ហេដ្ឋារចនាសម្ព័ន្ធ, តំបន់ទេសចរណ៍សម្បូរបែប និងអាហារសមុទ្រ ធ្វើឱ្យមានកំណើនទេសចរនៅកំពត
- ថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៧:០០ នាទី ល្ងាច

កំពត៖ មិនមែនតែកត្តាសក្ដានុពលទេសចរណ៍តែមួយមុខនោះទេ តែកត្តាហេដ្ឋារចនាសម្ព័ន្ធ និងម្ហូបអាហារ ក៏ជាកត្តាសំខាន់ ក្នុងការជំរុញឱ្យមានកំណើនទេសចរក្នុងខេត្តកំពត។ នេះបើតាមការលើកឡើងរបស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

កំពត ជាខេត្តមួយស្ថិតក្នុងតំបន់សមុទ្រ ដែលសម្បូរទៅដោយសក្ដានុពលធម្មជាតិ ប្រវត្តិសាស្រ្ត និងវប្បធម៌។ បច្ចុប្បន្ន ខេត្តកំពត បានប្រែមុខប្រែមាត់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសោភ័ណភាពក្នុងក្រុង។

ខេត្តកំពត មានតំបន់ទេសចរណ៍ចំនួន ៣៩កន្លែង ទាំងធម្មជាតិ និងកែច្នៃ។ តំបន់ទេសចរណ៍នៅខេត្តកំពត បានទាក់ចិត្តភ្ញៀវជាតិ និងអន្តរជាតិឱ្យមកកម្សាន្តមិនថាថ្ងៃចុងសប្ដាហ៍ ឬបុណ្យទានឡើយ។ ក្រៅពីមានកន្លែងកម្សាន្តច្រើន ខេត្តកំពត ក៏មានម្ហូបអាហារឆ្ងាញ់ៗ ជាពិសេសអាហារសមុទ្រ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានលើកឡើងថា ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ មានសារៈសំខាន់ក្នុងការទាក់ទាញទេសចរណ៍។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បន្តថា ការមានហេដ្ឋារចនាសម្ព័ន្ធល្អ ដែលផ្ដល់ភាពងាយស្រួលដល់ទេសចរ និងតំបន់ទេសចរណ៍សម្បូរបែប ពិសេសអាហារសមុទ្រ សុទ្ធតែរួមចំណែកដល់ការកើតមានកំណើនទេសចរ។

សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដូចតទៅ៖
ជាមួយគ្នានេះ ផលិតផលកសិកម្ម ក៏ជាផ្នែកនៃការទាក់ទាញទេសចរឱ្យមកកម្សាន្តនៅខេត្តកំពតផងដែរ។ ទុរេន មង្ឃុត សាវម៉ាវ ដូង និងម្រេចកំពត សុទ្ធតែកសិផលកសិកម្ម ដែលមានកេរ្តិ៍ឈ្មោះទាំងក្នុងស្រុក និងក្រៅស្រុក។ កសិផលទាំងនេះ ជំរុញចិត្តឱ្យទេសចរមកភ្លក្សនៅពេលដល់រដូវផ្លែឈើ៕


© រក្សាសិទ្ធិដោយ thmeythmey.com
Tag: