អ្នកជំនាញ ៖ ទេសចរទស្សនាផ្សោត នឹងថយចុះ ប្រសិនសត្វកម្រនេះនៅតែប្រឈមនឹងការគំរាមគំហែង
  • ថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ​​ ម៉ោង ១:៥៩ នាទី រសៀល
អ្នកជំនាញ ៖ ទេសចរទស្សនាផ្សោត នឹងថយចុះ ប្រសិនសត្វកម្រនេះនៅតែប្រឈមនឹងការគំរាមគំហែង

ភ្នំពេញ៖ សត្វផ្សោត ជាថនិកសត្វមួយប្រភេទ ដែលទាក់ទាញទេសចរជាតិ និងអន្តរជាតិបានច្រើនបំផុតនៅក្នុងខេត្តក្រចេះ។ យ៉ាងណាមិញ សត្វផ្សោត ប្រឈមនឹងការគំរាមកំហែង ដោយសារតែសកម្មភាពខុសច្បាប់ និងការប្រើមងនេសាទ។ ទន្ទឹមនេះ ទេសចរដែលមានបំណងចង់ទៅទស្សនាសត្វផ្សោត នឹងថយចុះដូចគ្នា ប្រសិនបើ ចំនួនសត្វកម្រនេះ មិនសូវបង្ហាញវត្តមានក្នុងទន្លេ។
TTN-Free-Banner-In-Article-PC

 
បច្ចុប្បន្ន សត្វផ្សោតអ៊ីរ៉ាវ៉ាឌីកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដែលស្ថិតក្នុងចំណោម៦ប្រភេទនៃសត្វផ្សោតទឹកសាបកម្របំផុត ដែលនៅសេសសល់ក្នុងពិភពលោក និងត្រូវបានគេចាត់ទុកជារតនសម្បត្តិជាតិមានជីវិត។ ផ្សោតទន្លេមេគង្គ ត្រូវបានប៉ាន់ប្រមាណមាន ៨៩ក្បាល កំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា ក្នុងឆ្នាំ២០២០។
 
លោក ឡោ គឹមសាន មន្រ្តីស្រាវជ្រាវជីវចម្រុះនៅតំបន់ព្រៃទេសចរភាពលិចទឹកមេគង្គនៃអង្គការWWF លើកឡើងថា សត្វផ្សោត ជានិមិត្តរូបនៃទន្លេមេគង្គ ដូចនេះ ការអភិរក្សផ្សោត  និងការអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងទន្លេមេគង្គ វាជាកត្តាចាំបាច់ត្រូវគិតគូរ ជាពិសេសបរិស្ថានទឹកទន្លេមេគង្គ។  

លោក ឡោ គឹមសាន មន្រ្តីស្រាវជ្រាវជីវចម្រុះនៅតំបន់ព្រៃទេសចរភាពលិចទឹកមេគង្គនៃអង្គការWWF ។ រូបភាព៖ ហេង ស្រីលីន
 
«សត្វផ្សោតជាសត្វដែលទាក់ទាញខ្លាំងបំផុតសម្រាប់ភ្ញៀវទេសចរ ដែលឈានជើងចូលទៅទីរួមខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ប្រសិនផ្សោតថយចុះ ពិតណាស់ទេសចរនឹងត្រូវថយចុះដោយសារទេសចរមួយចំនួនធំ គេចង់ឃើញផ្សោត។ អ៊ីចឹង បើផ្សោតថយចុះ គេអាចប្តូរគោលដៅទៅកន្លែងផ្សេង»។ នេះជាការអះអាងរបស់លោក ឡោ គឹមសាន នាបាឋមថា ស្ដីពីការអភិរក្ស និងការពារសត្វផ្សោតទន្លេមេគង្គ នាថ្ងៃទី ២៥ ខែមីនា។
 
ជាមួយគ្នានេះដែរ  កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គដែលមានប្រវែង ១២០គីឡូម៉ែត្រ។ ក្នុងតំបន់នោះ ខេត្តស្ទឹងត្រែងមានប្រវែង៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមានប្រវែង៨៥ គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជាចិនស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ។ ការកំណត់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីការពារ និងអភិរក្សសត្វផ្សោត ប្រកបដោយប្រសិទ្ធភាព ដើម្បីអភិរក្ស និងធនធានធម្មជាតិក្នុងទឹករបស់កម្ពុជា។
 
សូមរំលឹកថា ក្នុងឆ្នាំ២០២២ សត្វផ្សោតចំនួន១១ក្បាល បានស្លាប់ក្នុងនោះ ផ្សោតពេញវ័យ មានចំនួន៥ក្បាល កូនតូច៤ក្បាល ជំទង់១ក្បាល និងចាស់ ១ក្បាល។ នៅដើមឆ្នាំ២០២៣ មាន សត្វផ្សោតមួយក្បាល ងាប់នៅខេត្តស្ទឹងត្រែង ដោយសារជាប់មង៕
 

អ្នកសរសេរអត្ថបទ

កញ្ញា ហេង ស្រីលីន ជាសហការីនៃសារព័ត៌មានThmeyThmey25 និងជានិស្សិតផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។ ស្រីលីន បានចូលបម្រើការងារ នៅខែវិច្ឆិកា ឆ្នាំ២០២១។ បច្ចប្បន្ន កញ្ញាជាអ្នកយកព័ត៌មានជាតិ ទេសចរណ៍ និងផលិតវីដេអូតាមទូរសព្ទដៃ(MOJO)។

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ហេង ស្រីលីន