អន្តរជាតិ
អាមេរិក បញ្ជូន​នាវាចម្បាំង​ទៅ​សមុទ្រ​ចិន​ខាងត្បូង​, ចិន​ថា មិនមែនជា​រឿង​ល្អ​សម្រាប់​សន្តិភាព​ឡើយ​
26, Jan 2021 , 8:29 am        
រូបភាព
ដោយ:
​ក្រសួងការបរទេស​ចិន តាមរយៈ​អ្នកនាំពាក្យ​នៅ​ថ្ងៃទី​២៥ ខែមករា អះអាងថា វត្តមាន​របស់​យោធា​អាមេរិក​នៅក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង​មិនមែនជា​រឿង​ល្អ​ឡើយ​សម្រាប់​សន្តិភាព​។ ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​កង​នាវាចម្បាំង​អាមេរិក​ដែល​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS Theodore Roosevelt បាន​បើក​ចូល​សមុទ្រ​ចិន​ភាគខាងត្បូង​។​

 
​សមុទ្រ​ចិន​ខាងត្បូង ដែលជា​ទីតាំង​យុទ្ធសាស្ត្រ និង​ជា​ផ្លូវ​ឆ្លងកាត់​នៃ​ទំនិញ​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ គឺជា​ចំណុច​តានតឹង​រវាង​វ៉ាស៊ីនតោន និង​ប៉េកាំង​។ ចិន​តែង​ប្រតិកម្ម​ចំពោះ​សកម្មភាព​យោធា​អាមេរិក​ក្នុង​សមុទ្រ​នេះ​។ ចិន​លើកឡើងថា នាវាចម្បាំង​អាមេរិក​តែងតែ​ចូលទៅ​ជិត កោះ​ដែល​ខ្លួន​គ្រប់គ្រង​ក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង ដែល​កោះ​ទាំងនោះ​ក៏​ស្ថិតក្រោម​ការទាមទារ​ក​ម្ម​សិទ្ធ​ពី​វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ព្រុយ​ណេ និង​តៃវ៉ាន់​ផងដែរ​។​
 
« អាមេរិក​ជារឿយៗ​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ និង​នាវាចម្បាំង​ចូលក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង​។ នេះ​មិន​អំណោយផល​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់លោក​Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៥ ខែមករា​។​
 
​បើតាម​យោធា​អាមេរិក ក្រុម​នាវាចម្បាំង​មួយ​កង បើក​ចូល​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃទី​២៣ ខែមករា ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS Theodore Roosevelt អមដោយ​នាវា​ប្រយុទ្ធ​បី​គ្រឿង​ផ្សេងទៀត​បាន​បើក​ចូល​សមុទ្រ​ចិន​ខាងត្បូង​។ វត្តមាន​នាវា​មួយក្រុម​នេះ ត្រូវបាន​អាមេរិក​លើកឡើងថា ជាការ​លើកកម្ពស់​សិទ្ធិ​សេរីភាព​ដែនសមុទ្រ បង្កើត​ភាពជា​ដៃគូ និង​ពង្រឹង​សន្តិភាព​លំហ​សមុទ្រ​។ ការបើក​នាវា​នេះ គាប់​ជួន​ទៅនឹង​ការប្រកាស​របស់​តៃវ៉ាន់​ដែល​អះអាងថា​កងទ័ពអាកាស​របស់​ចិន បាន​ហោះចូល​ក្នុង​តំបន់​ការពារ​ផ្លូវអាកាស​របស់ខ្លួន​នៅ​ភាគ​និរតី​នៃ​ដែន​កោះ​នេះ​។​
 
​យោងតាម​សេចក្តីថ្លែងការណ៍​របស់​លោក Doug Verissimo មេបញ្ជាការ​កង​នាវាចម្បាំង​ខាងលើ អះអាងថា ការរក្សា​វត្តមាន និង​បន្ត​លើកកម្ពស់​វិន័យ​សណ្តាប់ធ្នាប់ នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ទំនិញ​ហូរ​កាត់​ចំនួន​២​ភាគ​៣ នៃ​ការដឹកជញ្ជូន​ទាំងអស់​មាន​សារៈសំខាន់​បំផុត​។​
 
​ចំពោះ​ការបើក​យន្តហោះ​ចូល​ដែល​កំណត់​អត្តសញ្ញាណ​របស់​តៃវ៉ាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បង្វែរ​ឱ្យ​សួរ​សំណួរ​ទៅ​ក្រសួងការពារជាតិ​ចិន ប៉ុន្តែ​សង្កត់ធ្ងន់ថា តៃវ៉ាន់ ជា​ផ្នែក​កមួយ​របស់​ចិន​ដែល​មិនអាច​បំបែក​បាន ហើយ​អាមេរិក​ត្រូវតែ​គោរព​គោលនយោបាយ​ចិន​តែមួយ​។ 
 
​ទាក់ទង​រឿង​យន្តហោះ​ចម្បាំង​ចិន​នេះ ប្រធានាធិបតី​តៃវ៉ាន់ Tsai Ing-wen អះអាងថា រ៉ា​ដារ​បស់​តៃវ៉ាន់​រកឃើញ​យន្តហោះ​របស់​ចិន​ចំនួន​២​ពាន់ និង​នាវា​៤​រយ​ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​មកនេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​អាមេរិក ក៏ដូចជា​បណ្តា​ប្រទេស​សឹងតែ​ទាំងអស់​លើ​លោក​ពុំមាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយ​តៃវ៉ាន់​ឡើយ ប៉ុន្តែ​អាមេរិក​ជា​ប្រទេស​លក់​អាវុធ​ច្រើន​បំផុត​ជាមួយ​កោះ​នេះ ដែល​តែងតែ​ធ្វើឱ្យ​ចិន​ក្តៅក្រហាយ​។ បន្ថែម​ពីនេះ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក លោក Lloyd Austin ប្រាប់​សមាជិក​ព្រឹទ្ធសភា​ថា អាមេរិក​នឹងធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​កុំឱ្យ​ចិន​កាន់កាប់​តៃវ៉ាន់​ដោយ​កម្លាំង​អាវុធ​។ លោក​Austin ក៏​បញ្ជាក់ថា​អាមេរិក​នឹង​ប្តេជ្ញា ក្នុងការ​គាំទ្រ​តៃវ៉ាន់​ឱ្យមាន​សមត្ថភាព​ក្នុងការ​ការពារ​ខ្លួនឯង​៕ 
 
 
 

Tag:
 ចិន​
  អាមេរិក​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com