លោក ហ៊ុន ម៉ានី៖ ខ្មែរត្រូវរក្សាសាមគ្គី ឯកភាពជាតិ និងដោះស្រាយបញ្ហាផ្ទៃក្នុងដោយខ្លួនឯង
- ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ ម៉ោង ១១:៣០ នាទី ព្រឹក

ភ្នំពេញ៖ ថ្ងៃទី១៨ មីនា ឆ្នាំ២០២៣ ជាខួប៥៣ឆ្នាំ នៃរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលដឹកនាំដោយសេនាប្រមុខ លន់ នល់។ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហោះសារមួយនៅទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៨មីនា ឆ្នាំ២០២៣នេះ ដោយចាត់ទុករដ្ឋប្រហារដែលមានការគាំទ្រពីបរទេសនេះ ជាចំណុចចាប់ផ្តើមនៃការនាំកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៊ីវិល ហើយបន្តរុញច្រានប្រជាជនកម្ពុជាឲ្យធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ដោយទាញមេរៀនចេញពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ លោក ហ៊ុន ម៉ានី ចង់ឱ្យកូនខ្មែរគ្រប់ជំនាន់ចងចាំថា ការជ្រៀតជ្រែកពីបរទេស អាចនាំឲ្យកម្ពុជាឆ្លងកាត់ភាពមិនច្បាស់លាស់ ហើយក៏អាចបង្កើតជាសោដនាកម្មដូចអតីតកាល។ ការជ្រៀតជ្រែករបស់បរទេស ក៏នឹងអាចបំបែកបំបាក់សាមគ្គីភាពរបស់ប្រទេសជាតិ និងប្រជាជនខ្មែរទាំងមូលផងដែរ។ ប្រធានសហភាពសហភាពសហព័ន្ធយុវជនកម្ពុជាបញ្ជាក់ដូច្នេះ មុននឹងបន្ថែមថា៖ «កូនខ្មែរគ្រប់រូប ត្រូវចងចាំដាច់ខាតនូវព្រឹត្តិការណ៍នេះ កុំឲ្យប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនេះកើតឡើងវិញ»។
លោក ហ៊ុន ម៉ានី បានទទូចឱ្យពលរដ្ឋខ្មែរ ថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងរបស់កម្ពុជាឲ្យបានដាច់ខាត ដោយដោះស្រាយបញ្ហាផ្ទៃក្នុងនានាដោយខ្លួនឯង។ ទន្ទឹមនឹងនេះ ប្រជាជាតិខ្មែរ ត្រូវជួយជំរុញការអភិវឌ្ឍប្រទេសជាតិបន្ថែមទៀត ដោយផ្អែកលើផលប្រយោជន៍របស់ម្ពុជា។ លោក ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យប្រជាជនខ្មែរ អះអាងប្រាប់មិត្តបរទេសឱ្យគោរព អធិបតេយ្យ ឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: