កីឡាអន្តរជាតិ
អន្តរជាតិ
Fernandes៖ បើ​ត្រូវ​ដាក់ឱ្យ​លេង​នៅ​ទីតាំង​ដូច Van de Beek ខ្ញុំ​ក៏​មិន​សប្បាយចិត្ត​ដែរ​
25, Jan 2021 , 10:59 pm        
រូបភាព
Bruno Fernandes យល់ច្បាស់​ពី​ការមិនសប្បាយចិត្ត​រប​ស់ Donny van de Beek ដែល​បណ្តាលមកពី​មិត្ត​រួម​ក្រុម​រូបនេះ​មិន​ទទួលបាន​ពេលវេលា​លេង​គ្រប់គ្រាន់​សម្រាប់​ក្រុម Manchester United និង​ការដាក់ឱ្យ​លេង​នៅ​ទីតាំង​ខុសពី​ទម្រង់​ក្ដី​។ Fernandes អះអាងថា បើសិន​ខ្លួន ត្រូវដាក់​ឲ្យ​លេង​នៅ​ទីតាំង​ដូច Van de Beek ក៏​មិន​សប្បាយចិត្ត​ដែរ​។​


Van de Beek ខ្សែបម្រើរ​អន្តរជាតិ​ហូ​ឡង់ បានបង្ហាញ​ខ្លួន​ជា​លើក​ទី​១០​សម្រាប់​ក្រុម​បិសាច​ក្រហម​ដូ​វ​កាល​នេះ ក្នុងជំនួប​ដែល Man Utd យកឈ្នះ Liverpool ក្នុង​ពានរង្វាន់ FA Cup ជុំ​ទី ៤ នៅ​រាត្រី​ថ្ងៃទី​២៤ ខែមករា​។​
 
​ក្នុងជំនួប​នេះ អតីត​កីឡាករ Ajax បាន​ព្យាយាម​ធ្វើឱ្យ​បានល្អ​ដ្បិត​ជាប់​ជម្រើស​១១​ដំបូង​របស់លោក Ole Gunnar Solskjaer នៅ Old Trafford ប៉ុន្តែ​ទោះយ៉ាងណា​រូបគេ​ទប់​បាល់​បាន ២៣​លើក និង​ព្យាយាម​ប៉ះ​ទៅ​ឲ្យ​ដៃគូ​តែ​១៨​ដង​ប៉ុណ្ណោះ មុនពេល​ត្រូវ​ប្តូរ​ចេញ​នៅ​នាទី​៦៦​។​
 
Fernandes ដែល​ចូល​ជំនួស Van de Beek ត្រូវបាន​គេ​មើលឃើញថា បាន​ប្រែ​របៀប​លេង​របស់​បិសាច​ក្រហម​ទាំងស្រុង និង​ថែមទាំង​ជួយ​ក្រុម​ទទួលបាន​ជ័យជម្នះ​លើ​ក្រុម Liverpool ក្នុង​លទ្ធផល ៣-២ តាមរយៈ​ការ​ស៊ុត​បាល់​ពិន័យ Free-kick នៅ​១២​នាទី​ក្រោយ​ប្តូរ​ចូល​។​
 
​នៅ​មុនពេល​ប្រកួត FA Cup ជុំ​ទី​៤​នេះ លោក Solskjaer បាន​សារភាពថា Van de Beek មិន​សប្បាយចិត្ត​នោះទេ​ព្រោះ​បាន​លេង​តិចតួច​បំផុត​ចាប់តាំងពី​ផ្លាស់​ពី Ajax ក្នុងតម្លៃ​៥៤​លាន​ដុល្លារ​កាលពី​ដើមរដូវ​កាល​។ ជុំវិញ​ករណីនេះ Fernandes បានបង្ហាញ​ក្តី​អាណិតអាសូរ​ចំពោះ​មិត្ត​រួម​ក្រុម​រូបនេះ​យ៉ាងខ្លាំង​។​
 
​ខ្សែបម្រើ​ដែល​លេចធ្លោ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​បាន​ប្រាប់​ទូរទស្សន៍ MUTV ថា​៖ « Van de Beek មានការ​ប្រកួត​ដ៏​អស្ចារ្យ​។ ពី​ទីតាំង​របស់ខ្ញុំ មើលទៅ​គាត់​លេង​ផ្លាស់​ទី​បានល្អ​ណាស់​។ ប្រសិន​ខ្ញុំ​ត្រូវ​លេង​ទីតាំង​ដែល Van de Beek លេង​សព្វដង ខ្ញុំ​មិន​សប្បាយចិត្ត​ទាល់តែសោះ ។ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត​ដែល​គាត់​ធ្វើ​នៅថ្ងៃនេះ​គឺ​បាន​ជួយ​ក្រុម​»​។​
 
​យ៉ាងណាក៏ដោយ Fernandes បន្ថែមថា នេះ​ក៏​ដោយសារតែ Man Utd មាន​សមាជិក​ក្រុម​ដែលមាន​ជម្រើស​ល្អ​ច្រើន​។ សូម្បីតែ​អ្នក​អង្គុយ​នៅ​កៅអី​បម្រុង ក៏​សុទ្ធសឹង​ជា​កីឡាករ​ពោ​ពេញ​ដោយ​សមត្ថភាព​ដែរ​។ ដូច្នេះ នេះ​មិនមែនជា​បញ្ហា​ទេ បើ​ទោះ​រូបគេ អាណិត Van de Beek ដែល​បង្ហាញខ្លួន​បាន​តិច​ម៉ោង​នោះ​។​
 
​បច្ចុប្បន្ន Fernandes រកបាន ២៨ គ្រាប់​ហើយ​សម្រាប់​ក្រុម​បិសាច​ក្រហម​នៅ​គ្រប់​ការប្រកួត ចាប់តាំងពី​បង្ហាញខ្លួន​លើកដំបូង​នៅ​ខែកុម្ភៈ ឆ្នាំ ២០២០ ក្រោយ​ផ្លាស់​ពី Sporting Lisbon​។ ២៨​គ្រាប់ ក្នុងការ​ប្រកួត​៤៦​លើក​នេះ បានធ្វើ​ឲ្យ​ខ្សែបម្រើ​វ័យ​២៦​ឆ្នាំ ក្លាយជា​កីឡាករ​ដែល​រក​គ្រាប់​បាន​ច្រើន​សម្រាប់​ក្លិប​នៅ Premier League​។ Van de Beek ទើប​រកបាន​១​គ្រាប់​ប៉ុណ្ណោះ ពី​ការប្រកួត​ទាំង​១០​លើក​៕

Tag:
 Bruno Fernandes
  Donny van de Beek
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com