខុសច្បាប់តម្លៃប្រមាណ៧០ពាន់លានដុល្លារអាមេរិកនៅលើទីផ្សារអាស៊ី។ ប៉ូលិសអូស្ត្រាលី ជឿជាក់ថា ក្រុមហ៊ុន The Company ឬ Sam Gor Syndicate ជាអ្នកទទួលខុសត្រូវលើការនាំចូលគ្រឿងញៀនខុសច្បាប់៧០ភាគរយនៅទឹកដីអូស្ត្រាលី។
 
បុរសកាដាណាដើមកំណើតចិនវ័យ៥៦ឆ្នាំរូបនេះ ត្រូវបានប្រៀបប្រដូចជាស្តេចគ្រឿងញៀនម៉ិកស៊ិក Joaquin “El Chapa” Guzman ដោយសារតែទំហំជួញដូរដ៏ធំ។ ប៉ូលិសអូស្ត្រាលី តាមប្រម៉ាញ់ Mr Tse អស់រយៈពេលជាង១ទសវត្សរ៍មកហើយ មុនពេលដឹងពីដំណើររបស់គេទៅកាន់កាណាដា។
 
ចាប់តាំងពីឆ្នាំ២០១៩មក Mr Tse ត្រូវបានចាត់ទុកជាឧក្រិដ្ឋជនដែលគេតាមប្រមាញ់បំផុតនៅលើពិភពលោក ដោយពាក្យចចាមអារ៉ាមកន្លងមកថា គេបានរស់នៅម៉ាកាវ ហុងកុង និងតៃវ៉ាន់។ 
កាលពីអំឡុងឆ្នាំ១៩៩០ Mr Tse ក៏បានជាប់ពន្ធនាគារ៩ឆ្នាំនៅសហរដ្ឋអាមេរិក ពីបទជួញដូរគ្រឿងញៀនផងដែរ។ អង្គការសហប្រជាជាតិក៏ធ្លាប់បានវាយតម្លៃផងដែរថា The Company ទទួលបានចំណូលពីការលក់មេតំហ្វេតាមីនប្រមាណ១៧ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨។
 
កើតនៅ Guangzhou ប្រទេសចិន Tse បានទៅរស់នៅកាណាដានៅឆ្នាំ១៩៨៨។ ក្រោយជាប់គុក៩ឆ្នាំនៅសហរដ្ឋអាមេរិក Tse នៅតែបន្តសកម្មភាពជូញដូរគ្រឿងញៀន ជាពិសេសនៅតំបន់អាស៊ី ដោយរបាយការណ៍បង្ហាញថា មីយ៉ាន់ម៉ា ថៃ និងឡាវ ស្ថិតក្នុងចំណោមទីតាំងនៃប្រតិបត្តិការផលិតគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជននេះ៕
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com