អន្តរជាតិ
កងទ័ព​ចិន និង​ឥណ្ឌា​ប៉ះទង្គិច​គ្នា​ជាថ្មី​នៅ​ព្រំដែន​តំបន់ភ្នំ​ហិមាល័យ​
25, Jan 2021 , 10:19 pm        
រូបភាព
រថយន្តយោធាឥណ្ឌានៅ Ladakh ។ រូបថត AFP
រថយន្តយោធាឥណ្ឌានៅ Ladakh ។ រូបថត AFP
​កងទ័ព​ចិន និង​ឥណ្ឌា បាន​ប្រឈមមុខគ្នា​ជាថ្មីទៀត​នៅតាម​ព្រំដែន​កាលពី​សប្ដាហ៍​មុន​។ នេះ​បើតាម​ការបញ្ជាក់​របស់​យោធា​ឥណ្ឌា​នៅ​ថ្ងៃទី​២៥ ខែមករា​។ យោធា​ទាំងសងខាង សុទ្ធតែ​រងរបួស​ក្នុងការ​ប៉ះទង្គិច​ដែល​យោធា​ឥណ្ឌា​អះអាង មាន​លក្ខណៈ​តិចតួច​នៅឯ​រដ្ឋ Sikkim នៃ​ខ្សែ​ព្រំដែន​នៅ​ជួរ​ហិមាល័យ​។​

 
​ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​២៥ ខែមករា យោធា​ឥណ្ឌា​លើកឡើងថា ការប៉ះទង្គិច​រវាង​ក​ង​ទ័ព​ឥណ្ឌា និង​ចិន​កើត​នៅ​ថ្ងៃទី​២០ ខែមករា នៅ​ច្រក Naku La ដែល​ភ្ជាប់​រដ្ឋ Sikkim របស់​ឥណ្ឌា​ទៅ​តំបន់​ស្វយ័ត​ទី​បេ​របស់​ចិន​។ ក្នុង​សេចក្ដីប្រកាស​ដដែល យោធា​ឥណ្ឌា​បញ្ជាក់ថា ការប៉ះទង្គិច​នេះ ត្រូវបាន​ដោះស្រាយ​ដោយ​មេបញ្ជាការ​នៅ​ទីតាំង​ផ្ទាល់​ទៅតាម​នីតិវិធី​ដែល​បាន​ឯកភាពគ្នា​កន្លងមក​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន AFP ស្រង់​ប្រភពពី​រដ្ឋាភិបាល​ឥណ្ឌា កងទ័ព​ឥណ្ឌា​ចំនួន​៤​នាក់ បាន​រងរបួស​។ ព័ត៌មាន​ទាក់ទង​យោធា​ចិន​មិនមាន​ឡើយ តែ​យោធា​ឥណ្ឌា​ជឿថា ចិន​ក៏មាន​អ្នករបួស​ដែរ​។​
 
​នេះ​ជាការ​ប៉ះទង្គិច​លើក​ទី​ពីរ​ហើយ​នៅ​ច្រក Naku La នេះ​គិត​តាំងពី​ខែឧសភា ឆ្នាំ​២០២០ មក​។ កាលពី​ខែឧសភា​កន្លងទៅ យោធា​ឥណ្ឌា និង​ចិន​ប្រមាណ​១៥០​នាក់ បាន​ប្រឈមមុខ​ដាក់គ្នា ដោយមាន​អ្នករបួស​១០​នាក់​។ ក្រោយ​ហេតុការណ៍​នេះ ការប្រឈមមុខគ្នា​ដ៏​តានតឹង​មួយទៀត​បានកើត​ឡើង​នៅ​ជ្រលង Galwan ក្នុង​តំបន់ Ladakh ដែល​ឥណ្ឌា​ចាត់ទុកជា​ទឹកដី​របស់ខ្លួន​។​
 
​ក្នុងការ​ប៉ះទង្គិចរ​វា​ង​ដៃ​និង​ដៃ ដំបង​និង​ដំបង យោធា​ឥណ្ឌា​យ៉ាងហោចណាស់​២០​នាក់​បាន​ស្លាប់ ដែល​ភាគច្រើន​បណ្ដាលមកពី​ការរង​របួស​ស្របពេល​អាកាសធាតុ​ត្រជាក់​ខ្លាំង​។ ចិន ក៏មាន​អ្នកស្លាប់​ដែរ តែ​មិនបាន​បញ្ច​ញ​តួលេខ​ឡើយ សំដៅ​បញ្ចៀស​ការប្រើប្រាស់​តួលេខ​ដើម្បី​ទាញយក​ចំណេញ​នយោបាយ​។​
 
​ក្រុង​ប៉េកាំង និង​ក្រុង​ញូវដែលី ចោទ​គ្នា​ទៅវិញទៅមក​ជុំវិញ​ការប្រឈមមុខគ្នា​នេះ​។ វិវាទ​ព្រំដែន ក៏​រាលដាល​ដល់​បញ្ហា​ផ្សេងទៀត​ដូចជា​ពាណិជ្ជកម្ម​ជាដើម ហើយ​ឥណ្ឌា​ក៏​ប្រកាស​បិទ​កម្មវិធី​ទូរ​សព្ទ​ជាច្រើន​របស់​ចិន​ផងដែរ​៕
 

Tag:
 ចិន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com