ឧទានសព្ទសម្រាប់បបួលឱ្យធ្វើអ្វីមួយ តើត្រូវសរសេរ «តស់» ឬ «តោះ»?
- ថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ម៉ោង ៧:២៩ នាទី ព្រឹក

«តស់» ឬ «តោះ»? សរសេរមួយណា ទើបត្រូវ? តាមទម្លាប់ ច្បាស់ជាពាក្យ «តោះ» ហើយ។ មិនមានការពន្យល់ឡើយនៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ប៉ុន្តែវចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញភាពខុសគ្នារវាងពាក្យទាំងពីរ។

ឧទានសព្ទសម្រាប់ប្រាប់ ឬបបួលឱ្យធ្វើអ្វីមួយ គឺត្រូវសរសេរថា «តស់»។ ឧទាហរណ៍៖ តស់យើងចេញដំណើរទៅ!។ ចុះ «តោះ»? ពាក្យនេះ គ្មានក្នុងវចនានុក្រមឡើយ ពោលគឺមានតែពាក្យ «តោះៗ» និង «តោះតើយ»។
«តោះៗ» មានន័យថា បន្តិចៗ, សន្សឹមៗ, សំរៀមៗ តាមកម្លាំង ឬតាមភាពដែលទន់ខ្សោយ : រកស៊ីតោះៗសោះតែខាន, សព្វថ្ងៃខ្ញុំចេះតែខំត្រដេត្រដររកនេះរកនោះផ្សែផ្សំតោះៗ អ៊ីចឹងទៅ ទម្រាំតែដល់ពេលស្លាប់។
រីឯ «តោះតើយ» វិញ គឺ សោះអង្គើយ, ឆើយ, យ៉ាងស្បើយ មិនរួសរ៉ាវ : ចិត្តតោះតើយ, ធ្វើតោះតើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com