អន្តរជាតិ
តុលាការ​បារាំង បើកសវនាការ​ក្នុង​សំណុំរឿង​ប្រើប្រាស់​សារធាតុ​គីមី​លឿង​ក្នុង​សង្គ្រាម​វៀតណាម​
25, Jan 2021 , 9:39 pm        
រូបភាព
ការបាចសាចសារធាតុគីមីAgent Orange ដោយអាមេរិកក្នុងសង្គ្រាមវៀតណាម។ រូបភាព៖ AP
ការបាចសាចសារធាតុគីមីAgent Orange ដោយអាមេរិកក្នុងសង្គ្រាមវៀតណាម។ រូបភាព៖ AP
ដោយ:
​តុលាការ​បារាំង នៅ​ថ្ងៃទី​២៥ ខែមករា បើកសវនាការ​លើ​រឿងក្តី​ប្រឆាំង​ទៅនឹង​ក្រុមហ៊ុន​ចំនួន​១៤ ដែល​បាន​លក់​សារធាតុ​គីមី​លឿង (Agent Orange) ទៅ​រដ្ឋាភិបាល​អាមេរិក​ដើម្បី​ប្រើប្រាស់​ក្នុង​សង្គ្រាម​វៀតណាម​។ បណ្តឹង​ប្រឆាំង​ក្រុមហ៊ុន​ទាំង​១៤ ត្រូវធ្វើ​ដោយ​ស្ត្រី​បារាំង​ដើមកំណើត​វៀតណាម​ដែល​រងគ្រោះ​ដោយសារ​សារធាតុ​គីមី​នេះ​។​

 
​សារធាតុ Agent Orange ជា​សារ​ធាតុគីមី​ដែល​ប្រើប្រាស់​ដើម្បី​សម្លាប់​រុក្ខជាតិ និង​ជម្រុះ​ស្លឹក​រុក្ខជាតិ​។ សារធាតុ​នេះ​មាន​ធាតុគីមី​ពុល​១៣​ដង​លើស​សារធាតុ​គីមី​ធម្មតា​។ សារធាតុ​នេះ​បំផ្លាញ​ដំណាំ បំពុល​ដី​និង​សត្វ បណ្តាលឱ្យមាន​កើត​ជំងឺមហារីក និង​នាំឱ្យ​ទារក​មាន​អវយវៈ​មិន​ប្រក្រតី​ពី​កំណើត​។ មនុស្ស​ប្រមាណ​៤​លាន​នាក់​នៅ​កម្ពុជា វៀតណាម និង​ឡាវ រង​ផលប៉ះពាល់​ដោយសារ​ធាតុគីមី​នេះ​ដែល​អាមេរិក​បាច​តាម​យន្តហោះ​ពី​ឆ្នាំ​១៩៦១ ដល់​១៩៧១ សំដៅ​កងទ័ព​វៀតណាម​ខាងជើង​។​
 
​នៅ​ថ្ងៃទី​២៥ ខែមករា តុលាការ​បារាំង ក៏បាន​បើកសវនាការ​ពាក់ព័ន្ធ​ការប្រើប្រាស់​សារធាតុ​គីមី​នេះ​។ 
​លោកស្រី Tran To Nga បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​បារាំង​ក្នុង​ឆ្នាំ​២០១៤ ប្រឆាំង​ក្រុមហ៊ុន​ផលិត​សារធាតុ​គីមី​ចំនួន​១៤ រួមមាន Monsanto និង Bayer របស់​អាល្លឺម៉ង់ ក៏ដូចជា Dow Chemical របស់​អាមេរិក​។ លោកស្រី ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ទទួលខុសត្រូវ​លើ​ផលប៉ះពាល់​ចំពោះ​លោកស្រី កូន​របស់​លោកស្រី និង​ជនរងគ្រោះ​ជាច្រើន​ផ្សេងទៀត ព្រមទាំង​ការខូចខាត​បរិស្ថាន​ផងដែរ​។​
 
​ក្រុមហ៊ុន​ដែល​រង​បណ្ដឹង បានចេញ​បដិសេធ​បណ្ដឹង​នេះ​។ ពួកគេ​អះអាងថា តុលាការ​មិនអាច​តម្រូវ​ឱ្យ​ខ្លួន​ទទួលខុសត្រូវ​ចំពោះ​ការប្រើប្រាស់​ផលិតផល​របស់ខ្លួន​ពី​សំណាក់​យោធា​អាមេរិក​ឡើយ​។ ក្រុមហ៊ុន​អាល្លឺម៉ង់ Bayer អះអាងថា សារធាតុ​គីមី​នេះ​ត្រូវបាន​ផលិតឡើង​ក្រោម​ការគ្រប់គ្រង​ផ្តាច់មុខ​របស់​រដ្ឋាភិបាល​អាមេរិក ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP​។​
 
«​ខ្ញុំ មិនមែន​តស៊ូ​ដើម្បី​ខ្លួន​ខ្ញុំ​ឡើយ តែ​ដើម្បី​កូន​ខ្ញុំ និង​ជនរងគ្រោះ​រាប់លាន​នាក់​ផ្សេងទៀត​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Tran ដោយ​អះអាងថា សារធាតុ​គីមី​នេះ​វាយប្រហារ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​។ ផលប៉ះពាល់​ដែល​លោកស្រី​ទទួល​ពីសារ​ធាតុគីមី​នេះ​គឺ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ របេង ជំងឺមហារីក​។ ចំណែក​កូនស្រី​របស់លោក​ស្រី​ម្នាក់​ស្លាប់​ដោយ​បេះដូង​ដំណើរ​ការមិន​ប្រក្រតី​។ រៀងរាល់ឆ្នាំ កុមារ​វៀតណាម​ប្រមាណ​៦​ពាន់​នាក់​ត្រូវបាន​រកឃើញថា មាន​អវយវៈ​មិន​ប្រក្រតី​។​
 
​លោក Valerie Cabanes អ្នកជំនាញ​ច្បាប់​អន្តរជាតិ​លើកឡើងថា ការទទួលស្គាល់​ពី​ការរង​គ្រោះ​នៃ​ជន​ស៊ីវិល​វៀតណាម នឹង​ចាត់ទុកជា​ផ្នែក​មួយ​នៃ​យុត្តិសាស្ត្រ​អន្តរជាតិ​។ ដើម្បីឱ្យ​ក្រុមហ៊ុន​ទាំងនោះ​ទទួលខុស​ត្រូវបាន លោកស្រី Tran To Nga និង​មេធាវី​ត្រូវ​បង្ហាញ​ភស្តុតាង​ថា ក្រុមហ៊ុន​ទាំងនោះ បន្លំ ឬ​មិន​ប្រាប់​ការពិត​ពី​សារធាតុពុល​នៃ​សារធាតុ​គីមី Agent Orange ។ 
 
​កន្លងមក អតីតយុទ្ធជន​អាមេរិក អូស្ត្រាលី និង​កូរ៉េ​ដែល​ប្រឡូក​ក្នុង​សង្គ្រាម​នៅ​វៀតណាម បាន​ឈ្នះក្តី​ក្នុង​តុលាការ​បារាំង​ចំពោះ​ផលប៉ះពាល់​ដែល​កើតមាន​ដោយ​ការប្រើប្រាស់​សារធាតុ​នេះ​៕
 
 
 
 

Tag:
 វៀតណាម​
  បារាំង​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com