អារ៉ាប៊ីសាអូឌីត ចាប់ផ្តើមដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2034
- ថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៩:០០ នាទី យប់

ប្រទេសអារ៉ាប៊ីសាអូឌីត បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន ក្នុងរៀបចំការដេញថ្លៃផ្លូវការ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០៣៤។ អារ៉ាប៊ីសាអូឌីត ជាបេក្ខភាពតែមួយគត់ ដែលបានទទួលបានជោគជ័យ ក្នុងការបង្ហាញចំណាប់អារម្មណ៍ ដេញថ្លៃធ្វើម្ចាស់កាលពីឆ្នាំមុនរួចមក។

អារ៉ាប៊ីសាអូឌីត នឹងរៀបចំព្រឹត្តិការណ៍ World Cup ក្រោយពេលដែលប្រទេសម៉ារ៉ុក, ព័រទុយហ្កាល់ និងអេស្ប៉ាញ ធ្វើជាសហម្ចាស់ផ្ទះការប្រកួតរួមសម្រាប់ពានរង្វាន់ FIFA World Cup ឆ្នាំ ២០៣០។ World Cup ឆ្នាំ ២០៣៤ ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) កំណត់សម្រាប់តែប្រទេសស្ថិតក្នុងតំបន់អាស៊ី និងទ្វីបអូសេអានី ទើបអាចដេញថ្លៃបាន។

អារ៉ាប៊ីសាអូឌីត នឹងក្លាយជាប្រទេសទី២ មកពីតំបន់អារ៉ាប់ ដែលនឹងរៀបចំការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បន្ទាប់ពីប្រទេសកាតាបានរៀបចំនៅក្នុងឆ្នាំ ២០២២។ ចំពោះការដេញថ្លៃផ្លូវការ សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) បាននិយាយថា ពួកគេនឹងមានការរីកលូតលាស់រួមគ្នា ហើយយុទ្ធនាការ World Cup នឹងបង្ហាញពីវិធីដែល ប្រទេសកំពុងពង្រឹងចំណងមិត្តភាពជាមួយប្រទេសដទៃផ្សេងទៀតតាមរយៈកីឡា។
កន្លងមកប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា បានចំណាយដើមទុកជាច្រើនវិនិយោគទៅលើ កីឡាដែលរួមមានកីឡាល្បីៗលើពិភពលោកដូចជា បាល់ទាត់, ប្រណាំងរថយន្ត Formula One, ប្រដាល់សកលពិភពលោក, កីឡាវាយកូនហ្គោលជាដើម។
«ការប្រាប់រឿងបាល់ទាត់របស់យើងទៅកាន់ពិភពលោកគឺមានសារៈសំខាន់ខ្លាំងណាស់។ យើងមានការវិវឌ្ឍដែលមិនធ្លាប់មានពីមុនមកក្នុងការប្រកួតទាំងបុរស និងស្រ្តី ហើយការ ដេញថ្លៃរបស់យើងគឺជាការអញ្ជើញបើកចំហទៅកាន់ពិភពលោកឱ្យចូលរួមជាមួយយើង ក្នុងដំណើរដ៏គួរឱ្យរំភើបនេះ។»។ នេះបើតាមសម្តីរបស់លោក Yasser Al Misehal ប្រធានសហព័ន្ធ SAFF។
ដំណើរការបន្ទាប់ក្នុងដំណើរដេញថ្លៃផ្លូវការ គឺជាការបញ្ជូនឯកសារដេញថ្លៃពេញលេញទៅកាន់ FIFA នៅក្នុងខែកក្កដា ជាមួយនឹងការតែងតាំងម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០៣០ និងឆ្នាំ២០៣៤ នឹងត្រូវបោះត្រានៅក្នុងមហាសន្និបាតរបស់ FIFA នៅចុងឆ្នាំនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: