សារមន្ទីរសេដ្ឋកិច្ច-សមាគមធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់យុវជន
- ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ម៉ោង ១០:២៩ នាទី ព្រឹក

សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន នៃធនាគារជាតិនៃកម្ពុជា (ស.ស.រ) បានសហការជាមួយសមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីលើកកម្ពស់ផ្នែកអប់រំហិរញ្ញវត្ថុដល់
ប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺយុវជន។

កិច្ចសហការនេះ ត្រូវបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងលោក ប្លែស គីលីយ៉ង់ សហប្រធាន ស.ស.រ ជាមួយលោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា ក្នុងវត្តមានលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២០មីនា។ សេចក្តីប្រកាសព័ត៌មានរបស់សមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ ធ្វើឡើងក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋ។
កិច្ចសហប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់វិស័យធនាគារកម្ពុជា ចំពោះទំនួលខុសត្រូវ សាជីវកម្ម និងសង្គម ជាពិសេសបង្កើតបរិយាកាសហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងបរិយាបន្នតាមរយៈការអប់រំ។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងមានមូលនិធិរួមសម្រាប់ដំណើរទស្សនកិច្ចសិក្សានៅស.ស.រ ដែលផ្តល់ឱកាសបន្ថែមដល់សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋ នៅទូទាំងប្រទេស។
ទស្សនកិច្ចនេះ នឹងធ្វើឡើងពីរដងក្នុងមួយឆ្នាំដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីសមាគមធនាគារនៅកម្ពុជា។ សមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំរដ្ឋក្នុងឆ្នាំ២០២៤ នឹងទទួលបានឱកាសពិសេសមួយ សម្រាប់ការរៀនសូត្រដោយផ្ទាល់ អំពីប្រវត្តិរូបិយវត្ថុរបស់កម្ពុជា និងគោលការណ៍ហិរញ្ញវត្ថុ។

ភាពជាដៃគូនេះ ក៏ផ្តោតលើការផ្សព្វផ្សាយកិច្ចខិតខំប្រឹងប្រែង ផ្នែកទំនួលខុសត្រូវសង្គមរបស់សាជីវកម្មក្នុងវិស័យធនាគារកម្ពុជា។ ជាពិសេស គឺតួនាទីរបស់វិស័យធនាគារក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
« តាមរយៈគំនិតផ្តួចផ្តើមនេះ យើងសម្របកិច្ចខិតខំប្រឹងប្រែង ឱ្យស្របតាមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់កម្ពុជានៃសមាគមធនាគារនៅកម្ពុជា ដោយបង្ហាញពីតួនាទីរបស់វិស័យធនាគារ ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់ការយល់ដឹងសម្រាប់អនាគតប្រកបដោយនិរន្តរភាព និងបរិយាបន្ន»។ លោក Raymond Sia បាននិយាយបែបនេះ ដោយជឿជាក់ថា ការអប់រំបង្កើនចំណេះដឹងក្នុងកិច្ចសហការនេះ គឺជាការវិនិយោគផ្ទាល់លើស្ថិរភាព ភាពរឹងមាំ និងភាពធន់ផ្នែកហិរញ្ញវត្ថុ នាពេលអនាគតនៃវិស័យធនាគារ ក៏ដូចជាសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា»។
លោក ប្លែស គីលីយ៉ង់ ដែលជាសហប្រធាននៃសារមន្ទីរ ស.ស.រ មើលឃើញថា កិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ នឹងផ្តល់ឱកាសដល់គ្រឹះស្ថានអប់រំរដ្ឋនាំសិស្សានុសិស្សរាប់ពាន់នាក់មកកាន់សារមន្ទីរ ស.ស.រ នៅក្នុងឆ្នាំខាងមុខ។ លោកបានសាទរចំពោះការគាំទ្ររបស់សមាគមធនាគារនៅកម្ពុជា និងសមាជិក ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ការអប់រំផ្នែកហិរញ្ញវត្ថុ។ លោកបន្តនិយាយថា ៖ « នេះ ជាកត្តាសំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ននៅកម្ពុជា » ។
បើតាមអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី ការយល់ដឹងពីប្រវត្តិសាស្រ្តទូទៅ ជាពិសេស ប្រវត្តិសាស្រ្តផ្នែកសេដ្ឋកិច្ច និងរូបិយវត្ថុ គឺពិតជាចាំបាច់សម្រាប់យុវជនជំនាន់ក្រោយ ដើម្បីស្វែងយល់ពីអតីតកាល និងដើម្បីផ្តល់ជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្ត សម្រាប់ពេលបច្ចុប្បន្នដែលនឹងកំណត់អនាគតរបស់មនុស្សម្នាក់ៗ។ លោកបានបញ្ជាក់ថា៖ «ក្នុងន័យនេះ វាជាកត្តាសំខាន់ដែលមនុស្សគ្រប់រូប គួរទទួលចំណេះដឹងតាមរយៈការអប់រំ និងវប្បធម៌ ទាំងនៅក្នុងនិងក្រៅសាលា»។
អនុស្សរណៈនៃការយោគយល់គ្នានេះ មានប្រសិទ្ធភាពអនុវត្តភ្លាមៗ ដែលមានសុពលភាពរហូតដល់ដំណាច់ឆ្នាំ២០២៤។ កិច្ចសហប្រតិបត្តិការនេះអាចត្រូវអនុវត្តក្នុងឆ្នាំបន្តៗទៀត។ « កិច្ចសហការនេះ គឺជាសក្ខីភាពមួយបង្ហាញពីអំណាចនៃភាពជាដៃគូ ក្នុងការជំរុញកំណើនប្រកបដោយបរិយាបន្ន និងការប្តេជ្ញាចិត្តរបស់អង្គភាពទាំងពីរចំពោះអនាគតយុវជនខ្មែរ » ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមធនាគារនៅកម្ពុជា។
គួររំលឹកថា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា ស.ស.រ) ត្រូវបាន បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា សម្រាប់អប់រំសាធារណជនអំពីប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងការវិវត្តនៃរូបិយវត្ថុនៅកម្ពុជាតាមរយៈការរួមបញ្ចូលគ្នានូវវត្ថុសិល្បៈ និងបច្ចេកវិទ្យាទំនើប ដែលជាសារមន្ទីរដ៏ទំនើប។ ទៅដល់សារមន្ទីនេះ សិស្សានុសិស្សអាចស្វែងយល់អំពី ដំណើរនៃប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុ របស់ប្រទេសកម្ពុជាជាង២០០០ឆ្នាំ តាមរយៈការធ្វើមគ្គទេសក៍ ផ្ទាំងព័ត៌មាន ភាពយន្តឯកសារ និងអេក្រង់ប៉ះដែលអាចចុចបានយ៉ាងសម្បូរបែប៕
អ្នកសរសេរអត្ថបទ
កញ្ញា អ៊ូ សុខមាន (OU Sokmean) បានចូលធ្វើការងារនៅស្ថាប័នសារព័ត៌មានឌីជីថលថ្មីៗ នៅឆ្នាំ២០១៨។ កញ្ញាមានជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច កសិកម្ម និងផលិតវីដេអូតាមទូរសព្ទដៃ (MOJO)។ បច្ចុប្បន្ន សុខមាន មានតួនាទីជានិពន្ធនាយិការង៕

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:
ព័ត៌មានពេញនិយម
-
៤ ថ្ងៃ