វៀតណាម នៅផ្តល់បៀវត្សរ៍ឱ្យអតីតគ្រូ Troussier មួយខែ៥ម៉ឺនដុល្លារ រយៈពេល៣ខែ
- ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ម៉ោង ៩:២៩ នាទី យប់

សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) នឹងផ្តល់ប្រាក់បៀវត្សរ៍ប្រចាំខែដល់គ្រូបង្វឹកលោក Philippe Troussier ក្នុងមួយខែ៥ម៉ឺនដុល្លារ ចំនួន៣ខែទៀត។ ការបន្តផ្តល់ថ្លៃឈ្នួល៣ខែ ក្រោយ VFF និងលោក Troussier យល់ព្រមបញ្ចប់កិច្ចសន្យាមុនកាលកំណត់។

បន្ទាប់ពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាម ចាញ់ឥណ្ឌូណេស៊ី ៣-០ ក្នុងការប្រកួតជម្រុះ FIFA World Cup ជើងទី២ ជុំទី២ តំបន់អាស៊ី នៅទឹកដីខ្លួន ថ្ងៃទី២៦ ខែមីណា ស្ថាប័ន VFF បានរៀបចំជំនួបបន្ទាន់មួយជាមួយលោក Troussier។ ក្រោយជជែកគ្នាជាង១ម៉ោងកន្លះ ភាគីទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងចែកផ្លូវគ្នាតែម្តង។
លោក Troussier បានចុះកិច្ចសន្យាដឹកនាំ U23 វៀតណាម និងក្រុមជម្រើសជាតិឈុតធំ ក្នុងខែមីនា ឆ្នាំ ២០២៣ ដោយមានសុពលភាពដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៦។ ប្រាក់ឈ្នួលដែលគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះទទួលបានពី VFF ក្នុងកិច្ចសន្យាមានតម្លៃ ៥ម៉ឺនដុល្លារក្នុង១ខែក្រោយកាន់ពន្ធរួច ពោលគឺខ្ពស់ជាងលោក Park Hang-seo ដែលកាន់តំណែងមុន។ នេះបើយោងតាមការផ្សាយរបស់កាសែត VnExpress។
ដោយផ្អែកលើកិច្ចសន្យាដែលមានសុពលភាពដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២៦ VFF មិនអាចបណ្តេញលោក Troussier បានទេ។ ប៉ុន្តែ VFF នៅតែព្យាយាមបញ្ចុះបញ្ចូលអតីតកីឡាករក្រុមជម្រើសជាតិបារាំង វ័យ៦៩ឆ្នាំ ដោយយោងតាមលទ្ធផលដឹកនាំប្រកួតជាក់ស្តែង។ ទីបំផុតលោក Troussier យល់ព្រមតាមអ្វីដែល VFF បានស្នើ ដោយមិនមានសំណងអ្វីទាំងអស់។
យ៉ាងណាក៏ដោយ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់វៀតណាម សម្រេចផ្តល់ប្រាក់ខែចំនួន៣ខែបន្តបន្ទាប់ ក្រោយបញ្ចប់តំណែងដល់លោក Troussier ដើម្បីជាការលើកទឹកចិត្ត ដោយក្នុង ១ខែ ៥ម៉ឺនដុល្លារ។
ក្រុមវៀតណាម នៅតែមានឱកាសក្នុងការប្រជែងកៅអីឡើងទៅកាន់វគ្គជម្រុះកីឡាបាល់ទាត់ពិភពលោកជុំទី៣ តំបន់អាស៊ី ទោះជាតិចតួចក៏ដោយ។ ២ប្រកួតចុងក្រោយក្នុងពូល F វៀតណាម ត្រូវជួបហ្វីលីពីន និងអ៊ីរ៉ាក់ នៅខែមិថុនា៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: