ក្រៅពីមានដើមស្ពង់ដ៏ល្បី​ ប្រាសាទតាព្រហ្ម ជាទីអធិដ្ឋានបញ្ចៀសរឿងសៅហ្មងរបស់អ្នកមានជំនឿ
  • ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ ​​ ម៉ោង ៤:០០ នាទី រសៀល
ក្រៅពីមានដើមស្ពង់ដ៏ល្បី​ ប្រាសាទតាព្រហ្ម ជាទីអធិដ្ឋានបញ្ចៀសរឿងសៅហ្មងរបស់អ្នកមានជំនឿ

ដោយ៖ ឡុង តូន
 
សៀមរាប៖ ក្នុងចំណោមប្រាសាទបុរាណដែលស្ថិតនៅក្នុងតំបន់អង្គរ ប្រាសាទតាព្រហ្មជាបុរាណស្ថានដែលទាក់ភ្នែកទេសចរយ៉ាងខ្លាំង។ បើនិយាយអំពីសិល្បៈនិងស្ថាបត្យកម្ម អារាមបុរាណនេះក៏មានលក្ខណៈប្រហាក់ប្រហែលនឹងសំណង់នៅទីដទៃ។ ប៉ុន្តែអ្វីដែលជាភាពទាក់ទាញដល់ភ្ញៀវទេសចរ ទាំងក្នុងស្រុកនិងបរទេស គឺសម្រស់ធម្មជាតិនៃរុក្ខជាតិធំៗដែលដុះព័ទ្ធព័ន្ធតួប្រាសាទអស់រយៈពេលច្រើនរយឆ្នាំមកហើយ។
TTN-Free-Banner-In-Article-PC
 
មិនថាតែអ្នកដែលទើបមកលើកទីមួយ ប៉ុន្តែទេសចរខ្លះដែលបានមកទស្សនាច្រើនដងក្ដីក៏នៅតែចាប់អារម្មណ៍លើបរិស្ថាននៃបុរាណស្ថាននេះជានិច្ច។ រុក្ខជាតិធំៗដែលដុះលម្អនៅទីនេះ ភាគច្រើនជាដើមស្ពង់។ ផលវិជ្ជមាននិងអវិជ្ជមាននៅតែដើរទន្ទឹមគ្នា​ដោយសាររុក្ខជាតិធំៗទាំងនេះ ពេលខ្លះមើលទៅហាក់បីដូចកំពុងរិតរួតបំផ្លាញប្រាសាទ រីឯពេលខ្លះទៀតមើលទៅប្រៀបដូចជាកំពុងបង្អួតសោភណ្ឌទៅវិញ។ ដោយសារបែបនេះ អ្នកបច្ចេកទេស បានសម្រេចទុករុក្ខជាតិទាំងនេះ ក្នុងន័យផ្ដល់ភាពរំភើបចិត្តដល់ទេសចរ និងកាត់ក្រី ទល់ទ្រ ឬដកហូតតែដើមឈើណាដែលផ្ដល់គ្រោះថ្នាក់តែប៉ុណ្ណោះ។


 
 

នៅក្នុងតំបន់អង្គរ ប្រាសាទតាព្រហ្មស្ថិតនៅក្នុងវង់ទស្សនានៃក្រុមប្រាសាទវង់តូច។ ការហៅកន្លងមកថា ប្រាសាទ​«តាព្រហ្ម» ប្រហែលជាទាក់ទងនឹងចម្លាក់ព្រះពោធិសត្វលោកកេតិស្វរនៅតាមខ្លោងទ្វារនីមួយៗ។  ដោយចម្លាក់ទាំងនោះមានព្រះភក្រ្តបួន អាចឲ្យគេយល់ថាជាព្រះភក្ត្ររបស់ «ព្រះព្រហ្ម» ឬរូបព្រហ្មមុខ៤ ឬយ៉ាងណា?
 

យោងតាមសិលាចារឹក អ្នកស្រាវជ្រាវជាច្រើនបានឲ្យដឹងអំពីស្ថាននាមទីនេះថា «រាជវិហារ» ដែលជានាមដើមរបស់ប្រាសាទនេះ។ កាលណារំឭកដល់រាជវិហារ អ្នកសិក្សាប្រវត្តិសាស្ត្រ ក៏ដូចជាបុរាណវិទ្យា គឺតែងនឹកដល់អតីតកាលនៃរាជព្រះបាទជយវម្ម៌ទេវ (ជយវរ្ម័ន-ទី៧)។ ក្រោយពីទទួលជ័យជម្នះនៅឆ្នាំ១១៨១ពីការឈ្លានពានរបស់ចាម​​ ព្រះបាទ​ជយវម្ម៌ទេវបានផ្ដួចផ្ដើមកសាងប្រាសាទជាច្រើនសម្រាប់ព្រះពុទ្ធសាសនាមហាយានដើម្បីឧទ្ទិសដល់បុព្វការីជន ដល់ញាតិ ក៏ដូចជាមេទ័ពដែលបានពលីក្នុងសង្គ្រាម។
 

ប្រាសាទតាព្រហ្ម ជាសំណង់ដែលព្រះអង្គសាងសង់សម្រាប់ជាបុណ្យកុសលដល់ព្រះមាតារបស់ទ្រង់នៅគ្រិស្តសករាជ ១១៨៦។ ដោយហេតុនេះ ព្រះពោធិសត្វប្រាជ្ញាបារមី ដែលតម្កល់នៅប្រាង្គកណ្ដាល ក៏តំណាងឲ្យព្រះមាតារបស់ទ្រង់ផងដែរ។ នៅក្នុងសម័យនោះ ការប្រតិបត្តិពុទ្ធសាសនាមហាយាន គេតែងតែគោរពបូជាដល់ព្រះពុទ្ធ (ព្រះសក្យមុនី - នាមដើមព្រះបាទ សទ្ធត្ថ) ព្រះពោធិសត្វលោកេតិស្វរៈ និងប្រាជ្ញាបារមី។ អង្គព្រះពោធិសត្វលោេកតិស្វរៈតំណាងដល់ករុណាធម៌កំពូល រីឯប្រាជ្ញាបារមីជាព្រះពោធិសត្វ (ទម្រង់ជាស្ត្រីភេទ) ដែលតំណាងដល់គតិបណ្ឌិតកំពូល។
 

តាមការស្រាវជ្រាវខ្លះ បញ្ជាក់ថា ប្រាសាទនៅក្នុងរាជព្រះបាទជយវរ្ម័ន-ទី៧ មានមុខងារជាសាសនដ្ឋានផងនិងជាមជ្ឈមណ្ឌលសិក្សាផង។ ដូចនេះ ក្នុងបរិវេណប្រមាណ៦០ហិកតា ប្រាសាទតាព្រហ្មក៏បានចាត់ទុកជាសាកលវិទ្យាល័យដ៏ធំមួយផងដែរនាសម័យនោះ។
 
យោងលើទម្រង់​ស្ថាបត្យកម្ម ​​​ប្រាង្គបួនដែលសង់ព័ទ្ធជុំវិញប្រាង្គកណ្ដាល និងមានអគាររណបមួយចំនួន ព្រមទាំងរោងទង និងបណ្ណាល័យ ដែលសង់ខ្វាត់ខ្វែងនៅបរិវេណខាងក្នុងផងនោះ តាមទ្រឹស្ដីព្រះពុទ្ធសាសនាមហាយាន  ​គេយល់ថា ប្រាសាទតាព្រហ្មក៏ជានិម្មិតរូបនៃការបង្រួមចក្រវាឡ។
 
ចម្លាក់ក្រឡោតទាបបែបពុទ្ធសាសនាថេរវាទ រួមទាំងសម្រង់ពីទសជាតកខ្លះៗ ត្រូវបានឆ្លាក់លម្អលាយឡំនឹងទេពអប្សរ ផ្កាភ្ញី នៅតាមជញ្ជាំង ក៏ដូចជាហោជាងផ្សេងៗ។ នៅក្នុងរាជព្រះរាជាអង្គក្រោយ រវាងសតវត្សរ៍ទី១៣ គេដឹងថា មានការ“ផ្លាស់ប្ដូរ”សាសនា។ ហេតុដូចនេះ បើពិនិត្យនូវចម្លាក់តាមផ្ទៃជញ្ជាំងនិងសសរមួយចំនួនធំ ក៏ឃើញមានការដាប់ចេញ ឬកែប្រែរូបបែបព្រះពុទ្ធសាសនាទៅជាព្រហ្មញ្ញសាសនាវិញ។ តឹកតាងទាំងនេះមានដូចជា ការកែរូបព្រះពុទ្ធទៅជាឥសី ឬទៅជាសិវលិង្គ ឬមានការដាប់លុបចោលទាំងស្រុងតែម្ដងក៏មាន។ ចំណែកនៅតាមជញ្ជាំងខាងក្រៅ ក៏ឃើញមានចម្លាក់ដែលមានរាងដូចជាស៊ុម ព្រមទាំងស្នាមដាប់ចោលនៃរូបលម្អខាងក្នុង។ ស្លាកស្នាមដែលនៅសល់ព្រាលៗដោយកន្លែង គេអាចប៉ាន់ស្មានបានថា រូបដើម ដែលនៅក្នុងស៊ុមទាំងនេះ សុទ្ធសឹងតែជារូបព្រះពុទ្ធប្រក់នាគដែលអមដោយព្រះពោធិសត្វលោកេតិស្វរនិងប្រាជ្ញាបារមី។
 
បើឆ្លៀតពេលសង្កេតឲ្យល្អិនល្អន់បន្ថែមទៀត នៅផ្នែកខាងក្រោមៗនៃជញ្ជាំងមួយចំនួន ក៏ឃើញថាមានចម្លាក់តូចៗដែលរៀបរាប់អំពីសកម្មភាពនៃជីវភាពប្រចាំថ្ងៃ។
 

ចំពោះអ្វីដែលទាក់ទងនឹងជំនឿបុគ្គលវិញ ក៏ឃើញថាទេសចរជាតិមួយចំនួន ដែលបានមកទស្សនាប្រាសាទនេះ តែងតែស្វែងរកប្រាង្គមួយដែលគេហៅថា «ប្រាសាទគក់ទ្រូង»។ ដោយសារនៅក្នុងប្រាង្គនោះ ពេលដែលផ្អែកខ្នងផ្អិបនឹងជញ្ជាំង ហើយយកដៃគក់ទ្រូង នឹងមានសំឡេងឮខ្ទ័ររងំ។ អ្នកដែលមានជំនឿតែងគិតថាទីនេះជាកន្លែងដែលអាចជម្រះនូវមន្ទិល ឬឧបទ្រុបចង្រៃ។ ហេតុដូចនេះ ជារឿយៗ ក៏មានអ្នកមកបួងសួង ឬអធិដ្ឋាននិងគក់ទ្រូងដើម្បីបញ្ចៀសនូវរឿងសៅហ្មងទាំងពួងតាមការជឿរៀងៗខ្លួន។
 

ជាច្រើនឆ្នាំកន្លងមកនេះ ក្រោមហិរញ្ញប្បទានរបស់ក្រសួងការបរទេសនៃរដ្ឋាភិបាលឥណ្ឌា «គម្រោងសហការកម្ពុជា-ឥណ្ឌា ដើម្បីអភិរក្សនិងជួសជុលប្រាសាទតាព្រហ្ម» បាននិងកំពុងបន្តដោយសហការជាដៃគូរវាងស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌាជាមួយអាជ្ញាធរជាតិអប្សរា រួមទាំងអង្គការយូណេស្កូ ដើម្បីធ្វើការជួសជុល។ គួរកត់សម្គាល់ដែរថា កម្លាំងពលកម្មដែលបម្រើការក្នុងការជួសជុលនៅទីនេះ ជាកម្លាំងក្នុងតំបន់។ មានន័យថា កម្មករ ដែលធ្វើការក្នុងគម្រោងជួសជុលនេះ សុទ្ធសឹងជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អង្គរផ្ទាល់៕

Cambodianess.com
© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

Other