ចិន ជំរុញឱ្យអាម៉េរិកបង្កើតលក្ខខណ្ឌសម្រាប់ការសន្ទនារវាងរដ្ឋមន្រ្តីការពារជាតិ
- ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ៨:២៩ នាទី យប់

រដ្ឋមន្រ្តីការពារជាតិចិន លី សាងហ្វូ ។ រូបថត AFP
ក្រសួងការបរទេសចិន នៅថ្ងៃទី៣០ ខែឧសភា បានជំរុញឱ្យអាម៉េរិកបង្កើតបរិយាកាស និងលក្ខខណ្ឌចាំបាច់សម្រាប់កិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងគ្នា។ ការជំរុញធ្វើឡើងក្រោយទីក្រុងវ៉ាស៊ីនតោនប្រកាសថា ក្រុងប៉េកាំងច្រានចោលសំណើសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ។

ថ្លែងក្នុងសន្និសីទព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោកស្រី Mao Ning ទទូចឱ្យអាម៉េរិកកែតម្រូវជាបន្ទាន់ចំពោះការអនុវត្តខុសរបស់ខ្លួនដែលជាមូលហេតុនាំឱ្យចិនបដិសេធសំណើសម្រាប់កិច្ចប្រជុំរវាងប្រមុខការពារទាំងពីរនៅសិង្ហបុរីក្នុងសប្ដាហ៍នេះ។
«អាម៉េរិកច្បាស់ណាស់អំពីមូលហេតុដែលការសន្ទនាយោធាចិន-អាម៉េរិកប្រឈមមុខនឹងការលំបាក»។ លោកស្រី Mao សង្កត់ធ្ងន់បែបនេះរួចបន្តថា អាម៉េរិកគួរតែគោរពយ៉ាងស្មោះចំពោះការព្រួយបារម្ភរបស់ចិនលើបញ្ហាអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ ហើយបង្កើតបរិយាកាស និងលក្ខខណ្ឌសំខាន់ៗសម្រាប់កិច្ចចរចា និងការទំនាក់ទំនងគ្នាទៅវិញទៅមក។
មន្រ្តីក្រសួងការបរទេសចិនរូបនេះ ទំនងជាសំដៅទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោនដែលដាក់លើរដ្ឋមន្រ្តីការពារជាតិចិន លី សាងហ្វូ ក្នុងឆ្នាំ២០១៨ ចំពោះតួនាទីរបស់លោកក្នុងការទិញគ្រឿងបរិក្ខារយោធាពីរុស្ស៊ី។ ចិនចាត់ទុករឿងនេះជាឧបសគ្គចម្បងដល់ជំនួបណាមួយរវាងលោក លី និងសមភាគីអាម៉េរិក ឡយ អូស្ទីន ទោះជាអាម៉េរិកបញ្ជាក់ថា មិនមែនជាបញ្ហាក្ដី។ លោក លី និងលោក អូស្ទីន នឹងធ្វើទស្សនកិច្ចនៅសិង្ហបុរីសម្រាប់ជំនួបសន្តិសុខ Shangri-La ។
ជាទីប្រឹក្សារដ្ឋផង លោក លី នឹងថ្លែងនៅក្នុងកិច្ចសន្ទនាលើកទី២០ ដែលរៀបចំពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា។ បើយោងតាមក្រសួងការពារជាតិចិន លោក លី នឹងជួបជាមួយប្រធានគណៈប្រតិភូមកពីប្រទេសពាក់ព័ន្ធទៅពីអាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: