ហ្កាហ្សា៖ ជាលើកទី១ អាមេរិកគំរាមអ៊ីស្រាអែលរឿងជំនួយឥតលក្ខខណ្ឌរបស់អាមេរិក
- ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៩:៥៩ នាទី យប់

លោកប្រធានាធិបតីអាមេរិក ចូ បៃដិនកាន់តែក្រពុលមុខខ្លាំងនឹងភាពក្រអឺតក្រទមរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដែលប្តេជ្ញាមិនឈប់ធ្វើសង្រ្គាមនៅហ្កាហ្សា ទោះមានសម្ពាធពីខាងក្រៅ AP
ដោយ៖ឈាង បុប្ផា /RFI ខេមរភាសា
សម្ពាធក្រោមសម្ពាធ។ នៅប៉ុន្មានម៉ោងក្រោយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី ៤មេសា ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលនៅថ្ងៃសុក្រនេះបានប្រកាសបើកច្រកផ្លូវផ្តល់ជំនួយមនុស្សធម៌ចូលទឹកដីហ្កាហ្សា។ នៅក្នុងកិច្ចសន្ទនា រយៈពេល៣០នាទីជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីអាមេរិកចូ បៃដិន ដែលកំពុងរងការដាក់សម្ពាធនៅក្នុងស្រុក នៅប៉ុន្មានខែមុនការបោះឆ្នោត បានគំរាមអ៊ីស្រាអែល ជាលើកទី១ រឿងជំនួយឥតលក្ខខណ្ឌរបស់អាមេរិក។ ប្រធានាធិបតីអាមេរិកចុចទូរស័ព្ទនិយាយជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល នៅតែប៉ុន្មានថ្ងៃក្រោយដែលបុគ្គលិកបរទេស ស្ម័គ្រចិត្តរបស់អង្គការអាមេរិក ចំនួន៦នាក់ស្លាប់នៅក្នុងការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែល នៅក្នុងពេលកំពុងបំពេញបេសកកម្មផ្តល់ជំនួយស្បៀងដល់ប្រជាជនប៉ាឡេស្ទីននៅហ្កាហ្សា។

គិតចាប់តាំងពីផ្ទុះសង្រ្គាមហ្កាហ្សា ជិត៦ខែមកនេះ រដ្ឋបាលលោកចូ បៃដិនប្រកាសការគាំទ្រដោយឥតងាករេរបស់អាមេរិកចំពោះសម្ព័ន្ធមិត្តអ៊ីស្រាអែលដែលចង់សងសឹកគាស់រំលើងក្រុមហាម៉ាសនៅហ្កាហ្សា។ ទោះសង្រ្គាមអ៊ីស្រាអែលសម្លាប់ប្រជាជនប៉ាឡេស្ទីន ជាង៣ម៉ឺននាក់ និងបង្កទុក្ខវេទនា គ្រោះអត់ឃ្លានដល់ប្រជាជនជាង១លាននាក់ នៅហ្កាហ្សា អាមេរិកបានត្រឹមតែទាមទារឲ្យអ៊ីស្រាអែលប្រញាប់ដោះស្រាយវិបត្តិមនុស្សធម៌ ប៉ុន្តែមិនបានដាក់សម្ពាធខ្លាំងៗឲ្យអ៊ីស្រាអែលបញ្ឈប់សង្រ្គាមនៅហ្កាហ្សា។ បាតុកម្មរបស់អ្នកគាំទ្រប៉ាឡេស្ទីន នៅមុខសេតវិមានទៀតសោតក៏មិនបានទៅជំរុញរដ្ឋបាលលោកចូ បៃដិនឲ្យប្តូរចិត្តឈប់ការពារអ៊ីស្រាអែល នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប៉ុន្តែ ទើបតែការវាយប្រហាររបស់អ៊ីស្រាអែលដែលបានសម្លាប់បុគ្គលិកស្ម័គ្រចិត្តរបស់អង្គការក្រៅរដ្ឋាភិបាលអាមេរិក នៅថ្ងៃចន្ទដើមសប្តាហ៍នេះដែលធ្វើឲ្យរដ្ឋាភិបាលអាមេរិករបស់លោកចូ បៃដិនប្តូរជំហររបស់ខ្លួន ពីការទាមទារ មកជាការដំឡើងសំឡេងគំរាមអ៊ីស្រាអែល ពីរឿងជំនួយឥតលក្ខខណ្ឌរបស់អាមេរិក។
តាមសេចក្តីប្រកាសរបស់សេតវិមាន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល ៣០នាទី លោកប្រធានាធិបតីអាមេរិក ចូ បៃដិនបានបញ្ជាក់ទៅនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេចាមីន នេតាន់យ៉ាហ៊ូថា គោលនយោបាយគាំទ្ររបស់អាមេរិកនៅពេលនេះ អាស្រ័យទាំងស្រុងទៅលើវិធានការសកម្មភាពជាក់ស្តែង និងបន្ទាន់របស់អ៊ីស្រាអែលនៅក្នុងការទប់ស្កាត់គ្រោះមហន្តរាយមនុស្សធម៌នៅហ្កាហ្សា។
តាំងពីអ៊ីស្រាអែលធ្វើសង្រ្គាមសងសឹកក្រុមហាម៉ាសនៅហ្កាហ្សានៅថ្ងៃទី ៧តុលា អាមេរិកបើកភ្លើងខៀវលក់អាវុធរាប់លានដុល្លារទៅឲ្យអ៊ីស្រាអែល នៅក្នុងក្របខ័ណ្ឌជំនួយយោធារបស់អាមេរិកសម្រាប់អ៊ីស្រាអែល។ តាមការចុះផ្សាយរបស់កាសែត The Washington Post នៅថ្ងៃតែមួយដែលអ៊ីស្រាអែលបាញ់ប្លោងសម្លាប់បុគ្គលិករបស់អង្គការអាមេរិក រដ្ឋបាលលោកចូ បៃដិនទើបបានយល់ព្រមឲ្យគេបញ្ជូនគ្រាប់បែករាប់ម៉ឺនគ្រាប់ទៅឲ្យអ៊ីស្រាអែល។
បើតាមសេតវិមាន ដោយសារសោកនាដកម្មស្លាប់បុគ្គលិកមនុស្សធម៌របស់អង្គការWorld Central Kitchen រដ្ឋបាលលោកចូ បៃដិនប្រើសំដីធ្ងន់ៗ ចាត់ទុកការវាយប្រហាររបស់កងទ័ពអ៊ីស្រាអែលទៅលើក្បួនរថយន្តអង្គការមនុស្សធម៌ជារឿងមិនអាចទទួលយកបាន និងបានលើកឡើងជាលើកទី១ ពីទំនាក់ទំនងគ្នារវាងជំនួយរបស់អាមេរិកសម្រាប់អ៊ីស្រាអែល និងស្ថានភាពនៅហ្កាហ្សា។ ប្រឈមនឹងការដាក់សម្ពាធពីម្ចាស់សំឡេងឆ្នោត ដែលមានដើមកំណើតអារ៉ាប់ នៅតែប៉ុន្មានខែមុនការបោះឆ្នោត ប្រធានាធិបតី លោកចូ បៃដិនត្រូវបង្ខំចិត្តទាមទារឲ្យរដ្ឋាភិបាលអ៊ីស្រាអែលត្រូវតែចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការបាត់បង់ជីវិតរបស់ប្រជាជនស៊ីវិល និងការពារសន្តិសុខឲ្យបុគ្គលិកអង្គការមនុស្សធម៌នៅហ្កាហ្សា។ មេដឹកនាំអាមេរិកនៅបានដាក់កំហិតឲ្យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរកឲ្យឃើញកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់បន្ទាន់នៅហ្កាហ្សា។ ការដំឡើងសំឡេងរបស់ប្រធានាធិបតីអាមេរិកលើកនេះ ហាក់មានប្រសិទ្ធិភាពបន្តិច ព្រោះថា នៅតែប៉ុន្មានម៉ោងក្រោយកិច្ចសន្ទនាជាមួយ លោកចូ បៃដិន ខុទ្ទការល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលអះអាងថា អ៊ីស្រាអែលបើកច្រកផ្លូវ២ ពីខាងទឹកដីអ៊ីស្រាអែលភាគខាងត្បូងដើម្បីអនុញ្ញាតឲ្យគេដឹកជំនួយមនុស្សធម៌ចូលទៅហ្កាហ្សា។ នេះជាលើកទី១ ក្នុងសង្រ្គាម៦ខែ ដែលអ៊ីស្រាអែលបើកច្រកផ្លូវដឹកនាំជំនួយមនុស្សធម៌ចូលទៅហ្កាហ្សាតាមផ្លូវគោក បន្ទាប់ពីបិទខ្ទប់រហូតមក៕
© រក្សាសិទ្ធិដោយ thmeythmey.com