ជាតិ
ក្រោយ​ចប់​យុទ្ធនា​ការរត់​៩៧​ថ្ងៃ សាយ ចង់​ក្លាយជា​អ្នក​ប្រឹក្សា​យោបល់​ដល់​យុវជន​ដែល​ចង់​ធ្វើ​ការងារ​សង្គម​
25, Jan 2021 , 10:39 pm        
រូបភាព
​សៀមរាប​៖ លោក អ៊ួ​ន បឋម ហៅ​សាយ បានបង្ហាញ​អារម្មណ៍​រំភើប​ជា​ពន់ពេក ក្រោយ​បានបញ្ចប់​នូវ​ព្រឹត្តិការណ៍​រត់​ដើម្បី​រៃអង្គាស​ថវិកា ក្នុង​បុព្វហេតុ​ជួយ​ទ្រទ្រង់​ការព្យាបាល​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ នា​ខេត្តសៀមរាប​។ ការរត់​ជាង​៣​ខែ លើ​ចម្ងាយ​ផ្លូវ​ជាង ២,៤០០​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​រាជធានី​-​ខេត្ត​ចំនួន​២១ សាយ បាន​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ជាង​៥០​ម៉ឺន​ដុល្លារ គឺ​ស្មើនឹង​ជាង ២​ពាន់​លាន​រៀល​។​

 
​សាយ ដែលជា​តារាចម្រៀង Original song បានធ្វើឱ្យ​មហាជន​ស្គាល់​ខ្លួន​កាន់តែច្បាស់ បន្ទាប់ពី​យុវជន​រូបនេះ បាន​បង្កើត​ព្រឹត្តិការណ៍ «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ដើម្បី​រៃអង្គាស​ថវិកា​ជួយ​មន្ទី​ពេទ្យ​កុមារ​អង្គរ ដែល​កំពុង​ជួយ​ព្យាបាល​កុមារ​ក្រីក្រ​កម្ពុជា​ដោយ​ឥតគិតថ្លៃ តាំងពី​ឆ្នាំ​១៩៩៩​មក​។ ក្នុង​ពិធី​បិទ​បញ្ចប់​ការរត់ និង​ការប្រគល់​និង​ទទួល​ថវិកា នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ នា​ព្រឹក​ថ្ងៃទី​២៥ ខែមករា សាយ ប្រាប់ថា ខ្លួនគេ​ពិតជា​សប្បាយចិត្ត​ណាស់ ដែល​បាន​បំពេញ​ក្ដី​ស្រមៃ​ក្នុង​ឆាកជីវិត ហើយ​គេ​នឹង​ចងចាំ​ព្រឹត្តិការណ៍​នេះ​អស់​មួយជីវិត​។​


 
​ក្រោយ​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​មនុស្សធម៌​ដ៏​ធំ​នេះ​រួចមក សាយ បាន​បង្ហើប​ពី​គោលបំណង​បន្ទាប់​នាពេលខាងមុខ គឺ​គម្រោង​មួយ​ដែល​គេ​ហៅថា នឹង​ជំរុញ​លើកទឹកចិត្ត​ឱ្យ​យុវជន ចូលរួម​ការងារ​សង្គម​។ ក្នុងនោះ សាយ​ក៏​ត្រៀម​ចែករំលែក​នូវ​បទពិសោធន៍​នានា​ដែល​គេ​ជួបប្រទះ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​មនុស្សធម៌​នេះ ធ្វើយ៉ាងណា​ឱ្យ​យុវជន​ជំនាន់​ក្រោយ រៀន​និង​ត្រៀមខ្លួន មុននឹង​ចង់​រៀបចំ​កម្មវិធី​សង្គម​ផ្សេងៗ​។ 
 
​លោក​វេជ្ជបណ្ឌិត ងួន ចាន់​ភក្ដ្រា នាយក​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​កោតសរសើរ​ចំពោះ​សកម្មភាព​របស់​សាយ ហើយ​ថវិកា​ដែល​ទទួលបាន​ពី​ព្រឹត្តិការណ៍​ខាងលើនេះ ពិតជា​ចំណែក​ដ៏​ធំ​សម្រាប់​ការ​ទ្រទ្រង់​ការព្យាបាល​ក្នុង​មន្ទីរពេទ្យ​ទាំងមូល​។ លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា ជា​រៀងរាល់ថ្ងៃ​មាន​កុមារ​ចន្លោះ​ពី​៥០០​ទៅ​៦០០​នាក់ ដែល​មក​ទទួល​សេវា​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ហើយ​អំឡុងពេល​ជំងឺ​កូ​វីដ​១៩​នេះ ធ្វើឱ្យ​ការ​រៃអង្គាស​ថវិកា​ពី​បរទេស មានការ​ធ្លាក់ចុះ​ជាខ្លាំង​។ លោក ងួន ចាន់​ភក្ដ្រា ក៏បាន​អរគុណ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ដែលមាន​ចំណែក​ចូលរួម​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​ក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌​ជាមួយ​សាយ នៅពេលនេះ​។​
 
​គួរ​បញ្ជាក់ថា សាយ បានចាប់ផ្តើម​រត់​ពី​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២០ ឆ្លងកាត់​រាជធានី​-​ខេត្ត ចំនួន​២១ និង​បាន​មកដល់​គោលដៅ​វិញ នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១  ដោយ​ចំណាយពេល​៩៧​ថ្ងៃ​៕
 








 

Tag:
 រត់​ជាមួយ​សាយ​
  មន្ទីរពេទ្យ​កុមារ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com