ពោធិ៍សាត់៖ ហិង្សាក្នុងគ្រួសារក្នុងឃុំក្បាលត្រាច កើតឡើងតិចតួចប៉ុណ្ណោះក្នុងឆ្នាំ២០២២
- ថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣ ម៉ោង ៩:៥៩ នាទី យប់

លោក ម៉ៅ រដ្ឋា មេប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច។
ដោយ៖ ដៀប ចាន់លីកា(យុវជនឃុំក្បាលត្រាច)
ស្រុកក្រគរ,ពោធិ៍សាត់៖ អំពើហិង្សាក្នុងគ្រួសារ នៅឃុំក្បាលត្រាច បានកើតឡើងតែ ២ឬ៣ករណីប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២២កន្លងទៅ ដែលមានការធ្លាក់ចុះ បើប្រៀបធៀបនឹងឆ្នាំមុនៗ។ បើតាម លោក ម៉ៅ រដ្ឋា នាយប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច ករណីទាំងនេះ មិនបានបង្ករបួសស្នាមធ្ងន់ធ្ងរនោះឡើយហើយមូលហេតុគឺដោយសារការប្រច័ណ្ឌ , ស្រវឹង ប្រើប្រាស់គ្រឿងញៀន និងការលេងល្បែងស៊ីសងជាដើម។ «ការបង្កជាអំពើហិង្សាក្នុងគ្រួសារទី១ប្រចណ្ឌ ទី២ស្រវឹង ទី៣ប្រើប្រាស់គ្រឿងញៀន និងទី៤គឺ(លេង)ល្បែង»។ លោក ម៉ៅ រដ្ឋា លើកឡើងដូច្នេះ។
ដ្បិតតែករណីហិង្សាក្នុងគ្រួសារកើតមានតិចតួច ហើយអ្នកប្រព្រឹត្តត្រូវបានសមត្ថកិច្ចអប់រំក៏ដោយ តែក្នុងនាមជាអាជ្ញាធរ លោក ម៉ៅ រដ្ឋា មិនសូវសប្បាយចិត្តប៉ុន្មានឡើយ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ សហគមន៍ ពិសេសដល់សតិអារម្មណ៍កូនៗរបស់ពួកគេ។
យ៉ាងណាក៏ដោយអាជ្ញាធរឃុំក្បាលត្រាច នឹងខិតខំប្រឹងប្រែងបន្ថែម ដើម្បីលុបបំបាត់ការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ តាមរយៈការចុះអប់រំ ផ្សព្វផ្សាយ និងចាត់វិធានការតាមផ្លូវច្បាប់លើអ្នកប្រព្រឹត្ត បើករណីហិង្សានោះធ្ងន់ធ្ងរ ឬជនរងគ្រោះដាក់ពាក្យបណ្តឹង។ នេះជាការលើកឡើងរបស់លោក ម៉ៅ រដ្ឋា ដោយលោកបានស្នើឱ្យពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរក្នុងការរាយការណ៍ករណីអំពើហិង្សាដែលកើតឡើងក្នុងមូលដ្ឋានខ្លួន។ ទន្ទឹមនឹងនេះ នាយប៉ុស្ដិ៍នគរបាលឃុំក្បាលត្រាច ក៏ស្នើឱ្យគ្រួសារនីមួយៗចេះយោគយល់អធ្យាស្រ័យគ្នានឹងគ្នា កុំយកកំហឹងមកដោះស្រាយបញ្ហា ពិសេសកុំសេពគ្រឿងស្រវឹង, ប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសង ដើម្បីឱ្យឃុំក្បាលត្រាច ក្លាយជាភូមិ-ឃុំ មានសុវត្ថិភាព៕
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: