ជាតិ
នយោបាយជាតិ
លោក កឹម សុខា៖ ទូតអឺរ៉ុប សរសើរចំពោះភាពអត់ធ្មត់របស់ខ្ញុំ
×
ភ្នំពេញ៖ លោក កឹម សុខា អះអាងថា សហភាពអឺរ៉ុប កោតសរសើរចំពោះភាពអត់ធ្មត់ និងនយោបាយអហិង្សាខ្លួន។ អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ បានជួបលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅគេហដ្ឋានខ្លួន នៅថ្ងៃទី២៥ មករា។
ជំនួបដំបូងរបស់លោក កឹម សុខា ជាមួយអង្គទូតអឺរ៉ុប នៅដើមឆ្នាំ២០២១នេះ គឺផ្ដោតលើការផ្លាស់ប្តូរនូវទស្សនៈ គោលជំហរ និងព័ត៌មានគ្នាទៅវិញទៅមក ចំពោះស្ថានភាពបច្ចុប្បន្ន និងទៅអនាគត។ «យើងក៏យល់ស្របគ្នាថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង សហគមន៍អឺរ៉ុបគួរតែពង្រឹងឲ្យកាន់តែប្រសើរឡើង ដើម្បីជាផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងសងខាង»។ នេះជាការបញ្ចាក់របស់លោក កឹម សុខា ដែលសង្ខេបកិច្ចពិភាក្សាគ្នា មកសរសេរលើហ្វេសប៊ុក។
ជាមួយគ្នានេះ លោក កឹម សុខា បានអះអាងថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានស្ងប់ស្ងែងចំពោះនយោបាយអត់ធ្មត់របស់ខ្លួនផង។ «លោកជំទាវឯកអគ្គរដ្ឋទូតក៏បានកោតសរសើរផងដែរ ចំពោះការតស៊ូដោយអត់ធ្មត់របស់ខ្ញុំ ដែលឃើញសកម្មភាពរបស់ខ្ញុំបានជួយ និងជួបជិតស្និទជាមួយប្រជាពលរដ្ននៅតាមបណ្តាខេត្តកន្លងមក និងការប្តេជ្ញាចិត្តរបស់ខ្ញុំ ដែល«នៅជាមួយប្រជាពលរដ្ឋខ្មែរ ក្នុងមាតុភូមិកម្ពុជា ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ អហិង្សា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង ដោយតម្កល់ផលប្រយោជន៍ខ្មែរជាធំឥតមានកែប្រែឡើយ»ទាំងកន្លងមក បច្ចុប្បន្ននិងទៅអនាគត»។ នេះជាការបញ្ជាក់របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ។
រយៈពេល៣ឆ្នាំហើយ ដែលលោក កឹម សុខា ត្រូវបានតុលាការចោទពីបទ «គប់គិតជាមួយបរទេស» កាលពីខែកញ្ញា ឆ្នាំ២០១៧មក។ តុលាការបានចាប់ផ្ដើមដំណើរការក្តីលោក កឹម សុខា កាលពីដើមឆ្នាំ២០២០នេះ ប៉ុន្តែត្រូវបានផ្អាកបណ្ដោះអាសន្នសិនវិញ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា ក៏ដូចជាពិភពលោក៕
© រក្សាសិទ្ធិដោយ thmeythmey.com