លោក កែវ រ៉េមី ជំរុញ​ឲ្យ​មានការ​រួបរួម និង​គោរព​គ្នា នៅក្នុង​គ្រួសារ​ល្បុក្កតោ
កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី ជំរុញ​ឲ្យ​មានការ​រួបរួម និង​គោរព​គ្នា នៅក្នុង​គ្រួសារ​ល្បុក្កតោ
25, Jan 2021 , 12:03 pm        
រូបភាព
​លោក កែវ រ៉េមី អនុប្រធាន​ទី​១ នៃ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ក្រឿន​រំ​ឮ​ក​សិស្ស​គុន​ល្បុក្កតោ ឲ្យ​ចេះ​គោរព​ចាស់ព្រឹទ្ធាចារ្យ និង​មនុស្ស​ដែល​វ័យ​ច្រើនជាង​ខ្លួន​។ ជាពិសេស លោក ទទូច​ឲ្យ​មានការ​ប​ង្រួប​បង្រួម​គ្នា​ក្នុង​គ្រួសារ​គុន​ល្បុក្កតោ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​កីឡា​វប្បធម៌​ប្រពៃណី​មួយ​នេះ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​។ ថ្នាក់ដឹកនាំ​សហព័ន្ធ​ជឿជាក់ថា បើ​មានការ​ឯកភាព និង​រួបរួមគ្នា​ក្នុង​គ្រួសារ​គុន​ល្បុក្កតោ នឹង​ជួយ​ឲ្យ​កីឡា​មួយ​នេះ​កាន់តែ​មាន​ភាព​រីកចម្រើន​។

 
​លោក កែវ រ៉េមី ដែល​ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​អនុប្រធាន​ទី​១ នៃ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បន្ត​ដាស់តឿន​ដល់​កីឡាករ​កីឡាការិនី​គុន​ល្បុក្កតោ​ពាក់ព័ន្ធ​បញ្ហា​សុ​ជីវ​ធម៌​។ គោលបំណង​នៃ​ការ​ដាស់តឿន​នេះ ព្រោះ លោក ចង់​ឲ្យ​សិស្ស​គុន​ល្បុក្កតោ​ចេះ​ផ្តល់​តម្លៃ និង​គោរព​គ្នា​ទៅវិញទៅមក​រវាង​អ្នក​ដែលមាន​អាយុ​តិច​ជាមួយ​រៀប​ច្បង គ្រូបង្វឹក និង​ព្រឹទ្ធាចារ្យ​។ 
 
«​រួមគ្នា​ទៅ​លោក​ម្ចាស់​! ធ្លាប់​ចូលរួម​កិច្ចប្រជុំ​ប៉ុន្មាន​លើក​ហើយ​ជាមួយ​លោកគ្រូ ខ្ញុំ​និយាយ​ម្តងទៀត ក្មេងៗ​គោរព​ចាស់ទុំ កុំ​អាង​ខ្លួនឯង​កំពុង​ពេញកម្លាំង ព្រោះ​អ្នកលេង​ក្បាច់គុន​ពេលខ្លះ​ភ្លេច​គិត ពេល​ឃើញ​គ្រូ​ចាស់ៗ​តែង​គិតថា គាត់​ចាស់​រញីរញ័រ​អ៊ីចឹង​វ៉ៃ​ម៉េច​ឈ្នះ​អញ អា​នឹង​ផ្តេសផ្តាស​មែនទែន គំនិត​អត់​ជឿនលឿន​»​។ លោក កែវ រ៉េមី លើកឡើង​បែបនេះ នា​មហាសន្និបាត​បូកសរុប​ការងារ​ក្នុង​អាណត្តិ​ទី​៤ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​២១ មករា ឆ្នាំ​២០២១​។​
 

 
​តែ​យ៉ាងណា លោក មិនបាន​បញ្ជាក់​ពី​មូលហេតុ ដែល​នាំ​ឲ្យ​លោក​លើកឡើង​បែបនេះ​ឡើយ​។ ប៉ុន្តែ​ការ​ដាស់តឿន​ម្តង​ហើយ​ម្តងទៀត​បែបនេះ ទំនងជា លោក​សង្កេតឃើញថា សុជីវធម៌​នៃ​ការគោរព​គ្នា​ក្នុង​គ្រួសារ​គុន​ល្បុក្កតោ​អាចមាន​ការធ្លាក់ចុះ ឬ​អាច​មានការ​អាក់អន់ចិត្ត​គ្នា​ក៏​ថា​បាន​។    
 
​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​សហព័ន្ធ ព្រឹទ្ធាចារ្យ គ្រូបង្វឹក និង​សិស្ស​គុន​ល្បុក្កតោ អនុប្រធាន​ទី​១​រូបនេះ​បានប្រកាស​ដាច់អហង្ការ​ថា លោក​មិន​ចូលរួម​ដាច់ខាត​ជាមួយ​សកម្មភាព ដែលមាន​គំនិត​ញុះញង់​ធ្វើ​ឲ្យ​បែកបាក់​ផ្ទៃក្នុង​របស់​គ្រួសារ​គុន​ល្បុក្កតោ​។ ពោលគឺ​លោក​ចូលរួម​តែ​ជាមួយ​សកម្មភាព​ណា ដែល​ធ្វើ​ឲ្យ​វិស័យ​កីឡា​គុន​ល្បុក្កតោ​មានការ​រីកចម្រើន​ប៉ុណ្ណោះ​។  
 
 

 
«​ខ្ញុំ​ធុញ​ជាងគេ​រឿង​ឈ្លោះ​គ្នា តា​ឈ្លោះ​គ្នា​ចប់​ហ្មង​! ហើយ​ខ្ញុំ​អត់​ចូលរួមចំណែក​ដាច់ខាត​។ ខ្ញុំ​ចូលរួម​រួបរួម​ជាមួយ​បងប្អូន​យើង​ក្រោម​ការដឹកនាំ​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត​សភាចា​រ្យ ច័ន្ទ សារុន និយាយ​គ្នា​ឲ្យ​ច្បាស់​អ៊ីចឹង​ហ្មង​។ ខ្ញុំ​អត់​ចូលរួម​ក្នុងការ​បំបែកបំបាក់​ផ្ទៃក្នុង​ដាច់ខាត ខ្ញុំ​អត់​ដែល​ធ្វើ​កិច្ចការ​បំបែកបំបាក់​ផ្ទៃក្នុង​នោះទេ អត់​ហ្មង​»​។ លោក កែវ រ៉េមី លើកឡើង​បែបនេះ ដោយ​ភ្ជាប់​ជាមួយ​អំណះអំណាង​ថា ការលើកឡើង​បែបនេះ ពុំ​មានន័យថា សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​មានទំនាស់​ផ្ទៃក្នុង​នោះទេ​។ 
 
​លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ជំរុញ​ឲ្យ​សមាជិក​សមាជិកា​សហព័ន្ធ ព្រឹទ្ធាចារ្យ គ្រូបង្វឹក និង​សិស្ស​គុន​មកពី​សាលា​គុន​ទាំងអស់ ពង្រឹង​សាមគ្គី​ផ្ទៃក្នុង និង​ប្រឆាំង​ជាមួយ​សកម្មភាព ដែល​នាំ​ឲ្យ​មានការ​បែកបាក់​ផ្ទៃក្នុង ឬ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍន៍​កីឡា​គុន​ល្បុក្កតោ​។ លើសពីនេះ សាលា​គុន​ទាំងអស់ ត្រូវគោរព​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​របស់​សហព័ន្ធ និង​គោលនយោបាយ​ដឹកនាំ​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​គោលការណ៍​គ្រឹះ​ចលនា​អូឡាំពិក​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ 
 
 

 
​សម្រាប់​លោក ច័ន្ទ សារុន បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​ការ​ឯកភាពគ្នា និង​រួបរួម​ផ្ទៃក្នុង ដែលជា​កត្តា​កំណត់​ក្នុងការ​អភិវឌ្ឍ​គុន​ល្បុក្កតោ​។ លោក ជឿជាក់ថា គុន​ល្បុក្កតោ នឹងមាន​ភាពល្បីល្បាញ​ទូទាំង​ពិភពលោក ប្រសិនបើ​សមាជិក​សមាជិកា ព្រឹទ្ធាចារ្យ គ្រូបង្វឹក និង​សិស្ស​គុន​ទាំងអស់​មានការ​រួបរួម​គ្នា និង​ពុំមាន​ជម្លោះផ្ទៃក្នុង​។  
 
​សម្រាប់​អាណត្តិ​ទី​៥(២០២១-២០២៤) សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​សម្រួល​តូ​នាទី និង​បន្ថែម​សមាជិក​ប្រតិបត្តិ​ជាច្រើនរូប​។ ក្នុងនោះ​លោក ច័ន្ទ សារុន បន្ត​កាន់​ក្បាលម៉ាស៊ីន​ដឹកនាំ​សហព័ន្ធ ខណៈ​លោក កែវ រ៉េមី ពី​ប្រធានកិត្តិយស​មកកាន់​តួនាទី​ជា​អនុប្រធាន​ទី​១ រីឯ​លោក វ៉ា​ត់ ចំរើន ពី​អនុប្រធាន​មកកាន់​តួនាទី​ជា​អគ្គលេខាធិការ ខណៈ​លោក អ៊ួ តារា ពី​អគ្គលេខាធិការ មកជា​អគ្គលេខាធិការរង​។​
 

 
​សមាជិក​ប្រតិបត្តិ​ក្នុង​អាណត្តិ​ថ្មី​មាន​ចំនួន​១៩​រូប​រួមមាន​លោក ច័ន្ទ សារុន (​ប្រធាន​), លោក កែវ រ៉េមី (​អនុប្រធាន​ទី​១), លោក​ព្រឹទ្ធាចារ្យ សាន គីម​ស៊ាន​, លោក ហុក ឈាង​គីម និង​លោក ហេង ម៉េង​ហួ អនុប្រធាន​, លោក វ៉ា​ត់ ចំរើន (​អគ្គលេខាធិការ​), លោក អ៊ួ តារា​, លោក ជា សុខ​ភួង និង​លោក សាន អង្គររាជ​វ័​ន្ទ អគ្គលេខាធិការរង​, លោក វី តា​រ៉ា អគ្គ​ហិ​រញ្ញឹក​។ 
 
​ចំណែក​លោក ឡាយ រ៉ៃ​យ៉ុង​, លោក រឿន រស្មី​, កញ្ញា រឿន សុ​ម៉ា​និ​ច​, លោក ញ៉ែម ស៊ន​, លោក ងួន សុជាតិ​,​លោក ហែម ចិ​ត្ត្រា​, លោក ហុក ភារ​ម្យ និង​លោក ចាន់ ឬ​ទ្ធិ​ស័ក្តិ ជា​សមាជិក​៕     
 
 
 
 

Tag:
 គុន​ល្បុក្កតោ​
  កែវ រ៉េមី​
  វ៉ា​ត់ ចំរើន​
  ច័ន្ទ សារុន
© រក្សាសិទ្ធិដោយ thmeythmey.com