កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ធ្លាក់​ពី FA Cup ដោយសារ Man Utd តែ Klopp ថា​«​មិនបាច់​បារម្ភ​ពី​ពួកយើង​ទេ​»
25, Jan 2021 , 11:26 am        
រូបភាព
​គ្រាប់​បាល់ Free-kick ដ៏​ល្អ​របស់ Bruno Fernandes បាន​ជួយ Manchester United ទម្លាក់ Liverpool ពី​ពានរង្វាន់ FA Cup ជុំ​ទី​៤​។ លោក Jurgen Klopp ឆ្លើយតប​នឹង​បរាជ័យ​នេះ​ថា «​មិ​ចាច់​បារម្ភ​អំពី​ពួកយើង​ទេ​»​។​


​ក្នុងការ​ប្រកួត FA Cup ជុំ​ទី​៤ នៅ​កីឡដ្ឋាន Old Trafford នា​យប់​ថ្ងៃទី​២៤ ខែមករា ខណៈ​ការប្រកួត​ដំណើរការបាន​១៨​នាទី Mohamed Salah បានសម្រេច​គ្រាប់​បាល់​យ៉ាង​ល្អ​ដើម្បី​ជួយ Liverpool នាំមុខ​មុន តាមរយៈ​ការបញ្ជូន​របស់ Roberto Firmino​។ ៨​នាទី​ក្រោយមក Mason Greenwood បានបញ្ចប់​ការនាំ​មុខ​របស់​ក្រុម​ភ្ញៀវ ដោយ​បំប៉ោង​សំណាញ់​ទី​១​គ្រាប់​វិញ ពី​ការបញ្ជូន​របស់ Marcus Rashford​។ ចប់​វគ្គ​ទី​១​ក្រុម​ទាំងពីរ​ស្មើគ្នា ១-១​។​
 
​ចូលដល់​វគ្គ​ទី​២ ត្រឹម​៣​នាទី​ក្រោយ​អាជ្ញាកណ្តាល​បន្លឺ​កញ្ចែ Greenwood បាន​បញ្ជូន​បាល់​ឲ្យ Rashford ស៊ុត​គ្រាប់​នាំមុខ​ឲ្យ Man Utd វិញ មុនពេល Salah ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ហ្ស៊ី​ប បន្ថែម​គ្រាប់​ទី​២​របស់ខ្លួន តាមរយៈ​ការបញ្ជូន​របស់ Firmino ដដែល​នៅ​១០​នាទី​បន្ទាប់ពី និង​ជា​គ្រាប់​តាម​ស្មើ​សម្រាប់​ហង្ស​ក្រហម​។​
 
​យ៉ាងណាក៏ដោយ Fernandes ដែល​ទើប​ប្តូរ​ចូល​ជំនួស Donny van de Beek ជា​អ្នកសម្រេច​ទី​ជ័យជម្នះ​ឲ្យ​ក្រុម​លោក Ole Gunnar Solskjaer ដោយ​ការទា​ត់បាល់​ពិន័យ Free-kick ដ៏​អស្ចារ្យ នៅ​នាទី​៧៨​។ ចប់​ការប្រកួត Man Utd ឈ្នះ Liverpool ៣-២​។​
 
​បរាជ័យ​នៅ FA Cup លើក​នេះ​ទៀត មានន័យថា​ក្រុម​លោក Klopp ឈ្នះ​តែមួយ​លើក​គត់ ក្នុងចំណោម​ការប្រកួត​៧​លើកចុងក្រោយ​រដូវ​កាល​នេះ​។ ក្រុម​ការពារ​តំណែង​ជើងឯក Premier League ក៏បាន​ធ្លាក់​ទៅ​លេខ​៤​ក្នុង​តារាង​លី​គ​កំពូល​ផងដែរ ដោយ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​បិសាច​ក្រហម​ចំនួន ៦​ពិន្ទុ​។​
 
​ក្រោយ​ចប់​ការប្រកួត អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​បាន​ប្រាប់​អ្នកព័ត៌មាន​ថា​៖ នេះ​មិនមែនជា​អ្វីដែល​យើង​ចង់​បានទេ វា​ជា​លទ្ធផល​គួរឱ្យ​ធុញទ្រាន់​ណាស់​។ យើង​មិន​ស្ថិតនៅ​កម្រិត​កំពូល​ឡើយ ប៉ុន្តែ​យើង​បាន​បោះជំហាន​លើផ្លូវ​ជាច្រើន​ក្នុងទិសដៅ​ត្រឹមត្រូវ​។ ដូច្នេះ អ្នក​មិនចាំបាច់​បារម្ភ​ពី​យើង​ទេ ព្រោះ​ក្រុម​របស់​យើង គឺ​យើង​នៅ​ជាមួយគ្នា​»​។​
 
Klopp បាន​ជួយ​ហង្ស​ក្រហម​ឈ្នះ​ជើងឯក Champions League នៅ​ឆ្នាំ ២០១៩ និង ដណ្តើម​ជើងឯក Premier League ក្នុង​ឆ្នាំ ២០២០ ដោយ​បញ្ចប់​រដូវ​កាល​មាន​ពិន្ទុ​នាំមុខ​ដាច់​ក្រុម​លេខ​២ Man City ១៨​ពិន្ទុ និង Man Utd ដែល​នៅ​លេខ​៣​ចំនួន​៣៣​ពិន្ទុ​ឯណោះ​។​
 
Man Utd ដែល​បាន​កៅអី​ទៅ​ជុំ​ទី​៥ នឹងត្រូវ​ជួប West Ham United ខណៈ Arsenal ដែលជា​ក្រុម​ការពារ​ជើងឯក​បាន​ធ្លាក់​ចេញពី FA Cup នេះហើយ ក្រោយ​ចាញ់ Southampton ១-០​។ ក្រុម​ខ្លាំងៗ​ដែល​ឡើងទៅ​ជុំ​ទី​៥ មាន Chelsea, Man City, Everton, Leicester City និង Wolves ជាដើម​៕
 

Tag:
 FA Cup
  Jurgen Klopp
© រក្សាសិទ្ធិដោយ thmeythmey.com