ប្រធានាធិបតីអាម៉េរិក និងភរិយា ប្រកាសប្រាក់ចំណូលប្រចាំឆ្នាំ២០២៣
  • ថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤ ​​ ម៉ោង ១១:២០ នាទី ព្រឹក
ប្រធានាធិបតីអាម៉េរិក និងភរិយា ប្រកាសប្រាក់ចំណូលប្រចាំឆ្នាំ២០២៣
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងភរិយា ។ រូបភាព ៖ AP

ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន និងភរិយាទីមួយលោកស្រី Jill បានចេញផ្សាយរបាយការណ៍បង់ពន្ធសហព័ន្ធ ដោយបង្ហាញពីប្រាក់ចំណូលបានកើនឡើង ៧ភាគរយដល់ជិត ៦២ម៉ឺនដុល្លារកាលពីឆ្នាំមុន។
TTN-Free-Banner-In-Article-PC
 
យោងតាមសេចក្តីប្រកាសរបស់សេតវិមាននៅថ្ងៃទី១៥ ខែមេសា លោកប្រធានាធិបតី បៃឌិន និងលោកស្រីទីមួយ Jill សន្សំប្រាក់បាន ៤ភាគ៥ ពីចំណូលជាប្រធានសេតវិមាន និងគ្រូបង្រៀននៅមហាវិទ្យាល័យសហគមន៍នៅ Northern Virginia ។ លោក Biden មានប្រាក់បៀវត្សរ៍ចំនួន ៤០ម៉ឺនដុល្លារ ខណៈលោកស្រី Jill មានប្រាក់ចំណូល ៨៥ ៩៨៥ដុល្លារពីអាជីពក្នុងការបង្រៀនភាសាអង់គ្លេសក្នុង១ឆ្នាំ។
 
ប្រាក់ចំណូលផ្សេងទៀតបានមកពីការប្រាក់វិនិយោគ ប្រាក់សោធននិវត្តន៍ និងប្រាក់លក់សៀវភៅ។ ភាគច្រើននៃការកើនឡើងនៃប្រាក់ចំណូលបើធៀបនឹងឆ្នាំ២០២២ គឺបានមកពីការប្រាក់ដែលបានបង់ទៅគណនីធនាគារមួយរវាងប្តីប្រពន្ធ។
 
ប្រាក់ចំណូលសរុបរបស់ប្រធានាធិបតីអាម៉េរិក និងភរិយាគឺ ៦១៩ ៩៧៦ដុល្លារ ហើយអ្នកទាំងពីរបានបង់ពន្ធឲ្យសហព័ន្ធចំនួន ២៣,៧ភាគរយនៃប្រាក់ចំណូលទាំងអស់ ដែលមិនសូវមានភាពខុសគ្នាខ្លាំងពីឆ្នាំ ២០២២ ទេ។ 
 
គ្រួសាររបស់ប្រធានាធិបតី បៃឌិន ក៏បានបរិច្ចាគទឹកប្រាក់ ២០ ២៧៧ដុល្លារដល់អង្គការសប្បុរសធម៌ ដូចជាព្រះវិហារ ឬអង្គការសុខភាពសាធារណៈ ដែលស្មើនឹងប្រហែល ៣,៣ភាគរយនៃប្រាក់ចំណូល។
 
«លោកប្រធានាធិបតី បៃឌិន ជឿថា មនុស្សគ្រប់គ្នាដែលធ្វើការនៅក្នុងការិយាល័យសេតវិមានត្រូវតែបើកចំហ និងស្មោះត្រង់ជាមួយប្រជាជនអាម៉េរិក ហើយថាប្រពៃណីដ៏យូរអង្វែងនៃការចេញផ្សាយការបង់ពន្ធប្រចាំឆ្នាំរបស់ប្រធានាធិបតីនឹងត្រូវបានរក្សាទុកជារៀងរហូត»។ នេះបើតាមសារព័ត៌មាន Reuters ដកស្រង់សេចក្តីថ្លែងការណ៍របស់សេតវិមាន។ 
 
អនុប្រធានាធិបតី Kamala Harris និងស្វាមីលោក Douglas Emhoff ក៏បានចេញរបាយការណ៍បង់ពន្ធដោយបង្ហាញថា ពួកគេមានប្រាក់ចំណូលចំនួន ៤៥០ ៣៨០ដុល្លារ សម្រាប់ឆ្នាំ ២០២៣ បង់ពន្ធសហព័ន្ធចំនួន ៨៨៥៧០ដុល្លារ និងការបរិច្ចាគសប្បុរសធម៌ចំនួន ២៣ ០២៦ដុល្លារ៕ 

អ្នកសរសេរអត្ថបទ

ធន់ សេងហុង បានចាប់ផ្តើមការងារជាអ្នកសារព័ត៌មាននៅ សារព័ត៌មានថ្មីៗ ក្នុងឆ្នាំ២០២២។ បច្ចុប្បន្ននេះ សេងហុងកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយ នៅសកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ប្រទេសវៀតណាម។ សេងហុង ជាអ្នកតាមដានព័ត៌មានជាតិ និងអន្តរជាតិ ផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច ។ Thun Senghong is a freelancer national and international news reporter at Thmey Thmey. He is currently studying at UEH University in Vietnam. He aims to cover current issues in economy.

© រក្សាសិទ្ធិដោយ thmeythmey.com
Tag:

ធន់ សេងហុង (THUN Senghong)