អន្តរជាតិ
ហុងកុង បើកតំបន់មួយក្នុងខណ្ឌ Kowloon ឡើងវិញ ក្រោយបិទពីរថ្ងៃ
25, Jan 2021 , 6:10 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: ថ្មីៗ
ដោយ ឈួន ឈីវអ៊ីង

ហុងកុង បានបើកតំបន់មួយក្នុងខណ្ឌ Kowloon វិញហើយនៅថ្ងៃទី២៥ មករា ក្រោយបិទអស់ពីរថ្ងៃដើម្បីធ្វើតេស្តរកករណីកូវីដ-១៩។ មនុស្សប្រមាណ៧ពាន់នាក់ ត្រូវធ្វើតេស្ត ដែលក្នុងនោះរកឃើញករណីវិជ្ជមានថ្មី១៣ករណី។

តំបន់ Jordan នៃខណ្ឌ Kowloon ដ៏សំខាន់របស់ហុងកុង ត្រូវបិទទាំងស្រុងតាំងពីថ្ងៃទី២៣ ខែមករា។ រដ្ឋាភិបាលហុងកុង បានដាក់ទីតាំងសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ ចំនួន៥១កន្លែង។ ករណីវិជ្ជមានចំនួន ១៣ ត្រូវបានរកឃើញក្នុងចំណោមអ្នកធ្វើតេស្តជាង៧ពាន់នាក់។ ក្នុងតំបន់ដែលត្រូវបានរឹតបន្តឹងនេះ អ្នករស់នៅភាគច្រើនជាមនុស្សចាស់ បែងចែកទៅតាមផ្ទះល្វែង ដែលអាចបណ្ដាលឱ្យឆ្លងទៅគ្នាយ៉ាងឆាប់រហ័ស។

ក្រោយការធ្វើតេស្តពីរថ្ងៃមក តំបន់ Jordan ក៏ត្រូវបានបើកឡើងវិញ។ អំឡុងពេលបិទនេះ ការបើកភោជនីយដ្ឋាន ត្រូវបិទបន្ទាប់ពីម៉ោង ៦ល្ងាច ហើយអាជ្ញាធរក៏បានបិទកន្លែងមួយចំនួនដូចជាក្លឹបហាត់ប្រាណ កន្លែងកីឡា និងហាងថែរក្សាសម្ផស្សជាដើម។

ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២៥ ខែមករា រដ្ឋាភិបាលហុងកុងបញ្ជាក់ថា ជំនួញនៅក្នុងតំបន់ Kowloon រងប៉ះពាល់យ៉ាងខ្លាំង។ ទោះជាយ៉ាងណា រដ្ឋាភិបាលក៏សង្ឃឹមថា ការបិទជាបណ្តោះអាសន្ននេះនឹង ជួយកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ ក៏ដូចជាជួយសម្រួលដល់ការព្រួយបារម្ភរបស់ប្រជាជន ហើយ ដូច្នេះពួកគេនឹងមានទំនុកចិត្ត ក្នុងការត្រលប់មកបន្តសកម្មភាពរស់នៅ និងប្រកបរបររកស៊ីដូចធម្មតាវិញមិនខាន។

ការបិទសង្កាត់ Jordan នៃទីក្រុង Kowloon ដែលជាតំបន់កំពង់ពាណិជ្ជកម្ម ជាវិធានការបិទតំបន់ដំបូងគេនៅហុងកុងតាំងពីមានការរីករាលចាប់ផ្តើមវីរុសកាលពីឆ្នាំមុន។ តំបន់ Kowloon ជាកន្លែងដែលមានករណីកូវីដ-១៩ ផ្ទុះខ្លាំងជាងគេ គឺ ១៦០ករណីក្នុងរយៈពេល៣សប្តាហ៍ដំបូងនៃខែមករា។ គិតត្រឹមថ្ងៃទី២៥ ខែមករា ហុងកុងមានករណីវិជ្ជមានសរុប ១០១៥៩ ខណៈអ្នកស្លាប់មានចំនួន ១៧០នាក់៕


Tag:
 ហុងកុង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com