អូតង់ចង់បង្កើតមូលនិធិយោធាជួយអ៊ុយក្រែនឱ្យបានយូរអង្វែង
- ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៧:៥៩ នាទី ព្រឹក

ដោយ៖អៀង សុខម៉ិញ /RFI ខេមរភាសា
រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសម្ព័ន្ធអាត្លង់ទិកហៅកាត់ថាអូតង់ឬណាតូ ជួបជុំគ្នានៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្សិកនៅថ្ងៃទី៣ និង៤ មេសា។ មុនបើកជំនួបដែលចូលរួមជាលើកទីមួយដោយសមាជិកទាំង៣២ប្រទេស លោក យែន ស្តុលទែនប៊ែរ អគ្គលេខាធិការអង្គការអូតង់ បានអះអាងថា អង្គការចង់ធានាផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ជាមួយនឹងគម្រោងច្បាស់លាស់ និងយូរអង្វែង។

អូតង់ត្រូវតែមានយន្តការផ្តល់ជំនួយយោធា ប្រកបដោយទំនុកចិត្ត និងជាគម្រោងដ៏ច្បាស់លាស់ សម្រាប់ជួយអ៊ុយក្រែនឱ្យបានយូរអង្វែងទៅ។ នេះជាប្រសាសន៍របស់យែន ស្តុលទែនប៊ែរ អគ្គលេខាធិការអូតង់ដោយពន្យល់ថា អូតង់ត្រូវតែធ្វើបែបនេះ ដើម្បីឱ្យរុស្ស៊ីយល់ និងឈប់សង្ឃឹមឈ្នះសង្គ្រាមលើសមរភូមិ ដោយគ្រាន់តែរង់ចាំដល់ពេលអូតង់ទម្លាក់ដៃលែងជួយអ៊ុយក្រែន។
យន្តការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនដែលប្រមុខអង្គការអូតង់បដិសេធមិនរៀបរាប់លម្អិត ព្រោះកិច្ចពិភាក្សាស្វែងរកកុងសង់ស៊ុស ឱ្យបានមុនជំនួបកំពូលអូតង់ខែកក្កដានៅវ៉ាស៊ីនតោន នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយតែប៉ុណ្ណោះ គឺជាសំណើបង្កើតហិបមូលនិធិ១០០ពាន់លានអឺរ៉ូ។
ប៉ុន្តែមានសមាជិកខ្លះបានបង្ហាញការសង្ស័យចំពោះសំណើនេះស្រេចទៅហើយ ដោយចោទសួរថាតើបានហិរញ្ញវត្ថុមកពីណាសម្រាប់បំពេញហិប។ អូតង់គ្មានថវិកា គ្មានមធ្យោបាយណាមកលើកទឹកចិត្តឱ្យកូនក្រុមបញ្ចេញមូលនិធិទេ។ នេះបើតាមសេចក្តីប្រកាសរបស់លោកស្រីប្រមុខការទូតអាល្លឺម៉ង់ អាណាលេណា ប៊ែរបុក Annalena Bearbock ពេលមកដល់ទីស្នាក់ការអូតង់ភ្លាម។
នៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយសមភាគីបារាំង លោក ស្តេហ្វាន សេហ្សួរណេ និងសមភាគីប៉ូឡូញ រ៉ាដូខស្លាវ ស៊ីក័រស្គី ចេញផ្សាយកាលពីថ្ងៃពុធ ប្រមុខការទូតអាល្លឺម៉ង់បានព្រមានអំពីភាពចាំបាច់ដែលសម្ព័ន្ធមិត្តត្រូវបន្តជួយគាំទ្រអ៊ុយក្រែនរហូត និងបានរំឮកអំពីកាតព្វកិច្ចរបស់ប្រទេសជាសមាជិកអង្គការថាត្រូវដំឡើងថវិកាការពារជាតិឱ្យបាន២%នៃផលិតផលដុលសរុបក្នុងស្រុក។ នេះជាកម្មវត្ថុកំណត់ដោយអូតង់តាំងពីឆ្នាំ២០១៤មក តែមានប្រមាណ២០ប្រទេសប៉ុណ្ណោះសម្រេចបាន។
ម្យ៉ាងវិញទៀត រាល់សេចក្តីសម្រេចនិងផែនការជួយអ៊ុយក្រែនធំៗសំខាន់ៗរបស់អូតង់តែងត្រូវបានហុងគ្រីសមាជិកសម្ព័ន្ធអូតង់ម្នាក់ដែរតែស្និទ្ធនឹងរុស្ស៊ី ប្រឆាំងជានិច្ច។ ប្រមុខការទូតហុងគ្រីបានព្រលយឆន្ទៈប្រឆាំងជាថ្មីទៀតនៅថ្ងៃពុធទី ៣មេសានេះ ថា ហុងគ្រីមិនគាំទ្រសំណើណាដែលអាចរុញអូតង់ឱ្យចូលកៀកសង្គ្រាម ឬប្រែក្លាយសម្ព័ន្ធការពារគ្នាទៅសម្ព័ន្ធប្រយុទ្ធឡើយ។ បើតាមប្រភពការទូតមួយ លោកអគ្គលេខាធិការអង្គការអូតង់ ដែលត្រូវផុតអាណត្តិនៅខែតុលាខាងមុខ មិនអាចបញ្ចុះបញ្ចូលនាយករដ្ឋមន្ត្រីហុងគ្រីបានទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com
Tag: